ដោយៈសុផល/ភ្នំពេញ: សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ បានចាត់លោក ឌួង អេលីត នាយកពិធីការសម្តេច ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងនាំយកគ្រឿងឧបភោគបរិភោគមួយចំនួន ព្រមទាំងបច្ច័យ ២០លានរៀលជូនកញ្ញា សុវត្ថិឌី ធារិកា និងក្រុមគ្រួសារ ចំពោះមរណភាពលោកឪពុក និងអ្នកម្តាយបង្កើតកាលពីថ្ងៃទី១៧ ខែឧសភាដោយគ្រោះថ្នាក់ចរាចរណ៍។
ក្នុងឱកាសចូលរួមបុណ្យសពដោយផ្ទាល់លោក ឌួង អេលីត បានអាននូវសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមសោកស្តាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសព។មរណភាព លោកឪពុក អ្នកម្តាយ របស់កញ្ញាសុវត្ថិឌី ធារីកា គឺជាការបាត់បង់នូវអ្នកមានគុណដ៏ធំធេងបំផុត ប្រកបដោយគុណធម៌ ព្រហ្មវិហារធម៌ មានទឹកចិត្តសន្តោសប្រណី ដែលពេញក្នុងមួយជីវិតរបស់លោកទាំងពីរបានប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ថែរក្សាអប់រំ ផ្តល់ដំបូន្មានល្អៗដល់កូនៗ និងក្រុមគ្រួសារ ឲ្យបានក្លាយជាធនធានមនុស្សដ៏ល្អប្រពៃថ្លៃថ្លាក្នុងសង្គមជាតិ ដោយពុំអាចបំភ្លេចបាន។
ស្ថិតក្នុងមរណទុក្ខដ៏ក្រៀមក្រំនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការីទាំងអស់ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោកទាំងអស់ សូមប្រោសដួងវិញ្ញាណក្ខន្ធ លោកឪពុក អ្នកម្តាយ របស់កញ្ញាសុវត្ថិឌី ធារីកា បានទៅកាន់ក្នុងសុគតិភពជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។
សម្រាប់គ្រឿងឧបភោគបរិភោគ និងបច្ច័យរួមមាន អង្ករ ១០០គីឡូក្រាម មី ៥កេស ត្រីខ ៥០កំប៉ុង ទឹកក្រូច ៥កេស និងថវិកា ២០លានរៀល។
សពឪពុកម្តាយរបស់តារាចម្រៀងរូបនេះ កំពុងត្រូវបានក្រុមគ្រួសារយកទៅតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅវត្តស្ទឹងមានជ័យ នឹងបូជានៅវេលាម៉ោង៤ល្ងាច ថ្ងៃទី១៩ ខែឧសភាស្អែកនេះ។
គួរជម្រាបថា រថយន្ដរបស់តារាចម្រៀង សុវត្ថិឌី ធារិកា ជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ដោយខ្លួនឯង បណ្ដាលឲ្យស្លាប់ឪពុក និងម្ដាយ នៅរសៀលថ្ងៃទី១៧ ខែឧសភា ក្រោយត្រឡប់មកពីចូលរួមកម្មវិធីមួយនៅស្រុកឆែប ខេត្តព្រះវិហារ៕សរន