​ដោយ​: ដេប៉ូ​/​ព្រះវិហារ​: រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងបរិស្ថាន​ដែល​កំពុង​ការពារ និង​អភិរក្ស​តំបន់ការពារធម្មជាតិ​បានផ្តល់​នូវ​ការគាំទ្រ លើ​ការអភិវឌ្ឍ​ជីវភាព​របស់​ប្រជា​សហគមន៍​ដោយ​ជំរុញ​លើ​ការអភិវឌ្ឍ​ផ្នែក​ទេសចរណ៍ធម្មជាតិ​ផ្សារភ្ជាប់​ទឹកដី និង​ការផ្តល់​ពូជ​សត្វ និង​រុក្ខជាតិ​ហូប​ផ្លែ ដើម្បី​បងប្អូន​ចិញ្ចឹម និង​ដាំ​សម្រាប់​សន្តិសុខ​ស្បៀង​របស់​សហគមន៍​។ នេះ​គឺជា​ការ​ថ្លែង របស់ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន កាលពី​ថ្មីៗ​មកនេះ​នៅក្នុង អំឡុងពេល​ចុះ​ទស្សនកិច្ច​សិក្សា​ស្វែងយល់​ពី​ការចូលរួម​របស់​សហ​គម​ន៍​តំបន់ការពារធម្មជាតិ​ជាំ​ពេន ក្នុង​ដែនជម្រកសត្វព្រៃ​បឹង​ពែ ភូមិសាស្ត្រ​ឃុំ​រម​ទ​ម្យ ស្រុក​រវៀង ខេត្តព្រះវិហារ​។​

​លោក​រដ្ឋលេខាធិការ បានបញ្ជាក់​ថា​សហគម​ន៍​តំបន់ការពារធម្មជាតិ​ដែល​ត្រូវបាន​បង្កើតឡើង និង​ទទួលស្គាល់​ដោយ​ក្រសួងបរិស្ថាន​បាន និង​កំពុង​ដើរតួនាទី​យ៉ាងសំខាន់​ជា​របង​ក្នុងការ​ការពារ​តំបន់ការពារធម្មជាតិ​ឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ​ថែមទៀត​។

​សហគមន៍​តំបន់ការពារធម្មជាតិ​ដែល​ត្រូវបាន​បង្កើតឡើង នៅ​ទូទាំងប្រទេស​កម្ពុជា​គិត​ត្រឹម​ខែឧសភា ឆ្នាំ​២០២២ នេះ ត្រូវបាន លោក នេត្រ ភក្ត្រា គូសបញ្ជាក់​ឱ្យដឹងថា​មាន​ចំនួន ១៨២ ដែលមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ចំនួន ៥៥.៤៤៦ គ្រួសារ នៅក្នុង ៣៣៥ ភូមិ ក្នុង​១០៨ ឃុំ ក្នុង ១៦​ខេត្ត និង​ចូលរួម​គ្រប់គ្រង​អភិរក្ស​លើ​ផ្ទៃដី​ព្រៃ​ចំនួន ៣០៩.៤៦៣ ហិកតា​។

​លោក នេត្រ ភក្ត្រា បាន​ថ្លែងថា​សហគមន៍​តំបន់ការពារធម្មជាតិ​ជាំ​ពេន ត្រូវបាន​បង្កើតឡើង​កាលពី ឆ្នាំ​២០០៥ មាន​ផ្ទៃដី ៣.៤៤៥​ហិកតា ដែលជា​ប្រភេទ​ព្រៃ ស្រោង និង​ព្រៃរបោះ​លាយ​គ្នា ហើយ​សមាជិក​សហគម​ន៍ ដែលជា​ជនជាតិដើម​ភាគតិច​គួ​យ​បាននិងកំពុង​ថែរក្សា​ការពារ​ព្រៃ​សហគមន៍​បាន​យ៉ាង​ល្អប្រសើរ​ដោយ​សហគមន៍​បាន​សហការ​យ៉ាង​ស្អិតរ​មួ​ត​ជាមួយ​អាជ្ញាធរ​ភូមិ​ឃុំ និង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​មន្ទីរ​បរិស្ថាន ខេត្តព្រះវិហារ​ដើម្បី​ចុះ​ល្បាត​ជាប្រចាំ​។ ជាមួយគ្នានេះ សមាជិក​សហគមន៍​ក៏​បាននិងកំពុង​ប្រមូល​អនុផល​ព្រៃឈើ​ផ្សេងៗ​រួមមាន​ការប្រកបរ​បរ​ដង​ជ័រ​ច្បោះ ការប្រមូល​ផល​ទឹកឃ្មុំ និង​អនុផល​ព្រៃឈើ​ផ្សេងទៀត​។

