​ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​ទឹកទន្លេ​មេគង្គ​ចាប់ផ្តើម​មាន​ចលនា​ជន់​ឡើង​ហើយ ក្រោយពី​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​នៅ​តំបន់​អាង​ទន្លេមេគង្គ​លើ តែ​ឡើង​មិនទាន់​ខ្លាំង​នៅឡើយ​ទេ និង​ភ្លៀង​នៅ​បន្ត​មាន​ធ្លាក់​ច្រើន​ថែមទៀត​រាល់ថ្ងៃ​នៅ​តំបន់​អាង​ទន្លេមេគង្គ​លើ​។​

​លោក​ម៉ៅ ហាក់ មន្ត្រី​ជំនាញ​របប​ជល​សាស្ត្រ​នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២២​ថា ទឹកទន្លេ​មេគង្គ​នៅ​ផ្នែក​ខាងលើ​ចាប់ផ្តើម​មាន​ចលនា​ងើបឡើង​តិចៗ​ហើយ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​នៅ​តំបន់​អាង​ទន្លេមេគង្គ​លើ​រួចមក តែ​មិនទាន់មាន​ជា​ជំនន់​កើតឡើង​នៅឡើយ​ទេ​។​

​លោក​ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​១៨ ខែឧសភា​ថា កន្លងទៅនេះ​នៅ​តំបន់​អាង ទន្លេមេគង្គ​លើ​មាន​ភ្លៀង​ធ្លាក់​តិច​ច្រើន​រាល់ថ្ងៃ និង​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​ក៏​នៅតែ​ឃើញ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ថែមទៀត​នៅ​តំបន់​អាង​ទន្លេមេគង្គ​លើ​នឹង​ធ្វើឱ្យ​ទឹកទន្លេ​មេគង្គ​ចាប់ផ្តើម​ងើបឡើង​ហើយ​។​

