ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ នៅសាលប្រជុំ នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង មានរៀបចំកិច្ចប្រជុំពង្រឹងការងារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ការបោះឆ្នោត និងរាប់សន្លឹកឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ។
កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត និងមានការអញ្ជើញចូលរួមពីអស់លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរងនគរបាលខេត្ត លោកនាយ នាយរងការិយាល័យជំនាញ លោកអធិការនគរបាលក្រុង.ស្រុកទាំង៨ចូលរួម ផងដែរ ។
នៅក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគបាលខេត្តកំពង់ឆ្នាំង បានណែនាំដល់ ស្នងការរង នាយ.នាយរងការិយាល័យជំនាញ លោកអធិការ អធិការង មន្ត្រីនគរបាល តាមបណ្តាក្រុង ស្រុកទាំងអស់ ត្រូវយកចិត្តទុកដាក់ លើសកម្មភាព និងម្ចាស់ការគ្រប់គ្រងទីកន្លែង ពង្រឹងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅពេលខាងមុខនេះ ឱ្យបានល្អប្រសើ ដើម្បី ជៀសវាងមានបញ្ហាណាមួយ កើតឡើងជាយថាហេតុ។
ស្នងការរងនគបាលខេត្ត និងជាអ្នកនាំពាក្យ ស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ត្រី អៀ ប៊ុនធឿន បានឱ្យដឹង តាមរយៈទូរស័ព្ទ នៅវេលារសៀល ថ្ងៃទី១៨ ឧសភា ២០២២នេះថាៈ នៅក្នុងខេត្តកំពង់ឆ្នាំង មានការិយាល័យបោះឆ្នោត ក្រុង ស្រុក ចំនួន ៨០៧ កន្លែងនិងមានកម្លាំងនគរបាលក្រុង ស្រុក ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ចំនួន ១.១៨០ នាក់ និងប្រជាការពារ ចំនួន ៨៤២ នាក់ដោយចាប់ពីថ្ងៃទី៤ មិថុនា ២០២២ រហូតដល់ថ្ងៃរាប់សន្លឹកឆ្នោត និងថ្ងៃប្រកាស សន្លឹកឆ្នោត ទើបត្រូវបានបញ្ចប់ ៕/V