ដោយ: មុនីរ័ត្ន/ភ្នំពេញ: កញ្ញា ប្រាក់ ផាន់នី ដែលជាអ្នកចម្រៀងរងគ្រោះនៅក្នុងករណីហិង្សាមួយ បានលើកម្រាមដៃ១០ និងសូមក្តីមេត្តាករុណពីសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជួយផ្តល់យុត្តិធម៌ដល់រូបនាង ដែលជានារីទន់ខ្សោយ គ្រាដែលលោក ហុង ស្រ៊ែន ថៅកែដំឡើងឆាកតន្ត្រីខនសឺត បានប្រើហិង្សា និងធ្វើទារុណកម្មមកលើនាង។
កញ្ញា ប្រាក់ ផាន់នី ក៏សូមឲ្យក្រុមមេធាវីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់ជួយរាស្ត្រក្រីក្រ និងលើកកម្ពស់តម្លៃស្ត្រី ដោយបង្កើតឲ្យមានក្រុមមេធាវីជួយជនក្រីក្រ មេត្តាជួយរកយុត្តិធម៌ដល់នាងផង។ ព្រោះថាទង្វើរបស់លោក ហុង ស្រ៊ែន មកលើនាង ជាការរំលោភលើស្ត្រីភេទទន់ខ្សោយ រំលោភសិទ្ធិនារីធ្ងន់ធ្ងរ ពោលគឺបានរំខានការប្រកបរបរចិញ្ចឹមជីវិតរបស់នាង ដើម្បីបានប្រាក់តិចតួចមកចិញ្ចឹមឪពុកម្តាយ និងប្អូនប្រុសស្រី៣នាក់បានរៀនសូត្រ។
អស់រយៈពេលជាង ៣ឆ្នាំមកហើយ នារីរងគ្រោះនៅមិនទាន់ទទួលបានយុត្តិធម៌នៅឡើយទេ ហើយជនបង្កនៅតែមានសេរីភាពនៅឡើយ បើទោះបីជាតុលាការកោះហៅអោយចូលខ្លួនជាលើកទី២ កាលពីថ្ងៃទី១៨ ខែឧសភា ក្នុងករណីហិង្សាដោយចេតនា ដែលបានប្រព្រឹត្តនៅភ្នំពេញ និងនៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ និងនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ តាមមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ។ ប៉ុន្តែសវនាការនេះត្រូវបានលើកពេល ដោយមិនទាន់កំណត់ថ្ងៃ ខណៈពេលដែលជនបង្ក ក៏មិនបានបង្ហាញវត្តមាន។
សូមរម្លឹកថា លោក ហុង ស្រ៊ែន ដែលបានប្រើអំពើហិង្សា និងតែងតាមយាយីឈ្នានីសគ្រប់បែបយ៉ាងដាក់ កញ្ញា ប្រាក់ ផាន់នី ហៅប្រាក់ អមរា អាយុ២២ឆ្នាំ ជាអ្នកចម្រៀងរហូតមានរបួសស្នាម ហើយកន្លងមកដោយសារនាងទ្រាំមិនបានក៏ដាក់ពាក្យបណ្តឹងនៅតាមមូលដ្ឋានដោះស្រាយមិនចេញនោះ មកដល់ពេលនេះសំណុំរឿងនេះបានមកដល់សាលាដំបូងរាជធានីភ្នំពេញហើយ បន្ទាប់ពីការដោះស្រាយតាមប្រព័ន្ធច្បាប់នៅសមត្ថកិច្ចមូលដ្ឋានមិនបានលទ្ធផល។
កញ្ញា ប្រាក់ ផាន់នី បានឲ្យដឹងថា បណ្តឹងរបស់នាង ដែលប្តឹងទៅសមត្ថ កិច្ចកងរាជអាវុធហត្ថខណ្ឌដង្កោ និងកងរាជអាវុធហត្ថរាជធានីភ្នំពេញក្នុងករណីឈ្មោះ ហុង ស្រ៊ែន ប្រើអំពើហិង្សាឃោឃៅមកលើនាងបណ្តាលឲ្យមានរបួសស្នាមនិងចាត់ទុកជាការ រំលោភលើសិទ្ធិស្ត្រីយ៉ាងធ្ងន់ធ្ងរ ជាការមិនរាងចាលមិនទាន់ផុតអាជ្ញាកាលនៃបទល្មើស ដែលត្រូវបូកផ្សំបទល្មើសចាស់និងថ្មីឡើយ។បណ្តឹងរបស់នាងមិនត្រូវមានដំណោះស្រាយសមស្របនោះទេ ដូច្នេះនាង ត្រូវការរកប្រព័ន្ធច្បាប់នៅតុលាការម្តង៕