ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​រុស្ស៊ី​បាន​សាកល្បង​ដោយ​ជោគជ័យ​សព្វាវុធ​ឡា​ហ្សែ​រថ្មី ដែល​អាច​ធ្វើអោយ​ផ្កាយរណប​ខ្វាក់ភ្នែក​និង​កំទេច​ដ្រូ​ន​នៅ​ចម្ងាយ​រាប់គីឡូម៉ែត្រ​ពី​វា នេះ​បើ​យោង​តាម​ឧបនាយក​រដ្ឋ​​មន្ត្រី​រុស្ស៊ី​ម្នាក់​។​

​យូ​រី បូរី​សូវ (Yury Borisov)​បុរស​ទទួលបន្ទុក​ការអភិវឌ្ឍ​យោធា​ក្នុង​រដ្ឋាភិបាល​លោក​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​និយាយថា​ប្រព័ន្ធ​ពែ​រ៉េ​សវិត​(Peresvet)​នេះ​ត្រូវបាន​បញ្ជូន​ទៅ​ប្រើ​ក្នុង​សមរ​​ភូមិ​រួចហើយ និង​បន្ត​ធ្វើតេស្តិ៍​កាលពី​ថ្ងៃ​អង្គារ​ដើម្បី​អភិវឌ្ឃវា​បន្ថែម​ដោយ​វា​ដុត​កំទេច​ដ្រូ​ន​នៅ​ចម្ងាយ​៥​គីឡូម៉ែត្រ​។​

​រុស្ស៊ី​កាលពី​ថ្ងៃ​ពុធ​បាន​អះអាងថា ខ្លួន​កំពុង​ប្រើ​សព្វាវុធ​ឡា​ហ្សែ​រ​ជំនាន់​ថ្មី​ដ៏​មាន​ឥទ្ធិពល​នៅ​អ៊ុយ​ក្រែន​ដើម្បី​បំផ្លាញ​ដ្រូ​ន​។​ទោះជា​យ៉ាងណា មន្ត្រី​យោធា​អាម៉េរិក​ម្នាក់​បាន​និយាយថា​អាម៉េរិក​មិនបាន​មើល​​ឃើញ​អ្វី​សំរាប់​គាំទ្រ​ការអះអាង​អំពី​ការប្រើ​អាវុធ​ឡា​ហ្សែ​រ​នេះ​នៅ​អ៊ុយ​ក្រែនទេ​។​

​ក្នុងពេល​ជាមួយគ្នា ប្រធានាធិបតី​អ៊ុយ​ក្រែន​បាន​និយាយចំ​អ​កអោយ​សព្វាវុធ​ថ្មី​នេះ​ដោយ​ប្រដូច​វា​ទៅ​នឹង​ការអះអាង​អំពី​សព្វាវុធ​ខ្លាំង​អស្ចារ្យ​ដែល​ពួក​ណា​ស៊ី​អាឡឺម៉ង់​បាន​បញ្ចេញ​ដើម្បី​រារាំង​បរាជ័យ​របស់​​ខ្លួន​នៅក្នុង​សង្គ្រាមលោកលើកទីពីរ​។​លោក​បាន​និយាយ​ដូច្នេះ​ថា​«​ច្បាស់​ណាស់​វា​កាន់តែ​បង្ហាញថា ពួកគេ​មិន​មាន​ឳ​កាស​នៅក្នុង​សង្គ្រាម​នេះ គេ​កាន់តែ​ឃោ​នា​អំពី​សព្វាវុធ​អស្ចារ្យ​ខ្លាំង​ដើម្បី​ធានា​ចំ​ណុ​ត​​របត់​មួយ តែ​សង្គ្រាម​ពេញទំហឹង​នៅ​បី​ខែ​មកនេះ វា​បង្ហាញ​បេសកកម្ម​បរាជ័យ​ទាំងស្រុង​មួយ​»​។​

​រុស្ស៊ី​ក៏​អះអាងថា ប្រព័ន្ធ​សព្វាវុធ​កម្ម​រស្មី​នេះ​ក៏​អាច​ធ្វើអោយ​ខ្វាក់ភ្នែក​ផ្កាយរណប​នៅ​ចម្ងាយ​១.៥០០​គីឡូម៉ែត្រ​លើ​ផែនដី​ផងដែរ​។​

​ការបញ្ចេញ​សព្វាវុធ​ជំនាន់​ថ្មី​នេះ​កើតឡើង​ចំ​ពេល​លោក​ពូ​ទីន​ជាប់ដៃ​ធ្វើ​សង្គ្រាម​នៅ​អ៊ុយ​ក្រែន​ទល់​នឹង​សព្វាវុធ​ទំនើបៗ​របស់​លោក​ខាងលិច​។​

​លោក​យូ​រី បូរី​សូវ បាន​និយាយថា «​វា​ត្រូវ​បាន​បញ្ជូន​ទៅ​អោយ​ទាហាន​ប្រើ​រួចហើយ ។​វា​អាច​ធ្វើអោយ​ខ្វាក់ភ្នែក​ផ្កាយរណប​ស៊ើបការណ៍​របស់​សត្រូវ​ដែល​ហោះ​នៅ​កំពស់​ដល់​ទៅ​១.៥០០​គីឡូម៉ែត្រ​ពី​ដី ដោយ​​ធ្វើអោយ​ផ្កាយរណប​លែង​អាច​ដំណើរការ​កើត​ដោយសារ​តែ​កម្ម​រស្មី​ឡា​ហ្សែ​រ​។​តែ​វា​ជា​ផលិតផល​ថ្ងៃនេះ​ឬ​ពី​ម្សិល​ប៉ុណ្ណោះ ដូច្នេះ​អ្នក​ជំនាញការ​របស់​យើង​កំពុង​បង្កើត​ប្រព័ន្ធ​សព្វាវុធ​កាន់តែខ្លាំង​ដែល​អាច​​វាយប្រហារ​ឧបករណ៍​ផ្សេងៗ​»៕

​បូរី​សូវ បាន​និយាយថា រុស្ស៊ី​បាន​ធ្វើអោយ​មាន​ការរីក​ចំរើន​ខ្លាំង​លើ​ប្រព័ន្ធ​Peresvet​។​លោក​ថា​រុស្ស៊ី​អាច​ធ្វើអោយ​ខ្វាក់ភ្នែក​បណ្តា​ផ្កាយរណប​និង​ប្រព័ន្ធ​ផ្សេងៗ​ដែល​អាម៉េរិក​ប្រើ​សំរាប់​តាមដាន​កាំជ្រួច​​ឆ្លង​ទ្វីប​របស់​រុស្ស៊ី​