ដោយៈទេពកង្រី/កំពង់ឆ្នាំង: នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ម្សិលមិញនេះសម្តេចចៅហ្វាវាំង គង់ សំអុល អញ្ជើញចុះពិនិត្យសកម្មភាពការងាររបស់បុគ្គលិកនៃក្រុមសម្តេចឪ និងចែកស្រូវពូជ ដល់ប្រជាកសិករចំនួន២៣០គ្រួសារ មកពីឃុំ៤ ក្នុងស្រុកបរិបូរណ៍ គឺឃុំពន្លៃ ឃុំផ្សារ ឃុំខុនរ៉ង និង ឃុំអញ្ចាញរូង ដោយក្នុង១គ្រួសារ ទទួលបានស្រូវពូជចំនួន ៥០គីឡូក្រាម និង ថវិកាមួយចំនួន ។
ពិធីធ្វើឡើងក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង រួមដំណើរដោយ លោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅក្រសួងព្រះបរមរាជវាំងរួមនឹងសហការីសំខាន់ៗក្រសួងព្រះបរមរាជវាំង បានអញ្ចើញចុះពិនិត្យសកម្មភាព ការងាររបស់មន្ត្រី បុគ្គលិក នៃក្រុមសម្តេចឪ ដែលកំពុងធ្វើសកម្មភាពអន្តរាគមន៍ យ៉ាងសកម្មមមាញឹក ក្នុងការជួយព្យួររាស់ដីស្រែ និងចែកស្រូវពូជ ជូនប្រជាកសិករ នៅក្នុងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។
អញ្ជើញចូលរួមក្នុងពិធីចែកស្រូវពូជ ដល់ប្រជាកសិករ នៅស្រុកបរិបូរណ៍ ក្នុងពេលនោះរួមមានលោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង និងលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និង មន្ត្រីអាជ្ញាធរមូលដ្ឋានចូលរួមផងដែរ៕