ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ តប​តាម​ការអញ្ជើញ​របស់ លោក​សាស្ត្រាចារ្យ ក្លោ​ស ឆ្វា​ប់ ស្ថាបនិក និង​ជា​ប្រធាន​ប្រតិបត្តិ វេទិកា​សេដ្ឋកិច្ចពិភពលោក សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ ទៅ​ចូលរួម​កិច្ចប្រជុំ ប្រចាំឆ្នាំ​២០២២ របស់​វេទិកា​សេដ្ឋកិច្ចពិភពលោក ក្រោម​មូលបទ «​ការត្រៀមខ្លួន សម្រាប់​យុគសម័យ ក្រោយ​ជំងឺ​កូ​វីដ​» ដែល​នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​២២-២៦ ខែឧសភា ឆ្នាំ​២០២២ នៅ​ទីក្រុង​ដា​វ៉ស​-​ក្លូ​ស្ទ័​រ ប្រទេស​ស្វី​ស ។ នេះ​បេ​ី​យោងតាម​សេចក្តីប្រកាសព័ត៌មាន របស់​ក្រសួងការបរទេស និង​ស​ហ្រ​តិ​ប​ត្តិ​ការ​អន្តរជាតិ នៅ​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២២ នេះ​។​

​អញ្ជើញ​អម​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុង​កិច្ចប្រជុំ​នេះ រួមមាន លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​មន្ត្រីជាន់ខ្ពស់ នៃ​រាជរដ្ឋាភិបាល​កម្ពុជា មួយចំនួន ផ្សេងទៀត ព្រមទាំង​សមាជិក​មួយចំនួន របស់​សភាពាណិជ្ជកម្ម​កម្ពុជា ផងដែរ ។​

​ក្នុងឱកាស​ចូលរួម​ក្នុង​វេទិកា​នេះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​អញ្ជើញ​ថ្លែង សុន្ទរកថា ប្រកបដោយ​អត្ថន័យ ខ្លឹមសារ នៅក្នុង​ពិធី​បិទ កិច្ចពិភាក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ ក្រោម​ប្រធានបទ «​ទស្សនៈវិស័យ យុទ្ធសាស្ត្រ​លើ​អាស៊ាន​» និង​នៅក្នុង​កម្មវិធី​អាហារ ការងារ​ថ្ងៃត្រង់ ក្រៅផ្លូវការ​ជាមួយ ថ្នាក់ដឹកនាំ​សេដ្ឋកិច្ចពិភពលោក ក្រោម​ប្រធានបទ «​ការស្តារ​សន្តិភាព និង​សណ្តាប់ធ្នាប់​ឡើងវិញ​» ។​

​ក្រៅពី​អញ្ជើញ​ចូលរួម ក្នុង​វេទិកា​ខាងលើ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ក៏​រំពឹងថា នឹងមាន​ជំនួប​ពិភាក្សា​ការងារ ជាមួយ​ថ្នាក់ដឹកនាំ នៃ​ប្រទេស​មួយចំនួន ក៏ដូចជា ទទួល​ការ​ចូលជួប​សម្តែង​ការគួរសម ពី​សំណាក់​ឥស្សរជន​នយោបាយ និង​ធុរជន​ពិភពលោក ផងដែរ​។​

​ក្នុងឱកាស​ស្នាក់នៅ​ប្រទេស​ស្វី​ស សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​បើក «​រាត្រី​កម្ពុជា​» (CAMBODIA NIGHT) ដែលជា​ព្រឹ​ត្ត​ការណ៍​រៀបចំ ដោយ​ក្រុមហ៊ុន វើ​ល​ដ៏ ប្រ៊ី​ជ គ្រុប (World Bridge Group) ក្នុង​គោលបំណង ដើម្បី​លើកស្ទួយ​អំពី​ធុរកិច្ច​បរទេស នៅក្នុង​ប្រទេស​កម្ពុជា​។

​សម្តេច​តេ​ជោ ក៏​នឹង​ជួប​សំណេះសំណាល​ជាមួយ បងប្អូន​ជនរួមជាតិ​ខ្មែរ ដែល​រស់នៅ ប្រទេស​ស្វី​ស និង​បណ្តា​ប្រទេស​អឺរ៉ុប ផងដែរ​៕/V​