ដោយ៖តារារិទ្ធ / ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញការគាំទ្រ យ៉ាងពេញទំហឹង ចំពោះ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល របស់ប្រទេសចិន ដែលរួមបញ្ចូលនូវ កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការខិតខំ ប្រឹងប្រែង ដើម្បីជួយដល់បណ្តាប្រទេស ដែល មានការអភិវឌ្ឍទាប ជាពិសេស បណា្តប្រទេសទទួលរងគ្រោះ យ៉ាងធ្ងន់ធ្ងរ ដោយជំងឺរាតត្បាត ។

ការបង្ហាញការគាំទ្ររបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងនៅក្នុងបទអន្តរាគមន៍ ក្នុង «វេទិកាលើកទី២ នៃគណបក្ស នយោបាយ ក្រុមស្រាវជ្រាវ និងអង្គ ការសង្គមស៊ីវិល មកពីបណ្តាប្រទេសប្រ៊ីក (BRICS)» ក្រោមមូលបទ «សាមគ្គីភាព និង កិច្ចសហប្រតិបត្តិការ ឆ្ពោះទៅរក ការអភិវឌ្ឍរួម និងអនាគតដ៏ភ្លឺស្វាង» ពីថ្ងៃទី១៩-២០ ខែឧសភា ឆ្នាំ២០២២ ។

ពាក់ព័ន្ធនឹងការស្តារឡើងវិញ ក្រោយវិបិត្តជំងឺកូវីដ-១៩ ប្រកបដោយបរិយាប័ន្ន ចីរភាព និងភាពធន់ ប្រមុខរាជរដ្ឋាភិបាល កម្ពុជា បានថ្លែងថាៈ «យើងពិតជាមានភាពចាំបាច់ ជំរុញនូវ កិច្ចសហការ ឱ្យបានកាន់តែជិតស្និទ្ធ ដើម្បីធានាថា យើងកំពុង ដើរលើមាគ៌ា ដ៏ត្រឹមត្រូវ ឆ្ពោះទៅរកការ សម្រេចបាន នូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព ឆ្នាំ ២០៣០ របស់អង្គការ សហប្រជាជាតិ»។

ក្នុងន័យនេះ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានថ្លែងថាៈ «ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹង ចំពោះគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល របស់ប្រទេស ចិន ដែលរួមបញ្ចូលនូវកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការខិតខំប្រឹងប្រែង ដើម្បីជួយដល់បណ្តា​ប្រទេស ដែលមានការអភិវឌ្ឍទាប ជាពិសេស បណា្តប្រទេសទទួលរងគ្រោះ យ៉ាងធ្ងន់ធ្ងរ ដោយជំងឺរាតត្បាត» ។

សម្តេចតេជោ បានបន្តថាៈ សម្តេច ពិតជាមានសេចក្តីសោមនស្ស ដោយបានចូលរួមថ្លែងសន្ទរកថា ក្នុង «វេទិកាលើកទី២ នៃគណបក្សនយោ បាយ ក្រុមស្រាវជ្រាវ និងអង្គការសង្គមស៊ីវិល មកពីបណ្តាប្រទេសប្រ៊ីក (BRICS)» នេះ ។ មូលបទរបស់​វេទិកានាពេលនេះគឺ «សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ឆ្ពោះ ទៅ រកការអភិវឌ្ឍរួម និងអនាគតដ៏ភ្លឺស្វាង» ពិតជាបាន ឆ្លើយតបទាន់ពេលវេលា ទៅនឹងបញ្ហាប្រឈមនានា ទាំងប្រពៃណី និងមិនប្រពៃណី ដែលសហគមន៍ អន្តរជាតិ កំពុងជួបប្រទះ ។

