ដោយៈ បាយ័ន / សៀមរាបៈ ត្រឹមឆ្នាំ ២០២២នេះ ការពង្រីកបណ្តាញផ្គត់ផ្គង់អគ្គិសនី ទូទាំងប្រទេស សម្រេចបាន ៩៨ ភាគរយ នៃចំនួនភូមិសរុប នៅក្នុងប្រទេសកម្ពុជា។ នេះជាការអះអាងរបស់លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅពេលលោក បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែង ប្រធានមន្ទីរ រ៉ែ និងថាមពល ខេត្តសៀមរាបនេះ ។
យោងតាមប្រកាសរបស់ក្រសួងរ៉ែ និងថាមពល លោក ឡេង លាត បានត្រូវសម្រេច តែងតាំង ជាប្រធានមន្ទីរ រ៉ែ និងថាមពល ខេត្តសៀមរាប ។ នេះបើតាមការផ្សាយ របស់ សាលាខេត្តសៀមរាប នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ នេះ ។
នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ស៊ុយ សែម បានថ្លែងថាៈ បច្ចុប្បន្ននេះ ប្រទេសកម្ពុជា មានលទ្ធភាពផ្គត់ផ្គត់អគ្គិសនី ប្រមាណជា ៣.៨០០ មេហ្គាវ៉ាត់ ក្នុងនោះ ខេត្តសៀមរាប បានប្រើប្រាស់អស់ប្រមាណជា ១០០ មេហ្គាវ៉ាត់ ប៉ុន្តែដោយសារវិបត្តិនៃ ជំងឺកូវីដ-១៩ ការប្រើប្រាស់ចរន្តអគ្គិសនី នៅក្នុងប្រទេសកម្ពុជា បានធ្លាក់មកត្រឹមតែជាង ២ ពាន់មេហ្គាវ៉ាត់ ដែលកត្តានេះ បានធ្វើឲ្យអគ្គិសនីកម្ពុជា ខាតធនយ៉ាងច្រើន។
លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថាៈ បើទោះជាយ៉ាងនេះក្តី គោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានខិតខំស្វែងរកនូវ ប្រភពថាមពល មកផ្គត់ផ្គង់ ចែកចាយ ជូនប្រជាពលរដ្ឋ ឲ្យបានគ្រប់គ្រាន់ និងមានស្ថេរភាព និរន្តរភាព និងតម្លៃសមរម្យ។
លោក ស៊ុយ សែម បានបន្តថាៈ ក្នុងគោលនយោបាយផ្គត់ផ្គង់ថាមពលនេះ កម្ពុជា បានអនុវត្ត បាននូវការអូសខ្សែតភ្ជាប់ បណ្តាញចរន្តអគ្គិសនី បានចំនួន ៩៨ ភាគរយ នៃចំនួនភូមិសរុប ចំនួនប្រមាណ ១៤.៣៩០ ភូមិ នៅទូទាំងប្រទេសកម្ពុជា ។
លោកបានបន្តថាៈ ប្រជាពលរដ្ឋ ចំនួន ៨៤ ភាគរយ នៃប្រជាពលរដ្ឋ ប្រមាណ ជា ២ លាន ខ្នងផ្ទះ ក៏បានតភ្ជាប់បណ្តាញប្រើប្រាស់ រួចរាល់ហើយដែរ។ ខណៈត្រឹមឆ្នាំ ២០២២នេះ ការពង្រីកបណ្តាញផ្គត់ផ្គង់អគ្គិសនី ទូទាំងប្រទេស សម្រេចបាន ៩៨ ភាគរយ នៃចំនួនភូមិ សរុប នៅក្នុងប្រទេសកម្ពុជា។
លោក ស៊ុយ សែម បានលើកឡើងថាៈចំពោះភូមិ ២ ភាគរយ ដែលនៅសេសសល់ មិនទាន់បានបញ្ជូន បណ្តាញអគ្គិសនី ទៅនោះ ជាភូមិដាច់ស្រយាល នៅក្នុងព្រៃ គ្មានផ្លូវចូល ឬជាភូមិបណ្តែតទឹកជាដើម តែទោះជាយ៉ាងណា ក្រសួងនឹងខិតខំរកប្រភព ថាមពលផ្សេងៗ ដើម្បីផ្គត់ផ្គង់ដល់ភូមិប្រជាពលរដ្ឋទាំងនោះ។
បច្ចុប្បន្ន កម្ពុជាមានទំបន់វារីអគ្គិសនី ចំនួន៧ ដែលកំពុងដើរតួនាទីជាឆ្អឹងខ្នង នៃវិស័យថាមពល របស់កម្ពុជា។ ក្រៅពីនោះ កម្ពុជាក៏នៅមានរោងចក្រអគ្គិសនី ដែលដើរដោយថាមពលធ្យូងថ្ម និងប្រភពថាមពល ដែលទិញពីប្រទេសជិតខាងផងដែរ។
លោករដ្ឋមន្ត្រី បានផ្តាំផ្ញើដល់ប្រធានមន្ទីរ ដែលទើបនឹងឡើងកាន់តំណែងថ្មីថា ត្រូវរក្សា សាមគ្គីភាពផ្ទៃក្នុង ឱ្យកាន់តែល្អប្រសើរថែមទៀត ហើយត្រូវបន្តអនុវត្តការងារ ពីប្រធានមន្ទីរ ចាស់ ឱ្យបានជោគជ័យ។ លោក ក៏បានថ្លែងអំណរគុណ ចំពោះលោកប្រធានមន្ទីរចាស់ ដែលបានខិតខំបំពេញការងារ ក្នុងរយៈពេលកន្លងមក ដែលទទួលបានលទ្ធផលជាផ្លែផ្កា និងទទួលបានជោគជ័យ ជាច្រើនជូនខេត្ត ក៏ដូចជា រាជរដ្ឋាភិបាល ៕/V