ដោយ:ពៅនិមល/ភ្នំពេញ: សេចក្តីព្រាងច្បាប់ស្តីពី សុវត្ថិភាពម្ហូបអាហារ របស់ក្រសួងពាណិជ្ជកម្ម ត្រូវបានព្រឹទ្ធសភាអនុម័តគាំទ្រទាំងស្រុងក្នុងសម័យប្រជុំព្រឹទ្ធសភាវិសាមញ្ញនីតិកាលទី៤ កាលពីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ។
ប្រភពពីក្រសួងពាណិជ្ជកម្មបានឲ្យរស្មីកម្ពុជាដឹងថា នៅក្នុងកិច្ចប្រជុំនៅវិមានព្រឹទ្ធសភាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភានោះ លោក អង្គ វង្សវឌ្ឍានា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានបញ្ជាក់ថា សេចក្ដីព្រាងច្បាប់នេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការធានាការពារសុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋគ្រប់រូប តាមរយៈការទទួលទានអាហារប្រកបដោយគុណភាព សុវត្ថិភាព និងអនាម័យល្អ ជាហេតុធ្វើឱ្យប្រជាពលរដ្ឋមានសុខភាពល្អ និងជៀសវាងការកើតជំងឺផ្សេងៗរាប់រយប្រភេទ។ លើសពីនេះ សេចក្ដីព្រាងច្បាប់នេះ នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនទៀតដល់កម្ពុជា បន្ទាប់ពីសេចក្ដីព្រាងច្បាប់នេះចូលជាធរមាន។
លោកទេសរដ្ឋមន្ត្រី បានបន្តថា សេចក្ដីព្រាងច្បាប់នេះមានចំណុចសំខាន់ៗចំនួន៤ រួមមាន៖ ១.ការបង្កើតឱ្យមានយន្តការទទួលខុសត្រូវរបស់ក្រសួង-ស្ថាប័នជាតិ ដើម្បីគ្រប់គ្រងប្រតិបត្តិករអាជីវកម្មម្ហូបអាហារ នៅគ្រប់ដំណាក់កាលនៃខ្សែច្រវាក់ផលិតកម្ម ចាប់ពីកសិដ្ឋានផលិតរហូតដល់តុអាហារ និងធានាថាផលិតផលម្ហូបអាហារទាំងអស់ ដែលចរាចរនៅកម្ពុជាមានគុណភាព សុវត្ថិភាព និងអនាម័យល្អ សម្រាប់ប្រជាពលរដ្ឋគ្រប់ៗរូប។ ២.ការកំណត់គោលការណ៍ជាមូលដ្ឋាន ដើម្បីជំរុញផលិតផលម្ហូបអាហារត្រូវបានផលិត កែច្នៃ វេចខ្ចប់ និងចែកចាយ ផ្អែកទៅតាមស្តង់ដានិងបទប្បញ្ញត្តិបច្ចេកទេសជាតិ សំដៅធានាឱ្យបាននូវការការពារអាយុជីវិតនិងសុខភាពប្រជាពលរដ្ឋ ព្រមទាំងជំរុញឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្តពាណិជ្ជកម្មស្មើភាពសំដៅការពារផលប្រយោជន៍អ្នកប្រើប្រាស់ រួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ៣.សុវត្ថិភាពម្ហូបអាហារ គឺជាការទទួលខុសត្រូវរួម និងមានលក្ខណៈពហុវិស័យ ដែលចាំបាច់តម្រូវឱ្យមានការចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តការគ្រប់គ្រង សម្របសម្រួល និងត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ នៅតាមគ្រប់ដំណាក់កាលនៃខ្សែច្រវាក់ផលិតកម្ម។ និង៤.សេចក្តីព្រាងច្បាប់នេះ នឹងបង្កលក្ខណៈឱ្យប្រទេសកម្ពុជា រៀបចំបាននូវប្រព័ន្ធសុវត្ថិភាពម្ហូបអាហារ ដែលមានលក្ខណៈទំនើប តាមរយៈការកសាងវិធីសាស្ត្រទប់ស្កាត់ជាមុន និងការត្រួតពិនិត្យខ្សែច្រវាក់ផលិតកម្ម ប្រសើរជាងការត្រួតពិនិត្យ និងវិភាគលើផលិតផលសម្រេច ដែលជាគោលការណ៍មួយយ៉ាងសំខាន់ ក្នុងការជំរុញផលិតផលកម្ពុជា ឱ្យមានការទទួលស្គាល់ក្នុងទីផ្សារពិភពលោក។
ជាលទ្ធផលអង្គប្រជុំខាងលើនេះបានពិភាក្សា និងអនុម័តគាំទ្រលើសេចក្ដីព្រាងច្បាប់នេះតាមជំពូក និងមាត្រានីមួយៗ ដោយរក្សាខ្លឹមសារដើមទាំងស្រុង។ ជាមួយគ្នានេះ អង្គប្រជុំបានសម្តែងការកោតសរសើរដល់គណៈប្រតិភូតំណាងរាជរដ្ឋាភិបាល ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារនេះឡើង ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ និងគិតគូពីសុខភាពរបស់ប្រជាពលរដ្ឋ៕សរន