ដោយៈ សុ​ក្ខា​រិ​ន / ពោធិសាត់​: ក្មេងស្រី​សិស្សសាលា បីនាក់ បាន​លង់ទឹក​ស្ទឹង ហើយ​បាត់​ខ្លួន ក្នុងចំណោម​គ្នីគ្នា ប្រាំមួយ​នាក់ នៅវេលា​ម៉ោង ១​និង​៤៥​នាទី ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២២ ម្សិលមិញ​នេះ​ នៅ​ស្ពាន​ក្របៅ​ជ្រុំ ស្ថិតនៅ​ក្នុងភូមិ​ក្របៅ​ជ្រុំ ឃុំ​បាក់​ចិញ្ចៀន ស្រុក​ភ្នំក្រវាញ ។​

​ស្នងការរង​នគរបាល​ខេត្តពោធិ៍សាត់ ផែន​ការងារ​ព្រហ្មទណ្ឌ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ូ​លីដា បានឱ្យដឹង តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី​១៩ ឧសភា​នេះថាៈ ក្រោយ​ទទួល​ព័ត៌មាន​ថា បាត់​ក្មេងស្រី​សិស្សសាលា បីនាក់​នោះ ភ្លាម ស្នងការ​នគរបាល​ខេត្តពោធិ៍សាត់ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស ថេ​ង បាន​ឲ្យ​លោក ដឹកនាំ​កម្លាំង​ការងារ​ព្រហ្មទណ្ឌ ចុះ​ស្រាវជ្រាវ​ករណីនេះ​ភ្លាមៗ ដោយ​សហការ​ជាមួយ នគ​បាល​ស្រុក​ភ្នំ​ក្រវ៉ា​ញ ផងដែរ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ូ​លីដា បានឱ្យដឹង​ថាៈ ក្មេងស្រី​សិស្សសាលា​ទាំង ប្រាំមួយ​នាក់​នោះ មានៈ ១.​ឈ្មោះ ហឿន ស្រី​ល័​ក្ខ អាយុ ១៥ ឆ្នាំ រៀន​នៅ​ថ្នាក់​ទី​៨A , ២.​ឈ្មោះ ហឿន ស្រី​លីន អាយុ ១៥ ឆ្នាំ រៀន​នៅ​ថ្នាក់​ទី​៨A , ៣. ឈ្មោះ គឹម សុខ​គៀង អាយុ ១៤ ឆ្នាំ រៀន​នៅ​ថ្នាក់​ទី​៨B ទាំងបី​នាក់ រស់នៅ​ភូមិ​ទួល​ពង្រ ឃុំ​បាក់​ចិញ្ចៀន ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ ៤.​ឈ្មោះ សុង សុខលី រៀន​នៅ​ថ្នាក់​ទី ៧E , ៥.​ឈ្មោះ ថា ស្រី​ម៉ី អាយុ ១៤ ឆ្នាំ រៀន​នៅ​ថ្នាក់​ទី ៧E , និង​៦.​ឈ្មោះ ជា ស្រីនាថ អាយុ ១៤ ឆ្នាំ រៀន​នៅ​ថ្នាក់​ទី​៨AG ទាំងបី​នាក់ រស់នៅ​ភូមិ​អូរ​រំ​ចង់ ឃុំ​បាក់​ចិញ្ចៀន ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ូ​លីដា បាន​ឲ្យ​ដឹង​ទៀតថាៈ នៅ​មុនពេល​កើតហេតុ ក្មេងស្រី​សិស្ស សាលា​ទាំង ប្រាំមួយ​នាក់ បាននាំគ្នា​ជិះ​ម៉ូតូ ពីរ​គ្រឿង ចេញពី​សាលារៀន មក​ងូតទឹក​ស្ទឹង លេង នៅ​ស្ពាន​ក្របៅ​ជ្រុំ ដែល​ស្ថិតនៅ​ក្នុងភូមិ​ក្របៅ​ជ្រុំ ឃុំ​បាក់​ចិញ្ចៀន ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​។ នៅពេល​មកដល់ ពួកគេ ក៏​នាំគ្នា​ផ្លាស់​សម្លៀកបំពាក់ ហើយ​ចុះ​ងូតទឹក ស្ទឹង ពីក្រោម​ស្ពាន ដោយ​នាំគ្នា​ងូត​បណ្ដែត​ខ្លួន​លេង តាម​ខ្សែទឹក​ហូរ ទៅកាន់​ទី​ជ្រៅ ។ ពេលនោះ ស្រាប់តែ​ឈ្មោះ ថា ស្រី​នាង បាន​បបួល​បក្ខពួករ​បស់​ខ្លួន ទៅលេង​នៅលើ​គល់ ឈើ នៅ​ចម្ងាយ​ពី​កន្លែង​ពួកគេ​លេង ប្រមាណ​ជា ៥០ ម៉ែត្រ ។​

