ដោយៈ បាយ័ន / សៀមរាបៈ បុរសម្នាក់ បានច្រកដីខ្សាច់ដាក់ក្នុងការ៉ុង ថាស្ករស ហើយយកទៅលក់ ឱ្យអាជីវករ លក់ឥវ៉ាន់ចាបហួយ នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្នុងតំលៃថោក ប៉ុន្តែក្រោយមក ជនឆបោក ត្រូវបានសមត្ថកិច្ចជំនាញ ចាប់ខ្លួន តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ ។
យោងតាមសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលកណ្តែក បានទទួលបណ្តឹង ពីជនរងគ្រោះ ឈ្មោះ ហៅ លីហេង ភេទស្រី អាយុ ៣៩ ឆ្នាំ នៅភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានប្តឹងថាៈ នៅថ្ងៃទី ១៦-០៥-២០២២ ម៉ោង ៧ ព្រឹក គាត់បើកតូបលក់ឥវ៉ាន់ នៅភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ដូចធម្មតា ហើយក៏មានជនម្នាក់ យកស្ករស មកលក់ឱ្យគាត់ ក្នុងតំលៃថោក។
មនុស្សប្រុសម្នាក់ ពុំស្គាល់អត្តសញ្ញាណ បានជិះម៉ូតូហុងដា ពណ៌ខ្មៅ ឌុបការ៉ុងពណ៌ ស មួយ មកដល់សួរគាត់ថា ទិញស្ករស លក់១ការុង តម្លៃ ១០០.០០០ រៀល (មួយសែនរៀល) គាត់ព្រមទិញយក ដោយពុំបានពិនិត្យមើលទេ ។ លុះម៉ោង ១៨និង៣០នាទី ថ្ងៃទី១៧ ខែឧសភា បុរសខាងលើ បានដឹកមកលក់ ៣ ការុងទៀត គាត់ព្រមទិញយកទៀត ក្នុងតម្លៃ ៣០០ .០០០ រៀល (បីសែនរៀល) និងបានសុំលេខ ទូរស័ព្ទគាត់ សំរាប់ទាក់ទងទិញស្ករ ស បន្ថែម ។
នៅព្រឹកថ្ងៃទី១៨-០៥-២០២២ គាត់បានស្គាល់ឈ្មោះបុរសនោះថា ឈ្មោះ រិន ចំរើន ក៏បានទាក់ទងលក់ស្ករបន្ថែម ចំនួន ៥ ការ៉ុងទៀត គាត់ទទួលទិញទៀត ប្រហែលកន្លះ ម៉ោង បុរសខាងលើ ដឹកស្ករ ស ចំនួន ៥ ការ៉ុង ទៅឱ្យគាត់ដល់ផ្ទះ ហើយបានទៅយក លុយ នៅតូបលក់របស់គាត់ ចំនួន ៥០០.០០០ រៀល (ប្រាំសែនរៀល) ។
នៅថ្ងដដែលនោះ ប្អូនស្រីជាជនរងគ្រោះ ឈ្មោះ គុំ ស្រីនៀង បានទូរស័ព្ទប្រាប់ថា ស្ករបងឯង សុទ្ធតែដីខ្សាច់ ពេលកំពុងនិយាយទូរស័ព្ទ បុរសខាងលើ ជិះម៉ូតូមកដល់តូប របស់គាត់ម្តងទៀត ។ ពេលនោះ គាត់ហែកការ៉ុងមើល ឃើញសុទ្ធតែដីខ្សាច់ នៅក្នុងការ៉ុង ទាំងអស់ ហើយក៏នាំគ្នាឃាត់បុរសនោះទុក ហើយប្រគល់ឱ្យសមត្ថកិច្ចតែម្តង។
តាមចម្លើយរបស់ឈ្មោះ រិន ចំរើន ភេទប្រុស អាយុ ៣៤ ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងភូមិអញ្ចាញថ្មី សង្កាត់នគរធំ ក្រុងសៀមរាប បានសារភាពថា ខ្លួនពិតជាបានធ្វើ សកម្មភាព យកដីខ្សាច់ច្រកក្នុងការ៉ុង ហើយលក់ឱ្យជនរងគ្រោះ ខាងលើ ចំនួន ៩ ការ៉ុង ពិតប្រាកដមែន ៕/V