​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ កាលពី​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២២ លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម ក្នុងនាម​ជា​ប្រធាន​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន (AEM Chair) ក្នុង​ឆ្នាំ​២០២២ បាន​ដឹកនាំ​កិច្ចប្រជុំ​ពិសេស​ថ្នាក់​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន (ASEAN ECONOMIC MINISTERS’ SPECIAL MEETING 2022) នៅ​សណ្ឋាគារ AYANA Resort & Spa នៃ​ទីក្រុង​បាលី ប្រទេស​ឥណ្ឌូនេស៊ី​។

​កិច្ចប្រជុំ​នេះ មានការ​ចូលរួម​ដោយ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន និង​គណៈប្រតិភូ​មកពី​ប្រទេស​សមាជិក​ទាំងអស់ អគ្គលេខាធិការ​អាស៊ាន ព្រមទាំង​មន្ត្រី​លេខាធិការដ្ឋាន​អាស៊ាន​ផងដែរ​។​

​ជា​កិច្ច​ចាប់ផ្តើម ឯកឧត្តម​រដ្ឋមន្ត្រី ក្នុងនាម​ជា​ប្រធាន​អង្គប្រជុំ បាន​មានមតិ​ស្វាគមន៍​ជូន​សមាជិក​អង្គប្រជុំ​ទាំងអស់ និង​បាន​ថ្លែងអំណរគុណ​ប្រទេស​ឥណ្ឌូនេស៊ី​សម្រាប់​ការទទួល​បដិសណ្ឋារកិច្ច​យ៉ាង​កក់ក្តៅ​ដល់​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន និង​គណៈប្រតិភូ​ទាំងអស់ ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ពិសេស​នេះ​។​

​លោក​រដ្ឋមន្ត្រី​បន្តថា កិច្ចប្រជុំ​ពិសេស​នេះ មាន​មាន​គោលបំណង​ដើម្បី​ពិភាក្សា​និង​ផ្តោះ​ប្តូរ​មតិយោបល់​រវាង​ប្រទេស​សមាជិក​អាស៊ាន​នីមួយៗ អំពី​បញ្ហា​តំបន់ និង​សាកល​ថ្មីៗ ដែល​កំពុង​ជះឥទ្ធិពល​ដោយផ្ទាល់​ឬ​ប្រយោល​មកលើ​តំបន់​អាស៊ាន ជាពិសេស​ក្នុងអំឡុង​ពេលដែល​អាស៊ាន​កំពុង​ខិតខំ​ប្រឹងប្រែង​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​។

​កិច្ចប្រជុំ​នេះ​ត្រូវបាន​ប្រព្រឹត្តទៅ​ស្រប​ពេលដែល​ស្ថានភាព​នៃ​ការរីក​រាលដាល​ជម្ងឺ​កូ​វីដ​១៩ បាន​ថមថយ​ចុះ និង​មានការ​លើកលែង​ការ​រឹតត្បិត​ចំពោះ​ការធ្វើដំណើរ​នៅតាម​បណ្តា​ប្រទេស​អាស៊ាន​។​

​លោក​រដ្ឋមន្ត្រី​បន្ថែមថា កិច្ចប្រជុំ​បានកត់សម្គាល់ និង​ពិភាក្សា​លើ​របៀបវារៈ​សំខាន់ៗ​មួយចំនួន រួមមាន​៖ (១) ស្ថានភាព​សេដ្ឋកិច្ច​សកល (២) បច្ចុប្បន្នភាព​នៃ​ការអនុវត្ត​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) (៣) ការត្រៀម​របស់​អាស៊ាន​សម្រាប់​សន្និសីទ​រដ្ឋមន្ត្រី​លើក​ទី​១២ នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (៤) វិធានការ​នានា​ផ្នែក​បរិស្ថាន​និង​បម្រែបម្រួល​អាកាសធាតុ​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​ពាណិជ្ជកម្ម (៥) គំនិត​ផ្តួចផ្តើម​ក្នុង​ទម្រង់​ជា​គម្រោង​អាស៊ាន និង (៦)​បញ្ហា​ផ្សេងៗ​ទៀត​។​

​លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា ជាការ​កត់សម្គាល់ សមាជិក​អង្គប្រជុំ​ទាំងអស់​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​ផ្លាស់ប្តូរ​ទស្សនៈ មតិយោបល់ និង​ការពិភាក្សា ទៅលើ​របៀបវារៈ​នីមួយៗ ដែល​ធ្វើឱ្យ​កិច្ចប្រជុំ​នេះ​បញ្ចប់ទៅ​យ៉ាង​រលូន និង​ប្រកបដោយ​ផ្លែផ្កា​គួរឱ្យកត់សម្គាល់​៕​