ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានស្នើ​សុំ​ឲ្យ បារាំង ជួយ​កសាង​ស្ថានីយ​ប្រតិកម្ម​ទឹក​កខ្វក់ មួយកន្លែង​ទៀត នៅ​ខាងជើង ឆៀង​ខាងលិច រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​បរិស្ថាន​ទឹក​ល្អប្រសើរ មុននឹង​ហូរ​ចូល ទៅ​ដង​ទន្លេសាប​។​

​ការស្នើសុំ​បែបនេះ​របស់លោក​អភិបាល រាជធានី​ភ្នំពេញ បានធ្វើ​ឡើង ក្នុងឱកាស​ដែល លោក​បានទទួល​ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោក ហ្សា​ក់ ប៉ឺ​ឡេ ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​បារាំង ប្រចាំ​ព្រះរាជាណាចក្រ កម្ពុជា នៅ​រសៀល​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២២ នេះ នៅ​សាលា​រាជធានី​ភ្នំពេញ ។​

​លោក ឃួ​ង ស្រេង បាន​មានប្រសាសន៍ថាៈ អង្គការ jica របស់​ជប៉ុន បាន​ជួយ​កម្ពុជា ជាច្រើន ពិសេស​នៅ​រាជធានី​ភ្នំពេញ ដោយបាន​កសាង​ស្ថានីយ​ទឹក​កខ្វក់ ជាច្រើន​កន្លែង នៅ​រាជធានី​ភ្នំពេញ​។​

​ដោយឡែក នៅ​ខាងជើង​ភាគ​ខាងលិច រាជធានី​ភ្នំពេញ មិនទាន់មាន​ស្ថានីយ​ទឹក​កខ្វក់ នៅឡើយ​ទេ​។ ដូច្នេះ​លោក​ស្នើ​សុំឱ្យ បារាំង ជួយ​រាជធានី​ភ្នំពេញ ក្នុង​ការកសាង​ស្ថានីយ៍ ទឹក​កខ្វក់ មួយកន្លែង​នេះ ដើម្បី​ទុក​ឲ្យ​ក្មេងជំនាន់ក្រោយ បាន​ប្រើប្រាស់​។ ទោះបី​ជួយ​ជា កម្ចី ឬក៏​ជា​ជំនួយឥតសំណង​ក្តី​។​

​បន្ថែម​ពីលើ​នេះ លោក ឃួ​ង ស្រេង ក៏បាន​ស្នើឱ្យ​ភាគី​បារាំង ជួយ​ដោះស្រាយ​ទៅលើ​បញ្ហា កកស្ទះ​ចរាចរណ៍ នៅក្នុង​រាជធានី​ភ្នំពេញ ផងដែរ ដោយសារតែ​រាជធានី​ភ្នំពេញ មានការ​កកស្ទះ​ចរាចរណ៍ រាល់ថ្ងៃ ។​

​លោក ឃួ​ង ស្រេង ក៏បាន​បញ្ជាក់ថាៈ ចំពោះ​ស្ថានទូត​បារាំង ប្រចាំ​នៅ​ព្រះរាជាណាចក្រ កម្ពុជា រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ជួយ​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ គ្រប់បែបយ៉ាង ហើយ​បើ​ស្ថានទូត ត្រូវ​ការឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ជួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ជួយ​សម្រួល​គ្រប់​ការងារ ដែល​ស្ថានទូត​បារាំង ត្រូវការ​ផងដែរ ។​

​លោក ឃួ​ង ស្រេង នៅក្នុង​ឱកាស​នោះ ក៏បាន​លើកឡើង ពី​ស្ថានភាព​របស់ ព្រះរាជា​ណា ចក្រ​កម្ពុជា​ផងដែរ ដោយ​លោក​បញ្ជាក់ថា ប្រទេស​កម្ពុជា បាន​ឆ្លងកាត់​របប ប៉ុលពត យើ​យ​ក្រោយ​ឆ្នាំ​១៩៧៩ ប្រទេសជាតិ ស្ថិតនៅ​ចំណុចសូន្យ តែ​ក្រោម​ការដឹកនាំ​របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានធ្វើ​ឲ្យ​ប្រទេស​ដ៏​កំសត់​មួយ​នេះ មានការ​អភិវឌ្ឍ រីកចម្រើន រហូតមកដល់​សព្វថ្ងៃ​នេះ​។​

​លោក ហ្សា​ក់ ប៉ឺ​ឡេ ក្នុងឱកាស​នោះ ក៏បាន​សម្តែង​នូវ​ការកោតសរសើរ យ៉ាងខ្លាំង ចំពោះ​ការអភិវឌ្ឍ រីកចំរើន​របស់​រាជ​ធានី​ភ្នំពេញ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ ចុងក្រោយ​នេះ ដោយមាន​សំណង់ អាគារ​ខ្ពស់ៗ ជាមួយ​ផ្លូវ​ខ្វាត់ខ្វែង ខុសពី​ឆ្នាំ​១៩៩៥ ដាច់ស្រឡះ តែម្តង​។​

​លោក​បាន​បន្តថាៈ ប្រទេស​កម្ពុជា គឺ​ពិតជា​មានការ​មមាញឹក​ខ្លាំង ចំពោះ​ការរៀបចំ សន្តិសុខ​សណ្តាប់ធ្នាប់ ដោយសារតែ​ជិត​ដល់​ថ្ងៃ​បោះឆ្នោត ក្រុមប្រឹក្សា ឃុំ សង្កាត់ នៅ​ថ្ងៃទី​៥ ខែមិថុនា ខាងមុខនេះ ។ ចំណែក​ប្រទេស​បារាំង ក៏ត្រូវ​បោះឆ្នោត​នៅ​ថ្ងៃទី​៥ ខែមិថុនា ខាងមុខ​នេះដែរ​។ ដូច្នេះ លោក​ស្នើសុំ​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ជួយ​ការពារ សន្តិសុខ និង​សណ្តាប់ធ្នាប់ ប្រជាពលរដ្ឋ​របស់​បារាំង នៅ​ភ្នំពេញ ដែល​ត្រូវ​បោះឆ្នោត​ផង​។​

​លោក ហ្សា​ក់ ប៉ឺ​ឡេ ក៏បាន​ស្នើ​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ធ្វើការ​អភិរក្ស​នូវ បេតិកភណ្ឌ ចាស់ៗ ដែល​នៅ​សេសសល់ ព្រោះ​វា​ជាការ​ទាក់ទាញ​ភ្ញៀវ​ជាតិ អន្តរជាតិ ឱ្យមក​ដើរលេង កម្សាន្ត នៅ​រាជធានី​ភ្នំពេញ ។ បន្ថែម​ពីនេះ លោក បានលើកឡើង ពី​គម្រោង​សិក្សា​កសាង នូវ​រទេះភ្លើង​ល្បឿន​លឿន នៅ​ភ្នំពេញ​ផងដែរ ក្រោយពី​សិក្សា​រួច រយៈពេល ១០ ឆ្នាំ​ហើយ​៕/V​