ដោយ : ប.ជ័យ / បន្ទាយមានជ័យៈ ដោយសារតែការធ្វេសប្រហែសទារកអាយុ១ខួបម្នាក់បានទទួលទានពោតក៏ស្លាក់ស្ទះខ្យល់ដង្ហើមស្លាប់កាលពីម៉ោង ៤ល្ងាច ថ្ងៃទី១៧ ឆ្នាំ ២០២២ ក្នុងភូមិអន្លង់សារ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំភ្នំលៀប ដែលក៏ទើបដឹងគ្រោះថ្នាក់នេះបានប្រាប់សារព័ត៌មានអោយដឹងកាលពីថ្ងៃទី១៨ខែឧសភាថា: ទារករងគ្រោះមានឈ្មោះ រ៉ាន់ សុវណ្ណរតនា អាយុ ១ខួប ឆ្នាំ រស់នៅជាមួយជីដូនឈ្មោះ ចាត លឺ អាយុ៥៤ ឆ្នាំ ។
ស្ត្រីជាជីដូនរូបនេះប្រាប់សមត្ថកិច្ចថា: ទារករងគ្រោះមានឪពុកបង្កើតឈ្មោះឈុន រ៉ា អាយុ៣១ឆ្នាំ នឹងម្តាយឈ្មោះ ម៉ង់ សុភី តែពួកគេបាននាំគ្នាទៅធ្វើការនៅរាជធានីភ្នំពេញ ។ ហើយទុកចៅនេះអោយអ្នកស្រីជួយមើលថែទាំ ។
សមត្ថកិច្ចបន្តថា :មុនពេលកើតហេតុ ចៅនោះបានយំទារចំណីហើយស្ត្រីជាយាយបានទៅទិញពោតស្ងោ១ផ្លែឲ្យចៅទទួលទាន ។
ក្មេងរងគ្រោះបានដើរញ៊ាំពោតទៅផុតពីភ្នែកយាយបន្តិច ក៏ស្លាក់គ្រាប់ពោត ដោយវាចូលក្នុងបំពង់ខ្យល់ បណ្តាលឲ្យស្ទះខ្យល់ប្រែសម្បុរទៅជាស្លេកស្លាំង ។
យាយនិងអ្នកជិតខាងភ័យណាស់ ក៏បានដឹកចៅនោះយកទៅសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពឃុំភ្នំលៀបប៉ុន្តែក្រុមគិលានុបដ្ឋាក /យិកា គ្រូពេទ្យអះអាងថា ពេទ្យជួយទារកនេះមិនបានទេ ដោយសារតែទារកនេះបានដាច់ខ្យល់ស្លាប់ ក្រោយបានស្លាក់និងស្ទះបំពង់ខ្យល់ដង្ហើម ដោយសារគ្រាប់ពោត ៕