ប្រែសម្រួលៈបំណង(បាងកកប៉ុស្តិ៍)៖ ប្រធានាធិបតីហ្វីលីពីនទើបជាប់ឆ្នោតថ្មី លោកហ្វែរឌីណង់ ម៉ាកូស ជូនៀ កាលពីថ្ងៃពុធទី១៨ឧសភាបាននិយាយថា ទំនាក់ទំនងរបស់ប្រទេសលោកជាមួយចិននឹងត្រូវពង្រីក និងផ្លាស់ប្តូរទៅកាន់កំរិតខ្ពស់ឡើងមួយនៅក្រោមរដ្ឋាភិបាលរបស់លោក ហើយថារដ្ឋាភិបាលទីក្រុងប៉េកាំងបានធានាចំពោះរូបលោកអំពីការគាំទ្ររបស់ខ្លួនសំរាប់គោលនយោបាយការបរទេសឯករាជ្យរបស់ហ្វីលីពីន។
ម៉ាកូស ដែលបានឈ្នះឆ្នោតក្នុងសម្លេងគាំទ្រយ៉ាងលើសលប់កាលពីសប្តាហ៍មុន បាននិយាយថា លោកបានពិភាក្សាតាមទូរស័ព្ទ«ធំដុំណាស់»កាលពីថ្ងៃពុធជាមួយប្រធានាធិបតីចិន ស៊ី ជីនភីង ដែលបានយល់ព្រមធ្វើកិច្ចពិភាក្សាពិស្តាបន្ថែមលើបញ្ហាជាច្រើន។
កូនប្រុសរបស់អតីតប្រធានាធិបតីវ័យ៦៤ឆ្នាំរូបនេះ បាននិយាយថា លោកស៊ីក៏បានទទួលស្គាល់តួនាទីរបស់ឪពុកលោកនៅក្នុងការបើកទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរផងដែរ។លោកថា «ផ្លូវទៅមុខ គឺត្រូវពង្រីកទំនាក់ទំនងរបស់យើងមិនត្រឹមតែខាងការទូតប៉ុណ្ណោះទេ តែពាណិជ្ជកម្ម វប្បធម៌ និងថែមទាំងក្នុងការសិក្សាអប់រំ រហូតដល់សុខភាពដើម្បីដោះស្រាយការខ្វែងគំនិតគ្នាតូចតាចដែលយើងមាននៅពេលឥឡូវ»។
លោកបានបន្តថា «ខ្ញុំបានប្រាប់គាត់ថា យើងមិនត្រូវអនុញ្ញាតអោយជម្លោះឬការលំបាកដែលយើងមាននៅពេលឥឡូវរវាងប្រទេសយើងទាំងពីរក្លាយជារឿងសំខាន់ប្រវត្តិសាស្ត្រទេ»។
សូមបញ្ជាក់ថានៅប៉ុន្មានឆ្នាំមកនេះហ្វីលីពីនិងចិនមានទំនាក់ទំនងមិនសូវល្អនឹងគ្នាដោយសារតែចិនប៉េកាំងអះអាងដែនទឹកធំធេងពេកជាន់តំបន់ដែលរដ្ឋាភិបាលទីក្រុងម៉ានីលអះអាងថាស្ថិតនៅក្រោមដែនអធិបតេយ្យភាពរបស់ខ្លួន និងសកម្មភាពរបស់កងឆ្មាំសមុទ្រក៏ដូចជាកងនាវានេសាទរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង ។
បើតាមស្ថានទូតចិននៅក្រុងម៉ានីល ការសន្ទនាតាមទូរស័ព្ទនេះបានផ្តោតលើទំនាក់ទំនងទ្វេភាគី និងការអភិវឌ្ឍន៍តំបន់៕
ក្នុងការបោះឆ្នោតកាលពីសប្តាហ៍មុន ម៉ាកូសឈ្នះបានសម្លេងគាំទ្រ៥៩ភាគរយ។លោកនឹងចូលកាន់មុខតំណែងនៅខែមិថុនា