ដោយៈ មេសា / ភ្នំពេញៈ សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ ដែលត្រូវបានបើក ជាផ្លូវការ នៅរសៀល ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ នេះ សមណនិស្សិត ពោលគឺ និស្សិតជាព្រះសង្ឃ នៃ ពុទ្ធិកសកលវិទ្យាល័យ ព្រះសីហនុរាជ មានចំនួន ៥៧៧ អង្គ និស្សិតជាគ្រហស្ថ ប្រុស ចំនួន ៧៨៦ នាក់ ចំណែកនិស្សិតជាស្ត្រី មានរហូតដល់ទៅ ១.២២២ នាក់ ដែលប្រការនេះ ឃើញថា និស្សិតជាស្ត្រី មានចំនួនច្រើនបំផុត ។
សូមជម្រាបថា ពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ មាន ៣ ទីតាំងគឺ នៅរាជធានីភ្នំពេញ ជាទីតាំងគោល បន្ថែមដោយសាខាកំពង់ឆ្នាំង និងសាខាខេត្តបាត់ដំបង ហើយដើមឡើយ ពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ គឺជាគ្រឹះស្ថានពុទ្ធិកឧត្តមសិក្សា ពោលគឺ សាលា សម្រាប់ព្រះសង្ឃ ។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ ថ្នាក់ដឹកនាំ នៃពុទ្ធិកឧត្តមសិក្សា ដ៏មានវ័យចំណាស់ និងមានកិត្តិនាមជាងគេ នៅកម្ពុជានេះ បានធ្វើកំណែទម្រង់ទទួលយក និស្សិតជាគ្រហស្ថហើយជាលទ្ធផល ក៏មាននិស្សិតជាគ្រហស្ថទាំងប្រុស ទាំងស្រី ចូលសិក្សានេះ ទីនេះលាយឡំជាមួយនឹងព្រះសង្ឃ ។ អ្វីដែលជាប្រការ គួរកត់សម្គាល់ នោះ គឺថាប៉ុន្មានឆ្នាំចុងក្រោយនេះ និស្សិតជាស្ត្រី តែងតែមានចំនួនច្រើន ជាងព្រះសង្ឃ និងនិស្សិតប្រុស ជាក់ស្តែងដូចជា នៅឆ្នាំសិក្សា ២០២២-២០២៣ នេះស្រាប់ ។
សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា ព្រះអគ្គាធិការរងពុទ្ធិកសិក្សាជាតិ បានផ្តាំផ្ញើ ដល់សមណនិស្សិត និងនិស្សិតទាំងអស់ ដែលត្រូវចាប់ផ្តើមឆ្នាំសិក្សារបស់ខ្លូន នៅថ្ងៃនេះ ឱ្យប្រកាន់ខ្ជាប់នូវ គោលការណ៍ ៤ យ៉ាង ឬ ចតុស្តម្ភ នៃការសិក្សារបស់ព្រះពុទ្ធសាសនា ដើម្បីឈានដល់សម្រេចគោលដៅ នៃការសិក្សារបស់ខ្លួន ក៏ដើម្បីអាចសម្រេចបាន នូវវឌ្ឍនភាព ថ្មីៗតទៅ ។
ប្រការដែលគួរឱ្យកត់សម្គាល់មួយនោះគឺ សម្តេចព្រះមហា អរិយវង្ស បណ្ឌិត ឃី សុវណ្ណ រតនា ព្រះសកលវិទ្យាធិការរង ទទួលបន្ទុកដឹកនាំគ្រប់គ្រង នៃ ពុទ្ធិកសកលវិទ្យាល័យ ព្រះសីហនុរាជ បានអះអាងថាៈ ការសិក្សាលាយឡំជាមួយគ្នា រវាងព្រះសង្ឃ និងគ្រហស្ថប្រុស ស្រីនេះ ពុំដែលមានផលរមាស់អ្វីឡើយ ។
សម្តេចបណ្ឌិត ឃី សុវណ្ណរតនា បានផ្តាំផ្ញើដល់ សមណនិស្សិត និងនិស្សិតទាំងអស់ថា ក្រៅតែពីយកព្រះទ័យ និងយកចិត្តទុកដាក់ សិក្សារៀនសូត្រ នៅក្នុងថ្នាក់ ឱ្យបានទៀងទាត់ ទៅ ក៏តោងតែសិក្សា ស្រាវជ្រាវបន្ថែម ដូចជា តាមរយៈការអានបន្ថែម ជាដើមឱ្យបាន ទៀងទាត់ ឱ្យបានជាទម្លាប់ និងឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន ព្រោះការសិក្សា នៅក្នុងថ្នាក់រៀន តែម្យ៉ាង មិនគ្រប់គ្រានឡើយ ។
គួរជម្រាបជូនថា មុខវិជ្ជានៅទីនោះ មិនមែនមានតែផ្នែកពុទ្ធចក្រឡើយ ក៏មានផ្នែកអាណា ចក្រផងដែរ ដូចជាអក្សរសាស្ត្រខ្មែរ អក្សរសាស្ត្រអង់គ្លេស ប្រវត្តិវិទ្យា គ្រប់គ្រង និងវិទ្យាសាស្ត្រអប់រំ ជាដើម ហើយសមណនិស្សិត និងនិស្សិតដែលសិក្សា នៅពុទ្ធិក សកលវិទ្យាល័យ ព្រះសីហនរាជ គឺសិក្សាដោយអាហារូបករណ៍ ១០០ ភាគរយ ។
លើសពីនេះ សមណនិស្សិត និងនិស្សិត ដែលសិក្សាបានចំណាត់ថ្នាក់ល្អ គឺចាប់ពីថ្ងៃលេខ ១ ដល់លេខ ៥ ក៏មានឱកាសទទួលបាន ការឧបត្ថម្ភជាថវិកាប្រចាំខែ ពីអង្គការក្រៅរដ្ឋាភិ បាល ដែលជាដៃគូរបស់ ពុទ្ធិកសកលវិទ្យាល័យ ព្រះសីហនុរាជ ទៀតផង៕/V