​នៅពេល​នាំគ្នា​ដើរទៅ​ទឹក កាន់តែ​ជ្រៅ​ទៅៗ ពេលនោះ ឈ្មោះ ថា ស្រី​ម៉ី បាន​ទៅយក ឫស្សី មកកាន់​តោង​បណ្ដាក់​គ្នា ដោយ​ឈ្មោះ ហឿន ស្រី​លីន កាន់​នៅខាងមុខ និង​ឈ្មោះ ឃឿន ស្រី​ល័​ក្ខ កាន់​នៅ​ពីក្រោយ​វិញ​។ ចំណែក បួន​នាក់​ផ្សេងទៀត កាន់​នៅ​កណ្ដាល​។ បន្ទាប់មក ឈ្មោះ ហឿន ស្រី​លីន ចេះ​ហែល​ទឹក បាន​ហែល​ទៅមុន ដោយ​ទឹក​ជ្រៅ​ពេក បាន​ស្រែកប្រាប់​គ្នា​ថា កុំ​នាំគ្នា​មក ទឹក​ជ្រៅ​ណាស់ នាំគ្នា​ត្រឡប់​ទៅវិញ​ទៅ​។ អ្នក​ទាំង​បួន ដែល​នៅ​កណ្ដាល ប្រឹង​តោង​ឫស្សី ដើរ​ត្រឡប់​បក​ក្រោយ​វិញ ហើយ​ឲ្យ​ឈ្មោះ ហឿន ស្រី​លក្ខណ៍ ដែល​កាន់​ឫស្សី នៅ​ខាងក្រោយ​គេ ទប់​ពុំ​ជាប់ ហើយ​ជ្រែងជើង និង​លិចខ្លួន ទៅ​បាត​ស្ទឹង ហើយក៏​របូត​ឫស្សី ចេញពី​ដៃ ធ្វើ​ឲ្យ​ឈ្មោះ ថា ស្រី​ម៉ី ឈ្មោះ ជា ស្រីនាថ និង​ឈ្មោះ គឹម សុខ​គៀង បាន​លង់ទឹក អណ្ដែត​តាម​ខ្សែទឹក​ហូរ ទៅ​បាត់ ដោយឡែក ឈ្មោះ សុង សុខលី ត្រូវបាន​ឈ្មោះ ហឿន ស្រី​លិ​ន ទាញ​ដៃ​ជាប់ នៅ​ខាង​ផ្នែក​គល់ឈើ ហើយ​ឈ្មោះ ហឿន ស្រី​ល័​ក្ខ ដែល​លិច​ចូលទៅក្នុង​ទឹកស្ទឹង ខំប្រឹង​រើ​បម្រាស់ រូ​ច​ហែល​មក​ច្រាំង​ស្ទឹង​វិញ​រួច​បាន​ស្រែកហៅ​អ្នកភូមិ ឲ្យ​ជួយ ។ ពេលនោះ អ្នកភូមិ បានឮ ហើយ​បាន ចែវ​ទូក ទៅ​ចម្លង​យកឈ្មោះ សុង សុខលី និង​ឈ្មោះ ហឿន ស្រី​លីន បាន​មកដល់​ច្រាំង​ស្ទឹង​វិញ ។​ ​ដោយឡែក ឈ្មោះ គឹម សុខ​គៀង ជា ស្រីនាថ និង ជា ស្រី​ម៉ី បាន​លង់ទឹក​ហូរ​លិច​បាត់ រក​មិនទាន់​ឃើញ​នៅឡើយ​ទេ ។​

​លោក​ស្នងការរង នគរបាល​ខេត្តពោធិ៍សាត់ បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែមទៀតថាៈ ពាក់ព័ន្ធ ករណី​ខាងលើនេះ សមត្ថកិច្ច កំពុងតែ​ស្វះស្វែង​រុករក ជនរងគ្រោះ​ទាំង បី នាក់ ដែល​លង់ទឹក ហើយ​បាត់​ខ្លួន​នោះ​។ រហូតមកដល់​ថ្ងៃទី​១៩ ឧសភា ២០២២ នេះ នៅតែ​រក​មិនទាន់​ឃើញ​នៅឡើយ​ទេ ៕/V​