ប្រែសម្រួលៈបំណង(ដេល្លីម៉េល,ស្ត្រេតថែមស៍)៖នៅពេលជប៉ុនត្រៀមទទួលមេដឹកនាំអាម៉េរិក ឥណ្ឌា អូស្ត្រាលីនិងជប៉ុនខ្លួនឯងនៅសប្តាហ៍នេះសំរាប់ជំនួបកំពូលសម្ពន្ធភាពយោធាចតុភាគីហៅថាក្វាដ(Quad) រដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាង យី បានរំលឹកកាលពីថ្ងៃពុធទី១៨ឧសភានេះថា កិច្ចសហការរបស់ជប៉ុនជាមួយអាម៉េរិកមិនគួរនាំមកការប្រឈមមុខក្នុងចំណោមក្រុមបក្ខសម្ពន្ធទេ។
លោកវ៉ាងបានប្រាប់ទៅសមភាគីជប៉ុន លោកយ៉ូស៊ីម៉ាសា ហាយ៉ាស៊ី(Yoshimasa Hayashi)ក្នុងការសន្ទនាតាមវីដេអូបន្តផ្ទាល់មួយដោយលោកនិយាយថាជប៉ុននិងសហរដ្ឋអាម៉េរិកកំពុងសហការគ្នាប្រឆាំងចិនយ៉ាងសកម្មហើយបង្កើត«បរិយាកាសអាក្រក់»មួយ នេះបើតាមសេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់ក្រសួងការបរទេស។
ប្រតិកម្មរបស់លោកវ៉ា យី កើតឡើងភ្លាមបន្ទាប់ពីសមភាគីជប៉ុនបានទទូចសុំអោយរដ្ឋាភិបាលទីក្រុងប៉េកាំង«ដើរតួនាទីបែបទទួលខុសត្រូវ»មួយចំពោះការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន។
សូមបញ្ជាក់ថា ជប៉ុនបានចូលរួមជាមួយសម្ពន្ធមិត្តលោកខាងលិចក្នុងការដាក់ទណ្ឌកម្មតឹងរ៉ឹងលើរុស្ស៊ី ដោយសារតែរដ្ឋាភិបាលទីក្រុងមូស្គូបញ្ជូនទ័ពចូលលុកលុយប្រទេសក្បែរខាងអ៊ុយក្រែន នៅពេលរដ្ឋាភិបាលទីក្រុងប៉េកាំងជៀសវាងការថ្កោលទោសរុស្ស៊ីនិងមិនគាំទ្រទណ្ឌកម្ម។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសជប៉ុនបាននិយាយនៅថ្ងៃពុធនេះថា រដ្ឋមន្ត្រីការបរទេសជប៉ុន លោកយ៉ូស៊ីម៉ាសា ហាយ៉ាស៊ី បានប្រាប់សមភាគីចិនថា ការឈ្លានពានរបស់រុស្ស៊ីជា«ការរំលោភច្បាស់ណាស់ចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។លោកទទូចសុំអោយចិនដើរតួនាទីបែបទទួលខុសត្រូវមួយនៅក្នុងការថែរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ»។
តែលោកវ៉ាង យី បាននិយាយថា កិច្ចសហការរបស់ជប៉ុនជាមួយអាម៉េរិកមិនគួរ«បង្កការប្រឈមមុខក្នុងចំណោមក្រុមបក្ខពួក»ទេ។
វាជាការសន្ទនាលើកដំបូងរវាងប្រមុខការទូតនៃប្រទេសមហាអំណាចសេដ្ឋកិច្ចអាស៊ីទាំងពីរ ចាប់តាំងពីខែវិច្ឆិកាឆ្នាំមុន ចំពេលមានកំណើនភាពតានតឹងអំពីភូមិសាស្ត្រនយោបាយ
តាមពិតចិននិងរុស្ស៊ីក៏បង្កើតកិច្ចសហការគ្រប់ជ្រុងជ្រោយរវាងគ្នា ដោយរដ្ឋាភិបាលទីក្រុងប៉េកាំងបដិសេធមិនថ្កោលទោសរុស្ស៊ីជារៀងរហូតមកនិងថាទណ្ឌកម្មមិនជាផ្លូវចេញពីវិបត្តិនេះទេ។
កិច្ចពិភាក្សានេះកើតឡើងនៅពេលប្រធានាធិបតីអាម៉េរិកប្រុងនឹងធ្វើដំណើរមកកាន់ជប៉ុននៅសប្តាហ៍នេះក្រោយឈប់សំចតនៅក្រុងសេអ៊ូល។លោកនឹងជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុនហើយនឹងចូលរួមកិច្ចប្រជុំក្រុមចតុភាគីហៅថាQuad ដែលនឹងរួមមានអូស្ត្រាលីនិងឥណ្ឌាផងដែរ។
ក្រុមនេះត្រូវបានគេមើលឃើញជាទូទៅថា ត្រូវបានបង្កើតឡើងដើម្បីដាក់សម្ពាធនិងទប់ឥទ្ធិពលចិន ដែលកំពុងបង្កើនទម្ងន់សេដ្ឋកិច្ចនិងយោធានៅក្នុងតំបន់។ជប៉ុនចាត់ទុកការបង្កើនកម្លាំងយោធាចិនថាគួរអោយព្រួយបារម្ភ និងលោករដ្ឋមន្ត្រីការបរទេស ហាយ៉ាស៊ីបានលើកបញ្ហានានារួមទាំងកោះជម្លោះនៅសមុទ្រចិនខាងកើតនិងសមុទ្រចិនខាងត្បូងក្នុងជំនួបជាមួយលោកវ៉ាង ។
ចិនជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ជប៉ុន ហើយរដ្ឋាភិបាលទីក្រុងតូក្យូមិនចង់ធ្លាក់ក្នុងជម្លោះរវាងរដ្ឋាភិបាលក្រុងប៉េកាំងនិងវ៉ាស៊ីនតោនទេ។
រដ្ឋមន្ត្រីការបរទេសជប៉ុនលោក ហាយ៉ាស៊ី បានប្រាប់សមភាគីចិនថា មតិសាធារណៈនៅជប៉ុនមិនល្អប៉ុន្មានទេចំពោះចិន ដូច្នេះ«យើងគួរនិងយាយអ្វីដែលចាំបាច់និយាយនិងចូលរួមពាក់ព័ន្ធក្នុងការសន្ទនាគ្នា»៕