ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ជប៉ុន​បាន​កត់ត្រា​ឱនភាព​ពាណិជ្ជកម្ម​ក្នុង​ខែ​មេសា ខណៈ​ការនាំ​ចូល​របស់​ខ្លួន​បាន​កើនឡើង ២៨ ភាគរយ​ដោយសារតែ​ការកើនឡើង​នៃ​ថ្លៃ​ថាមពល​និង​​ការធ្លាក់ចុះ​នៃ​ប្រាក់​យ៉េន​ធៀប​នឹង​ប្រាក់​ដុល្លារ​។​

​ឱនភាព​ពាណិជ្ជកម្មរ​បស់​ជប៉ុន​មាន​ចំនួន​សរុប ៨៣៩ ពាន់​លាន​យ៉េន (៧ ពាន់​លាន​ដុល្លារ​) ក្នុង​ខែមេសា ដែល​ជា​ឱនភាព​ប្រចាំ​ខែ​ទី​ប្រាំបួន​ជាប់ៗ​គ្នា​។ ផ្ទុយទៅវិញ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំជាងគេ​​ទី​បី​របស់​ពិភពលោក​បាន​កត់ត្រា​អតិរេក​ចំនួន​ជិត ២២៧ ពាន់​លាន​យ៉េន​ក្នុង​ខែ​មេសា​ឆ្នាំ​មុន​។​

​ការនាំចេញ​របស់​ជប៉ុន​បាន​កើនឡើង​ដល់ ៨,០៧៦ ទ្រី​លាន​យ៉េន (៦៣ ពាន់​លាន​ដុល្លារ​) កាលពី​ខែ​មុន គឺ​កើនឡើង ១២,៥ ភាគរ​ធៀប​នឹង​ឆ្នាំ​មុន នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​ក្រសួង​ហិរញ្ញវត្ថុ​ចេញ​​ផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៩​ឧសភា​។​

​ការនាំ​ចូល​សរុប​មាន​ចំនួន ៨,៩១៥ ទ្រី​លាន​យ៉េន (៧០ ពាន់​លាន​ដុល្លារ​) ក្នុង​ខែមេសា គឺ​កើនឡើង​ពី​ចំនួន ៦,៩៥៣ ទ្រី​លាន​យ៉េន​ក្នុង​ខែ​មេសា ឆ្នាំ ២០២១​ហើយ​ជា​ចំនួន​ខ្ពស់បំផុត​ធៀប​នឹង​ចំនួន​​នាំចូល​ចាប់តាំងពី​ឆ្នាំ ១៩៧៩​។​

​សមតុល្យ​ពាណិជ្ជកម្ម​របស់​ជប៉ុន​បាន​ប្រែប្រួល​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ដែល​មួយ​ផ្នែក​គឺ​ដោយសារ​តែ​ការរំខាន​ដល់​ផលិតកម្ម​និង​បញ្ហា​ផ្សេង​ទៀត​ដែល​ទាក់ទង​នឹង​ជំងឺ​រាតត្បាត​។​

​ទោះបីជា​ប្រាក់​យ៉េន​ថោក​ជាទូទៅ​ជួយ​បង្កើន​តម្លៃ​នៃ​ការនាំចេញ​របស់​ជប៉ុន​ក៏ដោយ ក៏ប៉ុន្តែ​ការធ្លាក់ចុះ​របស់​វា​ដល់​កម្រិត​ទាប​រយៈពេល ២០​ឆ្នាំ​ធៀប​នឹង​ប្រាក់​ដុល្លារ​អាម៉េរិក​កំពុង​ធ្វើឱ្យ​ការ​នាំចូល​​មាន​តម្លៃ​ថ្លៃ​ជាង​មុន​យ៉ាងខ្លាំង​។​

​ទន្ទឹមនឹងនោះ​ដែរ សង្គ្រាម​នៅ​អ៊ុយ​ក្រែន​បាន​រុញ​ឱ្យ​តម្លៃ​ប្រេង​និង​ឧស្ម័ន​កើនឡើង​យ៉ាង​ខ្លាំង​ដែល​បង្កើន​ការចំណាយ​សម្រាប់​ប្រទេស​មួយ​ដែល​ពឹងផ្អែក​ខ្លាំង​លើ​ធនធាន​នាំចូល​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​​របស់ខ្លួន​។​

