​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ សាសនា​បង្រៀន​ឱ្យ​មនុស្ស​រក្សា​ធម៌​នៅក្នុង​ខ្លួន ជាពិសេស​អ្នកដឹកនាំ​ប្រទេស ដែលជា​អ្នកទទួលខុសត្រូវ​លើ​ជោគវាសនា​ប្រជាជន រឹតតែ​ត្រូវគោរព​ប្រតិបត្តិ​ធម៌​ឱ្យបាន​ខ្ជាប់ខ្ជួន ដោយហេតុថា ការប្រព្រឹត្ត​ប្រាសចាក​ពី​គន្លង​នេះ នឹង​នាំមក​នូវ​ភាព​ក្តៅក្រហាយ និង​ការបំផ្លិចបំផ្លាញ​ជាតិ ដូចដែល​ធ្លាប់​កើតឡើង​រួចមកហើយ​នៅក្នុង​របប​ប៉ុលពត​។ នេះ​ជា​ប្រសាសន៍ លោក ហ៊ុន ម៉ា​ណែ​ត នៅក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ​ថ្មី ក្នុង​វត្ត​គិរី​ឱសថ​ទឹក​ជប់ ស្ថិតក្នុង​ភូមិ​ស្នំ​ប្រាំពីរ ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ ខេត្តកំពត កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២២​។​

​លោក​បាន​បន្តថា ប្រទេស​តូចធំ​មិន​សំខាន់ សំខាន់​គឺ​កត្តា​ដឹកនាំ ដែល​ត្រូវតែ​ជាការ​ដឹកនាំ​ដោយ​ធម៌ និង​នៅក្នុង​បុព្វហេតុ​ដ៏​ស្មោះត្រង់ និង​ប្រកបដោយ​ពលិកម្ម គឺ​បម្រើ ការពារ និង​សង្គ្រោះ​ប្រជាពលរដ្ឋនៅក្នុង​គ្រប់​ដំណាក់កាល​ទាំងអស់ ដោយ​មិន​រត់ចោល​រាស្ត្រ​ទោះ​នៅក្នុង​ស្ថានការណ៍​វិបត្តិ​មហន្តរាយ​ធ្ងន់ធ្ងរ​យ៉ាងណាក្តី​។

​លោក​ហ៊ុន ម៉ា​ណែ​ត បាន​បន្តទៀតថា នេះ គឺជា​អ្វីដែល​គណបក្ស​ប្រជាជន​កម្ពុជា បានធ្វើ​យ៉ាង​ជាក់ស្តែង​រួចមកហើយ​នៅក្នុង​ការដឹកនាំ​ប្រទេស​ជាង ៤០ ឆ្នាំ​កន្លងមកនេះ តាមរយៈ​ការសង្គ្រោះ​អាយុជីវិត​ចេញពី​សង្គ្រាម និង​គ្រោះវិបត្តិ​, កា​រលើ​កម្ពស់​ជីវភាព និង​សុខភាព​របស់​ប្រជាពលរដ្ឋ​, ការរួម​គ្នា​បំពេញ​បុណ្យ​កុសល​, ការផ្តល់​ការអប់រំ និង​ឱកាស​ការងារ​ដល់​កូនចៅ​ប្រជាពលរដ្ឋ ។​ល​។ ហើយ​សម្រាប់​ពេល​បន្ត​ទៅមុខ ក៏​នៅតែ​លុះ​នៅក្នុង​បុព្វហេតុ​ដ៏​ពិសិដ្ឋ​មួយ​នេះ​តរៀង​ទៅ​។​

លោក ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ទៀតថា សាសនា​ពិតជា​បាន​ដើរតួនាទី​សំខាន់​ណាស់​នៅក្នុង​ការអប់រំ​សីលធម៌​សង្គម ពីព្រោះ​ការរៀនសូត្រ​ស្វាធ្យាយ និង​គោរព​បដិបត្តិ​ធម៌​នៅក្នុង​វត្ត​អារាម ក៏បាន​នាំឱ្យមាន​ការផ្សព្វផ្សាយ​បន្ត និង​សាបព្រោះ​ផល​វិជ្ជមាន​នៅតាម​ខ្នង​ផ្ទះ និង​ភូមិ​ស្រុក​របស់​ប្រជាពលរដ្ឋ ក្នុង​រូបភាព​ជាការ​បន្ត​ប្រពៃណី​ដ៏​ល្អ​របស់​ចាស់ទុំ​ព្រឹទ្ធាចារ្យ​ដល់​កូនចៅ​ជំនាន់​ក្រោយ​។

លោក​បាន​បន្តថា ម្យ៉ាងវិញទៀត​ការអប់រំ​ផ្នែក​ពុទ្ធសាសនា ក៏ត្រូវ​បាន​បញ្ចូល​រួមផ្សំ​ជាមួយនឹង​ប្រព័ន្ធ​អប់រំ​ផ្នែក​អាណាចក្រ សំដៅ​ធ្វើយ៉ាងណា​ឱ្យ​កុលបុត្រ កុលធីតា​ខ្មែរ ក្លាយជា​ធនធានមនុស្ស​ពោរពេញ​ដោយ​សីលធម៌ គុណធម៌ និង​សមត្ថភាព​បញ្ញា​ស្មារតី​ភ្លឺស្វាង ដែល​នឹង​ចូលរួមចំណែក​ប្រកបដោយ​ការទទួលខុសត្រូវ​នៅក្នុង​ការកសាង​ភាព​សុដុមរ​មនា​នៅក្នុង​សង្គម និង​ដំណើរការ​នៃ​ការអភិវឌ្ឍ​ជាតិ​៕​