​ស្ថានភាព​ទឹកទន្លេ​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២២ នៅ​ស្ថានីយ​ជល​សាស្ត្រ​មេគង្គ​ស្ទឹងត្រែង ទឹក​មាន​កម្ពស់​៣,៧២​ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​១៧ ខែឧសភា ០,១២​ម៉ែត្រ ឆ្នាំ​២០២១​ទឹក​មាន​កម្ពស់​៣,១៣​ម៉ែត្រ និង​កម្ពស់​ទឹក​មធ្យម​ច្រើន​ឆ្នាំ​២,៨៥​ម៉ែត្រ​។ ស្ថានីយ​មេគង្គ ក្រចេះ​ទឹក​មាន​កម្ពស់ ៩,៦១​ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​១៧ ខែឧសភា ០,២៧​ម៉ែត្រ ឆ្នាំ​២០២២​ទឹក​មាន​កម្ពស់​៨,២២​ម៉ែត្រ និង​កម្ពស់​ទឹក​មធ្យម​ច្រើន​ឆ្នាំ​៧,៧៧​ម៉ែត្រ​។ ស្ថានីយ​មេគង្គ​កំពង់ចាម​ទឹក មាន​កម្ពស់​៤,២៤​ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​១៧ ខែឧសភា ០,១៦​ម៉ែត្រ ឆ្នាំ​២០២១​ទឹក​មាន​កម្ពស់ ៣,៣៦​ម៉ែត្រ និង​កម្ពស់​ទឹក​មធ្យម​ច្រើន​ឆ្នាំ​៣,៤២​ម៉ែត្រ​។ ទន្លេបាសាក់​ចតុមុខ ទឹក​មាន​កម្ពស់​២,៥៣​ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​១៧ ឧសភា ០,០៤​ម៉ែត្រ ឆ្នាំ​២០២១​ទឹក​មាន​កម្ពស់​២,១០​ម៉ែត្រ និង​កម្ពស់​ទឹក​មធ្យម​ច្រើន​ឆ្នាំ​២​ម៉ែត្រ​។ ស្ថានីយ​មេគង្គ អ្នក​លឿង មាន​កម្ពស់​១,៦៦​ម៉ែត្រ​ខ្ពស់ជាង​ថ្ងៃទី​១៧ ខែឧសភា ០,១០​ម៉ែត្រ​, ឆ្នាំ​២០២១ ទឹក​មាន​កម្ពស់ ១,៣៦​ម៉ែត្រ និង​កម្ពស់​ទឹក​មធ្យម​ច្រើន​ឆ្នាំ ១,៤៤​ម៉ែត្រ​។ ស្ថានីយ​មេគង្គ ទន្លេបាសាក់ កោះ​ខែល មាន​កម្ពស់ ២,៤៨​ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​១៧ ខែឧសភា ០,០៤​ម៉ែត្រ ឆ្នាំ​២០២២​ទឹក​មាន​កម្ពស់ ២,១៤​ម៉ែត្រ និង​កម្ពស់​ទឹក​មធ្យម​ច្រើន​ឆ្នាំ ២,៣០​ម៉ែត្រ​។ ស្ថានីយ​ទន្លេសាប ព្រែក​ក្តាម មាន​កម្ពស់ ១,៦៨​ម៉ែត្រ​ខ្ពស់ជាង​ថ្ងៃទី​១៧ ខែឧសភា ០,១៥​ម៉ែត្រ ឆ្នាំ​២០២១​ទឹក​មាន​កម្ពស់ ១,១៣​ម៉ែត្រ និង​កម្ពស់​ទឹក​មធ្យម​ច្រើន​ឆ្នាំ ១,៣០​ម៉ែត្រ​។ បឹង​ទន្លេសាប មាន​កម្ពស់ ១,១០​ម៉ែត្រ​ខ្ពស់ជាង​ថ្ងៃទី​១៧ ខែឧសភា ០,០១​ម៉ែត្រ ឆ្នាំ​២០២១ ទឹក​មាន​កម្ពស់ ០,៦៣​ម៉ែត្រ និង​កម្ពស់​ទឹក​មធ្យម​ច្រើន​ឆ្នាំ ០,៨២ ម៉ែត្រ​។​


តាម​ការ​ព្យាករ​កម្ពស់​ទឹកទន្លេ​ដោយ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា​សម្រាប់​ពីថ្ងៃ​ទី​១៧ ដល់​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២២ បង្ហាញឱ្យឃើញថា នៅ​គ្រប់​ស្ថានីយ​ជលសា​ស្ត្រ​នៃ​ទន្លេ​ទាំង​បួន ជាពិសេស​ទឹកទន្លេ​មេគង្គ​តាំងពី​នៅក្នុង​ប្រទេស​ថៃ ឡាវ កម្ពុជា និង វៀតណាម​ឃើញ​មានការ​ងើបឡើង​ជា​លំដាប់​រាល់ថ្ងៃ ដោយនៅ​ថ្ងៃទី​២៣ ខែឧសភា​នៅ​ស្ទឹងត្រែង​ទឹក​អាច​នឹង​ឡើងដល់​កម្ពស់ ៤,៩៦​ម៉ែត្រ នៅ​ក្រចេះ​ទឹក​អាង​នឹង​ឡើងដល់​កម្ពស់ ១០,៣៤​ម៉ែត្រ នៅ​ខេត្ត​កំបង់​ចាម​ទឹក​អាច​នឹង​ឡើងដល់​កម្ពស់ ៥,១៥ ម៉ែត្រ នៅ​រាជធានី​ភ្នំពេញ​ទឹក​អាច​ឡើងដល់​កម្ពស់ ៣​ម៉ែត្រ នៅ​អ្នក​លឿង​ទឹក​អាច​ឡោះ​ង​ដល់​កម្ពស់ ២,៦០​ម៉ែត្រ នៅ​ព្រែក​ក្តាម​ទឹក​អាច​ឡើងដល់ ២,០៣​ម៉ែត្រ​៕​