​ជប៉ុន​បាន​កត់ត្រា​ឱនភាព​ពាណិជ្ជកម្ម​ប្រចាំឆ្នាំ​ក្នុង​ឆ្នាំ ២០១១ ដល់​ឆ្នាំ ២០១៥ ខណៈ​ការ​នាំចូល​ប្រេង ឧស្ម័ន​និង​ធ្យូងថ្ម​បាន​កើន​ឡើង​បន្ទាប់ពី​គ្រោះ​រញ្ជួយ​ដី​-​រលក​យក្ស​ស៊ូ​ណា​មី​និង​គ្រោះមហន្តរាយ​​នុយក្លេអ៊ែរ​កាលពី​ថ្ងៃទី ១១ ខែ​មីនា ឆ្នាំ ២០១១ នៅ​ឆ្នេរសមុទ្រ​ភាគ​ឦសាន​របស់ខ្លួន ដែល​នាំ​ទៅដល់​ការបិទ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​របស់​ប្រទេស​។ ​រោងចក្រ​តិចតួច​ប៉ុណ្ណោះ​បាន​ចាប់ផ្តើម​បើក​ឡើង​វិញ​ចាប់តាំងពី​ពេលនោះ​មក​។​

​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ប្រទេស​ជប៉ុន​បាន​ប្រកាស​អតិរេក​ពាណិជ្ជកម្ម​ជា​ហូរហែ​។​

​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ផងដែរ ការិយាល័យ​ទេសចរណ៍​ជាតិ​ជប៉ុន​បាន​និយាយថា អ្នកដំណើរ​មកពី​បរទេស​សរុប​មាន​ចំនួន ១៣៩.៥០០ នាក់​ក្នុង​ខែ​មេសា ដែល​លើស​ពី​ចំនួន ១០០.០០០​នាក់​ជា​លើកដំបូង​​ក្នុង​រយៈពេល​ពីរ​ឆ្នាំ ខណៈ​ការ​រឹតបន្តឹង​ការធ្វើដំណើរ​ដោយសារកូ​វីដ​១៩​ត្រូវបាន​បន្ធូរបន្ថយ​បន្តិច​ម្តងៗ​។​

​ជប៉ុន​បាន​រឹតត្បិត​ការធ្វើដំណើរ​ចូលមក​ក្នុង​រយៈពេល​ពី​រ​ឆ្នាំ​ចុងក្រោយ​នេះ​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​មេរោគ​កូរ៉ូណា​។ ក្នុង​ឆ្នាំ ២០១៩ មុនពេល​មាន​ជំងឺ​រាតត្បាត​ជប៉ុន​មាន​អ្នកទេសចរ​មក​ពី​​បរទេស​ចំនួន ៣២ លាន​នាក់​។​

​រដ្ឋាភិបាល​បាន​រាយការណ៍​ក្នុង​សប្តាហ៍​នេះ​ថា ផលិតផល​ក្នុងស្រុក​សរុប​របស់​ជ​ប៉ុន ឬ GDP បាន​ធ្លាក់ចុះ​ក្នុង​អត្រា​ប្រចាំឆ្នាំ ១ ភាគរយ​ក្នុង​ត្រីមាស​ទី​មួយ​ខណៈ​ការកើនឡើង​តម្លៃ​ទំនិញ​និង​ការ​រឹត​​បន្តឹង​លើ​ជំងឺ​កូវី​ដ​១៩ បាន​កាត់បន្ថយ​ការចំណាយ​និង​ការវិនិយោគ​៕

រថយន្ត​សម្រាប់​នាំចេញ​កំពុង​ចត​នៅ​កំពង់ផែ​ក្រុង​យូ​កូហា​ម៉ា​ក្បែរ​ទីក្រុង​តូ​ក្យូ​កាលពី​ថ្ងៃទី​៦ កក្កដា ឆ្នាំ​២០២០