​ប្រែ​សម្រួលៈ​បំណង​(ST)៖ កិច្ចខិតខំ​របស់​អឺរ៉ុប​ដើម្បី​ងើបឈរ​ប្រឆាំង​រុស្ស៊ី​និង ប្រធានាធិបតីវ្ល៉ា​ឌី​មៀ ពូ​ទីន កំពុង​ត្រូវ​បង្អាក់​ដោយ​ជន​ខ្លាំង​ពីររូប ដែល​ផ្តោត​លើ​ផលប្រយោជន៍​ជាតិ​របស់​គេ​ជាមុន ។​

​ប្រធានាធិបតី​តួ​ក​គី លោក​រេ​សេប តៃ​យីប អឺ​ដូ​ហ្កា​ន់ កាលពី​ថ្ងៃ​ពុធ​ទី​១៨​ឧសភា​បាន​រារាំង​ការបោះឆ្នោត​តាម​នីតិវិធី​មួយ​អំពី​ការ​ដំណើរការ​ទទួល​ស្គាល់​ប្រទេស​ហ្វាំង​ឡ​ង់​និង​ស៊ុយអែត​ជា​សមាជិក​ថ្មី​របស់​​អង្គការ​ណា​តូ​ភ្លាមៗ​។

​ប្រធានាធិបតី​តួ​ក​គី លោក​រេ​សេប តៃ​យីប អឺ​ដូ​ហ្កា​ន់

​សូមបញ្ជាក់​ថា​កាលពី​ថ្ងៃ​ពុធ កិច្ចប្រជុំ​មួយ​របស់​ឯកអគ្គរដ្ឋទូត​ណា​តូ​មិន​អាច​ឈាន​ដល់​ការស្រុះស្រួល​មតិ​គ្នា​ទេ​នៅក្នុង​ការបោះឆ្នោត​លើក​ដំបូង​ដើម្បី​ដំណើរការ​សំណើ​សុំ​ចូល​ជា​សមាជិកភាព​ណា​តូ​ពី​សំ​ណា​​ក់​ប្រទេស​ហ្វាំ​ង​ឡង់​និង​ស៊ុយអែត ដោយសារ​តែ​សមាជិក​ណា​តូ​មួយ គឺ​តួ​ក​គី​និយាយថា​ខ្លួន​ចង់​អោយ​ណា​តូ​ដោះស្រាយ​ការព្រួយបារម្ភ​សន្តិសុខ​របស់​ខ្លួន​សិន​។​និយាយអោយចំ តួ​ក​គី​ចង់​អោយ​ហ្វាំង​ឡ​ង់​និង​​ស៊ុយអែត បញ្ចប់​អ្វីដែល​លោក​អឺ​ដូ​ហ្កា​ន់​ហៅថា​ការគាំទ្រ​«​អង្គការ​ភេរវកម្ម​»​នៅក្នុង​ប្រទេស​ទាំង​ពីរ​។​

​ជំនួយការ​ជាន់ខ្ពស់​ម្នាក់​របស់​លោក​រេ​សេប តៃ​យីប អឺ​ដូ​ហ្កា​ន់ បាន​ប្រាប់​មន្ត្រី​មក​ពី​ស៊ុយអែត​និង​ហ្វាំង​ឡ​ង់ ព្រម​ទាំង​ប្រទេស​ណា​តូ​ដទៃ​ទៀត​ថា មិន​មាន​ការរីកចំរើន​ទៅ​មុខ​ទេ​ពាក់​ព័ន្ធ​នឹង​ការសុំ​ចូល​ជា​​សមាជិក​ណា​តូ​របស់​ប្រទេស​តំបន់ណ័​រ​ឌិក​(Nordic)​ទាំងពីរ ដរាបណា​គេ​មិន​ទាន់​ដោះស្រាយ​ការព្រួយបារម្ភ​សន្តិសុខ​របស់​តួ​ក​គី​។​

​កាសែត​គាំទ្រ​រដ្ឋាភិបាល​តួ​ក​គី​មួយ​ក្នុងពេល​ជាមួយគ្នា និយាយ​ថា​តួ​ក​គី​បាន​ដាក់​ចេញ​បញ្ជី​ទាមទារ​ចំនួន​ដប់​ចំណុច​ដើម្បី​អោយ​ហ្វាំង​ឡ​ង់​និង​ស៊ុយអែត​បំពេញ​មុនពេល​ខ្លួន​អនុម័ត​យល់ព្រម​អោយ​ប្រ​​ទេស​ទាំង​ពីរ​ចូល​ក្នុង​ណា​តូ​។​

​ទោះជា​មាន​ការប្រទាំងប្រទើស​ខ្លះ អាឡឺម៉ង់​បាន​និយាយថា ខ្លួន​មាន​ជំនឿ​ថា​ហ្វាំង​ឡ​ង់​និង​ស៊ុយអែត​នឹង​នៅតែ​អាច​ចូល​ក្នុង​អង្គការ​ណា​តូ​៕