​ដោយ​: ដេប៉ូ​/​ស្ទឹងត្រែង​: លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​ក្រុមការងារ​ប្រឆាំង​ការសម្អាត​ប្រាក់​របស់​ក្រសួងបរិស្ថាន​បានឱ្យដឹងថា មន្ត្រីនគរបាល​យុត្តិធម៌ និង​មន្ត្រី​អនុវត្ត​ច្បាប់​នៃ​ក្រសួងបរិស្ថាន​បាន​ដើរតួនាទី​សំខាន់​ណាស់ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ការសម្អាត​ប្រាក់​ក្នុង​បទល្មើស​ធនធានធម្មជាតិ និង​ការពារ​ប្រទេស​កម្ពុជា​ក្នុងការ​ប្រឆាំង​ការសម្អាត​ប្រាក់​។​

គួរបញ្ជាក់​ថា​ការ​ថ្លែង​របស់​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងបរិស្ថាន​បែបនេះ​ធ្វើឡើង​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​មន្ត្រី​នគរបាល​យុត្តិធម៌ និង​មន្ត្រី​អនុវត្ត​ច្បាប់​នៃ​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង និង​ខេត្តក្រចេះ ស្តីពី គោលការណ៍​ណែនាំ​ស្តីពី​បែបបទ និង​នីតិវិធី​ប្រតិបត្តិ​ស្តង់ដារ​សម្រាប់​ស៊ើបអង្កេត និង​ការរៀបចំ​សំណុំរឿង​សម្អាង​បទល្មើស និង​បទល្មើស​សម្អាត​ប្រាក់​ក្នុង​លក្ខខណ្ឌ​នៃ​ដែន​សមត្ថកិច្ច​ក្រសួងបរិស្ថាន​នៅ​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២២ នៃ​មន្ទីរ​បរិស្ថាន ខេត្តស្ទឹងត្រែង ។​

​ទាក់ទិន​ក្នុង​រឿងនេះ លោក នេត្រ ភក្ត្រា បានឱ្យដឹងថា​វគ្គប​ណ្តុះ​បណ្តាល​នេះ មាន​សារៈសំខាន់​ក្នុងការ​ពង្រឹងសមត្ថភាព និង​ចំណេះដឹង​ផ្នែក​ច្បាប់ និង​ចែករំលែក​បទពិសោធ​លើ​ការកសាង​សំណុំរឿង​ជូន​មន្ត្រីនគរបាល​យុត្តិធម៌​របស់​ក្រសួងបរិស្ថាន ដើម្បី​ពង្រឹង​យន្តការ​ប្រឆាំងនឹង​ការសម្អាត​ប្រាក់ និង​ពង្រឹងសមត្ថភាព​មន្ត្រី​អនុវត្ត​ច្បាប់ បង្កើន​ប្រសិទ្ធភាព​ក្នុង​ការចូលរួម​ប្រឆាំងនឹង​បទល្មើស ប្រឆាំងនឹង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ដែល​ពន្លាត​ពីបទ​ល្មើស​ដើម​នៃ​បទល្មើស​ធនធានធម្មជាតិ ដែលមាន​ចំណាត់ថ្នាក់​ជា​បទល្មើស​ម​ជ្ឈិ​ម និង​បទល្មើស​ឧក្រិដ្ឋ​ដែលមាន​តម្រុយ​លើ​ការសម្អាត​ប្រាក់​។

​លោក រដ្ឋលេខាធិការ​បាន​មានប្រសាសន៍ថា មន្ត្រីនគរបាល​យុត្តិធម៌​ត្រូវ​ពិនិត្យ​លើ​ភ​ស្ថុ​តាង ព័ត៌មាន​ពាក់ព័ន្ធ​ផ្សេងៗ​ទាក់ទង​នឹង​បទល្មើស​ដើម​ដើម្បី​ពិនិត្យ​លទ្ធភាព​នៃ​ការ​ពន្លាត​លើ​បទល្មើស​នៃ​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ប្រឆាំងនឹង​ជនសង្ស័យ ក្នុងករណី​រកឃើញថា បទល្មើស​ដើម​នៃ​បទល្មើស​ព្រៃឈើ និង​បទ​ល្មើ​សត្វព្រៃ មាន​តម្រុយ​ដែល​ពាក់ព័ន្ធ​នឹង​ការសម្អាត​ប្រាក់​។​

​ជាមួយគ្នានេះ លោក រដ្ឋលេខាធិការ ក៏បាន​ជំរុញ​ឱ្យ​មន្ត្រីនគរបាល​យុត្តិធម៌ និង​មន្ត្រី​អនុវត្ត​ច្បាប់ ត្រូវតែ​បង្កើន​ការយកចិត្តទុកដាក់ និង​បន្ត​អនុវត្ត​ច្បាប់​ឱ្យបាន​ម៉ត់ចត់ និង​ប្រកបដោយ​ការទទួលខុសត្រូវ និង​វិជ្ជាជីវៈ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​កិច្ចការពារ និង​អភិរក្ស​ធនធានធម្មជាតិ និង​ជាពិសេស​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ទាក់ទង​នឹង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ពាក់ព័ន្ធ​នឹង​បទល្មើស​ធនធានធម្មជាតិ​។

​លោក រដ្ឋលេខាធិការ​គូសបញ្ជាក់​ថា​៖ «​បន្ថែម​ពីលើ​ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ ដែល​មន្ត្រីនគរបាល​ក្រសួងបរិស្ថាន​ប្រើប្រាស់​ដើម្បី​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ មន្ត្រីនគរបាល​យុត្តិធម៌​នៃ​ក្រសួងបរិស្ថាន​មានច្បាប់​ស្តីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ជា​ឧបករណ៍​ច្បាប់​ដ៏​មានតម្លៃ និង​ប្រសិទ្ធភាព​ក្នុងការ​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​យើង​ឱ្យ​កាន់តែ​ប្រសើរឡើង​បន្ថែមទៀត ហើយ​ជនល្មើស​ក្នុង​បទល្មើស​ធនធានធម្មជាតិ នឹងត្រូវ​ប្រឈមមុខ​នឹង​ច្បាប់​ទាំង ២ នេះ​»​។​

​សូមបញ្ជាក់ថា​ការបណ្តុះបណ្តាល​មន្ត្រីនគរបាល​យុត្តិធម៌​នៅ​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង និង​ខេត្តក្រចេះ​គឺជា​ការបណ្តុះបណ្តាល​លើក​ទី​៣ ក្នុង​ក្របខណ្ឌ​នៃ​ការបណ្តុះបណ្តាល​ពង្រឹងសមត្ថភាព​មន្ត្រីនគរបាល​យុត្តិធម៌​ជាង ១.២០០ នាក់​របស់​ក្រសួងបរិស្ថាន​។ ក្រុមការងារ​ប្រឆាំង​ការសម្អាត​ប្រាក់​នៃ​ក្រសួងបរិស្ថាន បានធ្វើ​បទ​បង្ហាញ​ពាក់ព័ន្ធ​នឹង​ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ ច្បាប់​ស្តីពី​ការ​ប្រឆាំងនឹង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម និង​នីតិវិធី​ប្រតិបត្តិ​ស​ង្ត់​ដារ​សម្រាប់​អនុវត្ត​នៅក្នុង​ការប្រឆាំង​ការសម្អាត​ប្រាក់​៕