ដោយៈ វ៉ៃ​កូ / ស្វាយរៀងៈ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក យិន ចាន់​ធួន ទីប្រឹក្សា​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​មេបញ្ជាការ​កង​អន្តរាគមន៍ ៥៩៤ និង​លោក លឹម សៀង​ហេង អភិបាលក្រុង​បាវិត ព្រមទាំង​ក្រុមការងារ​ជាច្រើន​នាក់ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២២ នេះ បាន​អញ្ជើញ​ចុះ​ដឹក​នាំយក​គ្រឿងចក្រ ចាក់​ថ្ម​មិច លើផ្លូវ​១​ខ្សែ ប្រវែង ២.៥០០ ម៉ែត្រ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​។

​លោក ហួត សា​ម៉ៃ ចៅសង្កាត់​ច្រកម្ទេស ក្រុង​បាវិត បាន​ឲ្យ​ដឹងថាៈ ដោយ​មើលឃើញ​នូវ ការលំបាក​របស់​ប្រជាពលរដ្ឋ នៅ​មូលដ្ឋាន ក្នុងការ​ធ្វើដំណើរ​ដឹក​កសិផល ប្រកបមុខរបរ ប្រចាំថ្ងៃ និង​ការធ្វើដំណើរ​របស់ កម្មករ​រោងចក្រ សិស្សានុសិស្ស លោក​ឧ​ត្ត​ម​សេនីយ៍​ឯក យិន ចាន់​ធួន មេបញ្ជាការ​កង​អន្តរាគមន៍​៥៩៤ បាន​ឧបត្ថម្ភ​ថ្ម​មិច វែង ២.៥០០ ម៉ែត្រ ដើម្បី​ជួសជុល​កែលម្អ​ឡើងវិញ ក្នុងនោះ​លោក លឹម សៀង​ហេង អភិបាលក្រុង​បាវិត ក៏បាន​យក​គ្រឿងចក្រ មក​ឈូសឆាយ សម្រួល​ដល់​ការធ្វើដំណើរ របស់​បងប្អូន​ប្រជាពលរដ្ឋ នៅ​មូលដ្ឋាន ឲ្យ​កាន់​តែមាន​ភាពងាយស្រួល​។​

​លោក​ចៅសង្កាត់ បាន​បន្តថាៈ ផ្លូវ​មួយ​ខ្សែ​នេះ មិន​ត្រឹមតែ​សម្រួល​ដល់ ការធ្វើដំណើរ នៅក្នុង​សង្កាត់​ច្រកម្ទេស តែមួយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​អាច​សម្រួល​ដល់ ការធ្វើដំណើរ​របស់ ប្រជាពលរដ្ឋ ចំនួន ៣ ឃុំ សង្កាត់ គឺ​សង្កាត់​ច្រកម្ទេស ឃុំ​ព្រៃ​តា​អី ឃុំ​ពពែ​ត ស្រុក​ស្វាយទាប ខេត្តស្វាយរៀង ហើយ​ក្នុងនាម​ក្រុមប្រឹក្សា​សង្កាត់ អាជ្ញាធរ​ដែនដី សូម​ថ្លែងអំណរគុណ ចំពោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក យិន ចាន់​ធួន និង​លោកស្រី ព្រមទាំង​លោក លឹម សៀង​ហេង អភិបាលក្រុង​បាវិត ដែល​បាន​ខ្វល់ខ្វាយ អំពី​សុខទុក្ខ​របស់ ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ហើយ​បាន​សម្រួល ដល់​ការធ្វើដំណើរ របស់​ប្រជាពលរដ្ឋ ទាំងនេះ​ជាការ​យកចិត្តទុកដាក់​ខ្ពស់ ពី​អាជ្ញាធរ​ដែនដី ក៏ដូចជា ថ្នាក់​ដឹក នាំ នៃ​គណបក្ស​ប្រជាជន​កម្ពុជា តែងតែ​យកចិត្តទុកដាក់ អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ គ្រប់ពេលវេលា​។​

​លោក លឹម សៀង​ហេង អភិបាលក្រុង​បាវិត បាន​ឲ្យ​ដឹង​ដែរ​ថាៈ សម្រាប់​ការជួសជុល​ផ្លូវ កែលម្អ លើផ្លូវ​នេះ លោក​សុំ​ការយោគយល់ ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ អម​សងខាង​ផ្លូវ សូមជួយ​សម្រួល​ដល់​អាជ្ញាធរ ក្នុងការ​ជួសជុល​ឡើងវិញ​ផងដែរ ហើយ​សូម​ថ្លែង​អំណរ គុណ​ដល់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក យិន ចាន់​ធួន និង​លោកស្រី ដែល​បាន​ជួយឧបត្ថម្ភ ទាំង​ថវិកា ក្នុងការ​ជួសជុល កែលម្អ​ឡើងវិញ ជាពិសេស​សូម​មានការ​យោគយល់ ពី​ពលរដ្ឋ​ដែលនាំឱ្យ​មាន ការ​ហុយធូលី ចូលទៅ​លើផ្ទះ​សម្បែង​ជាដើម​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក យិន ចាន់​ធួន បាន​ថ្លែងថាៈ ការអភិវឌ្ឍ​ប្រទេស អាច​ដំណើរការ ទៅបាន ដោយសារ​ប្រទេសជាតិ​យើង មាន​សន្តិភាព ហើយ​សន្តិភាព​នេះ គឺមាន​តម្លៃ ដែល​មិនអាច​កាត់ថ្លៃ​បានឡើយ ដូច្នេះ​ប្រជាពលរដ្ឋ​គ្រប់រូប ត្រូវតែ​រួមគ្នា​ថែរក្សា ការពារ សន្តិភាព​នេះ ឲ្យ​គង់វង្ស​យូរអង្វែង​។​

​លោក​ឧ​ត្ត​មេស​នី​យ៍​ឯក បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ នៅពេល​បាន​ផ្លូវ​ល្អ​ហើយ នោះ ត្រូវ​ចេះ​ថែរក្សា ឱ្យបាន​គង់វង្ស យូរអង្វែង សម្រាប់​ប្រើប្រាស់ ហើយក៏​សូម​ឲ្យ​បងប្អូន យើង ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ជាពិសេស​គឺ ចូលរួម​អនុវត្ត​គោល នយោបាយ ភូមិ​ឃុំ មាន​សុវត្ថិភាព ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ៕ /V​