​លោក នេត្រ ភក្ត្រា បាន​ថ្លែង​លើកទឹកចិត្ត​ដល់​សហគមន៍ និង​ជំរុញ​ឱ្យ​សហគមន៍​សហការ​បន្ថែម​ជាមួយ​មន្ត្រី​ជំនាញ​ក្រសួងបរិស្ថាន និង​អ្នកពាក់ព័ន្ធ​នានា​ដើម្បី​ប្រែក្លាយ​តំបន់​នេះ​ជា​កន្លែង​ទេសចរណ៍ធម្មជាតិ ជាមួយ​សក្តានុពល​ដែល​ខ្លួន​មានដូចជា​ប្រពៃណី​នៃ​ការរស់នៅ​ចិញ្ចឹមជីវិត​របស់​ជនជាតិ​ដើម​ភាគតិច ប្រពៃណី​នៃ​ការ​ដង​ជ័រ​ច្បោះ ការរក​ឃ្មុំ និង​ធនធានធម្មជាតិ​នៅក្នុង​សហគមន៍​តំបន់ការពារធម្មជាតិ​នេះ​។

​ព្រៃ​សហគមន៍​តំបន់ការពារធម្មជាតិ​ជាំ​ពេន​ដែល​ត្រូវបាន លោក នេត្រ ភក្ត្រា ពិពណ៌នា​ថា​ត្រូវបាន បងប្អូន​សហគមន៍​ជនជាតិដើម​ភាគតិច​សហការ​ជាមួយ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ការពារ និង​អភិរក្ស​បាន​យ៉ាង​ល្អ​។​

​ទន្ទឹមនឹងនេះ លោក រដ្ឋលេខាធិការ​បាន​ណែនាំ​សហគមន៍​ឱ្យខិត​ខំ​ចិញ្ចឹម សត្វ ដាំ​បន្លែបង្ការ និង​ការសិក្សា​ពី​របៀប​ធ្វើ​បដិសណ្ឋារកិច្ច ភ្ញៀវទេសចរ និង​ជាពិសេស​គឺ​ការរៀបចំ​របៀប​ចម្អិនម្ហូប​បែប សហគមន៍​មូលដ្ឋាន​ឱ្យមាន​ឱរស​ជាតិ​ឈ្ងុយឆ្ងាញ់​ដើម្បី​ទាក់ទាញ​ទឹកចិត្ត​ភ្ញៀវទេសចរ​ឱ្យមក​ទស្សនា​កម្សាន្ត និង​ភ្លក្ស​ម្ហូប​របស់​បងប្អូន​ជនជាតិដើម​ភាគតិច ព្រមទាំង​រៀបចំផ្ទះ​ស្នាក់នៅ ឬ​កន្លែង​បោះតង់ និង​បន្ទប់​អនាម័យ​ឱ្យបាន​ស្អាត និង​មាន​អនាម័យ​ល្អ​។ ទាំងនេះ​គឺជា​គ្រឿង​ទាក់ទាញ​ទឹកចិត្ត​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ឱ្យមក​ទស្សនា​កម្សាន្ត​នៅទីនេះ​។​

​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​លើកឡើងថា នៅក្នុង​វិធានការ​បង្កើន​ប្រសិទ្ធភាព​នៃ​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ ក្រសួងបរិស្ថាន​មិន​ត្រឹមតែ​បន្ត​ពង្រឹង​លើ​ការអនុវត្ត​ច្បាប់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បាន​ផ្តោត​សំខាន់​លើ​ការអភិវឌ្ឍ និង​បង្កើន​ជីវភាព​របស់​ប្រជា​សហគមន៍​តំបន់ការពារធម្មជាតិ​។ កន្លងមកនេះ ក្រសួងបរិស្ថាន​បានផ្តល់​ពូជ​សត្វ​ក្របី គោ ពពែ សត្វ​ចៀម ជ្រូក​ជាដើម ។​

​មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន បាន​ជំរុញ​និង​លើកទឹកចិត្ត​សហគមន៍​តំបន់ការពារធម្មជាតិ​បន្ត​ចូលរួម​ឱ្យ​កាន់តែ​សកម្ម​ខ្លាំង​បន្ថែមទៀត​ជាមួយ​ក្រសួងបរិស្ថាន​ដើម្បី​បង្កើត​សេដ្ឋកិច្ច​មូលដ្ឋាន និង​ការពារ​អភិរក្ស​ធនធានធម្មជាតិ​។

​ទាក់ទិន​ក្នុង​រឿងនេះ​ដែរ លោក​បានបញ្ជាក់​បន្ថែម​ថា​៖ «​អ្វីដែល​យើងទាំងអស់គ្នា​បានធ្វើ​លើ​ការបង្កើន​ជីវភាព​ប្រជាពលរដ្ឋ កាត់ផ្តាច់​ការពឹង​អាស្រ័យ​ទាំងស្រុង​លើ​ធម្មជាតិ​គឺជា​ដំណើរ​ដ៏​ត្រឹមត្រូវ​មួយ ហើយ​ការបង្កើត​ជម្រើស​មុខរបរ​ថ្មី បង្កើន​ជីវភាព​ពលរដ្ឋ​នៅក្នុង​តំបន់​សហគមន៍​គឺជា​យុទ្ធសាស្ត្រ​ដំណោះស្រាយ​ដ៏​មាន​ប្រសិទ្ធភាព​សម្រាប់​ការអភិរក្ស​ធនធានធម្មជាតិ​របស់​កម្ពុជា​»៕​