សម្តេចតេជោ នាយករដ្ឋមន្រ្តី យល់ថាៈ នៅក្នុងបរិបទដែលពិភពលោកទាំងមូល កំពុងមានការប្រែប្រួល យ៉ាងឆាប់រហ័ស, មិនច្បាស់លាស់ និងស្មុគស្មាញនេះ, មិនអាចបោះបង់ ឬងាកចេញពីយន្តការពហុភាគីនិយមបានទេ ប្រសិនបើយើង ពិតជា មានបំណងដោះស្រាយបញ្ហា ប្រឈមរួម នាពេលបច្ចុប្បន្ន ។ ក្នុងន័យនេះ អាស៊ាន និង ប្រ៊ីក (BRICS) ក៏ដូចជា សហគមន៍ អន្តរជាតិទំាងមូល ចាំបាច់ត្រូវខិតខំប្រឹងប្រែង ទ្វេដង ដើម្បីស្តារឡើងវិញ នូវពហុភាគីនិយម ដែលផ្តល់អាទិភាព ដល់ការរួបរួមគ្នា ក្នុងការដោះស្រាយ បញ្ហាប្រឈមនានា ។

ទន្ទឹមនេះដែរ, យើងក៏ត្រូវបន្តយកចិត្តទុកដាក់ ឱ្យកាន់ខ្លាំង ចំពោះប្រព័ន្ធអន្តរជាតិ ដែលមានអង្គការសហប្រជាជាតិ ជាស្នូល និងអនុញ្ញាត ឱ្យមានការលើកកម្ពស់ កិច្ចសហប្រតិបត្តិការ ជាជាងការប្រឈមមុខដាក់គ្នា ។ លើសពីនេះទៅទៀត យើងមិន​គួររារាំងបណ្តាប្រទេសនានា ដោយការដាក់ទណ្ឌកម្មឯកតោភាគី , ការហ៊ុមព័ទ្ធសេដ្ឋកិច្ច ឬប្រើប្រាស់ទណ្ឌកម្មផ្សេងទៀត ដែលបំពានលើច្បាប់អន្តរជាតិ ក៏ដូចជា គោលការណ៍ និងគោលបំណងស្នូល ដែលមានចែង ក្នុងធម្មនុញ្ញអង្គការសហ​ប្រជាជាតិ។

សម្តេចតេជោ បានបន្តថាៈ ក្នុងនាមជា ប្រធានអាស៊ាន សម្រាប់ឆ្នាំ២០២២ ដែលមានមូលបទ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយ​បញ្ហាប្រឈម ទំាងអស់គ្នា” យើងរួមជាមួយនឹងបណ្តាប្រទេស សមាជិក​អាស៊ានផ្សេងទៀត ខិតប្រឹងប្រែងដើរតួនាទី យ៉ាង​សកម្មបន្ថែមទៀត ដើម្បីកសាង អនាគតភ្លឺស្វាង ជាងមុន សម្រាប់អាស៊ី និង ពិភពលោក ។ ក្នុងន័យនេះ យើងនឹងបង្កើន ការខិតខំ​​ប្រឹងប្រែងរបស់យើង ឱ្យបានទ្វេដង លើការពង្រឹងនូវភាពជាកណ្តាល និងភាពធន់របស់អាស៊ាន ។ យើងក៏កំពុង ជំរុញការអនុវត្ត ប្រកបដោយប្រសិទ្ធភាព នូវរាល់គំនិតផ្តួចផ្តើម និងវិធានការ ដែលយើងបានព្រមព្រៀងគ្នា រួមមាន ក្របខ័ណ្ឌ​ស្តារឡើងវិញ គ្រប់ជ្រុងជ្រោយអាស៊ាន, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, ការតភ្ជាប់ទាំងរូបវ័ន្ត និងឌីជីថល, សមត្ថភាពរបស់ សហគ្រាសធុនតូច និងមធ្យម, និងការអភិវឌ្ឍធនធានមនុស្ស ដើម្បីបំពេញតម្រូវការ នៃយុគសម័យឌីជីថល និងបដិវត្តន៍ ឧស្សាហកម្មទីបួន ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថាៈ យើងសូមពឹងផ្អែកលើដៃគូ របស់អាស៊ាន រួមទាំងប្រទេសប្រ៊ីក (BRICS) ចំពោះការ​គាំទ្រ ដើម្បីធានាបាន នូវភាពជោគជ័យ នៃការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា នៅឆ្នាំនេះ ដែលនឹងផ្តល់ផលប្រយោជន៍ ដល់ប្រជាជន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងពិភពលោក ៕/V