ដោយៈមុនីរ័ត្ន,តារារិទ្ធ/ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ថា ឥឡូវនេះ ភាគីកម្ពុជា និងឥណ្ឌា កំពុងតែស្វែងរកពេលវេលាសក្តិសមនៅក្នុងព្រះរាជទស្សនកិច្ចរបស់ព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ដែលគ្រោងនឹងយាងទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌាក្នុងឆ្នាំ២០២៣ ព្រមទាំងទស្សនកិច្ចរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកកម្ពុជានឹងទៅទស្សនកិច្ចក្នុងឆ្នាំ២០២២ នេះ ដើម្បីចូលរួមពង្រីកទំនាក់ទំនងទ្វេភាគី ជាពិសេសក្នុងការប្រារព្ធខួបទី៧០នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

ការបញ្ជាក់នេះ ក្នុងជំនួបពិភាក្សាការងារជាមួយលោក ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្រ្តីឥណ្ឌា តាមរយៈប្រព័ន្ធវីដេអូ ពីភូមិគ្រឹះក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ ។

សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណចំពោះឥណ្ឌា ដែលបានចូលរួមផ្ដល់នៅអណ្ដូងទឹកប្រមាណជា១៥០០អណ្ដូង ក៏ដូចជាការផ្ដល់នូវសម្ភារៈផ្សេងៗទៀតដល់ប្រទេសកម្ពុជាដែលជាជំនួយឥតសំណង។

សម្ដេចក៏បានគូសបញ្ជាក់ផងដែរពាក់ព័ន្ធនឹងទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងឥណ្ឌា ថ្វីត្បិតមានការធ្លាក់ចុះនៅសម័យកាលកូវីដ-១៩ ប៉ុន្តែនៅក្នុងឆ្នាំ២០២១ មានការកើនឡើងប្រមាណ៣០០ លានដុល្លារ។ សម្ដេចតេជោក៏បានស្នើដល់ប្រទេសឥណ្ឌា ២ចំណុច ក្នុងនោះ ទី១)នៅក្នុងការជំរុញនូវការបញ្ចប់នីតិវិធីបច្ចេកទេសឲ្យបានឆាប់ ដើម្បីពន្លឿនលើការចុះហត្ថលេខានៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងឥណ្ឌា និងពន្លឿនទៅលើការចរចា ដើម្បីបញ្ចប់នូវសន្ធិសញ្ញាវិនិយោគទ្វេភាគីរវាងកម្ពុជា និងឥណ្ឌា ដើម្បីឈានទៅចុះហត្ថលេខាឲ្យបានឆាប់ផងដែរ។ លើសពីនេះទៀត សម្ដេចក៏បានលើកឡើងអំពីវិស័យទេសចរណ៍ដែលសម្ដេចបានស្នើសុំឱ្យមានការហោះហើរត្រង់ពីឥណ្ឌាមកភ្នំពេញ និងពីឥណ្ឌាមកខេត្តសៀមរាប ក្នុងការជំរុញធ្វើយ៉ាងណាឱ្យទេសចរណ៍មានការកើនឡើងរវាងប្រទេសទាំងពីរ ហើយជាពិសេសទៀត ដោយសារកម្ពុជា ឥឡូវនេះ បានបើកចំហសម្រាប់ទេសចរណ៍ដែលបានចាក់វ៉ាក់សាំងគ្រប់គ្រាន់ហើយនោះដោយពុំបានទាមទារឱ្យមានការធ្វើតេស្តPCR ឬធ្វើតេស្តរហ័សពេលមកដល់ជាដើម ដូច្នេះក្នុងន័យនេះ សម្តេចបានស្នើសុំឲ្យឥណ្ឌាជួយជំរុញការងារនេះ។

ចំពោះកិច្ចសហប្រតិបត្តិការពហុភាគី សម្ដេចតេជោ បានមានប្រសាសន៍ថា ចំពោះវឌ្ឍនភាពនៃកិច្ចប្រតិបត្តិការក្នុងក្របខណ្ឌទំនាក់ទំនងដៃគូសន្ទនាអាស៊ាន និងឥណ្ឌា ដោយកម្ពុជាស្វាគមន៍ការកំណត់យកឆ្នាំ២០២២នេះ ជាឆ្នាំមិត្តភាពអាស៊ាន-ឥណ្ឌា ដែលបានឯកភាពគ្នាលើកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៩ នៅក្នុងឆ្នាំ២០២១កន្លងទៅនេះ ជាពិសេស ដើម្បីរំឭកខួបអនុស្សាវរីយ៍លើកទី ៣០នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា កន្លងមកនេះ ហើយកម្ពុជា ទន្ទឹងរង់ចាំក្នុងការប្រារព្ធ និងអនុវត្តសកម្មភាពដើម្បីអបអរសាទរនៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ។

សម្តេចតេជោ ក៏បានគូសបញ្ជាក់ផងដែរពីសារៈសំខាន់នៃការអនុវត្តគម្រោងផ្លូវល្បឿនលឿនត្រីភាគី ឥណ្ឌា មីយ៉ាន់ម៉ា ថៃ និងការពង្រីកមកកាន់ប្រទេសកម្ពុជា ឡាវ និងវៀតណាមផងដែរ៕សរន