ដោយ: បាយ័ន/សៀមរាបៈ សួនរុក្ខជាតិអង្គរដែលជាប្រភេទរមណីយដ្ឋានកែច្នៃមួយរបស់អាជ្ញាធរជាតិអប្សរា មានទំហំផ្ទៃដីប្រមាណជាង១៥ហិកតា ស្ថិតក្នុងក្រុងសៀមរាប ដែលអាចចាត់ទុកថា ជាសួនមានលក្ខណៈពិសេសលើសសួនកម្សាន្តដទៃទៀតនៅក្នុងប្រទេសកម្ពុជា ត្រូវបានបើកសម្ភោធជាផ្លូវការហើយ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ឆ្នាំ២០២២នេះ។
ពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ ធ្វើឡើងក្រោមអធិបតីភាពលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់សម្តេច អគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ។
លោកស្រី ភឿង សកុណា បានថ្លែងដោយមោទនភាពនៅក្នុងឱកាសបើកសម្ភោធជាផ្លូវការសួនរុក្ខជាតិអង្គរនោះថា បន្ទាប់ពីបើកសម្ភោធជាផ្លូវការនេះ អាជ្ញាធរជាតិអប្សរានឹងបើកឱ្យសាធារណជនបានចូលទៅទស្សនាចាប់ពីពេលនេះតទៅ។
លោក ជា សុផារ៉ា បានគាំទ្រចំពោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយអាជ្ញាធរជាតិអប្សរា ដែលបានបង្កើតជាសួនរុក្ខជាតិអង្គរដ៏មានសារសំខាន់មួយនេះឡើង។ លោកបន្តថា សួនរុក្ខជាតិអង្គរនេះ មានលក្ខណៈពិសេសណាស់ ក្នុងការអភិរក្សរុក្ខជាតិខ្មែរសំខាន់ៗ ជាពិសេស គឺរុក្ខជាតិដែលអាចយកមកផ្សំធ្វើជាឱសថព្យាបាលជំងឺផ្សេងៗ។
សូមជម្រាបថា សួនរុក្ខជាតិអង្គរនឹងក្លាយជាសមិទ្ធផលទេសចរថ្មីមួយទៀត នៅក្នុងក្រុងសៀមរាប ដែលមានដាំរុក្ខជាតិចម្រុះរាប់ម៉ឺនដើមនៃពូជជាង៥០០ប្រភេទ ដូចជា ដើមផ្កា ស្មៅ ឈើហូបផ្លែដោយអាចចាត់ទុកថា ជាសួនមានលក្ខណៈពិសេសលើសសួនកម្សាន្តដទៃទៀតនៅក្នុងប្រទេសកម្ពុជា ដោយសារតែសួននេះ ស្ថិតក្នុងរចនាប័ទ្មបែបខ្មែរ មានដាំបន្លែចម្រុះជាច្រើនមុខ មានសួនរុក្ខជាតិធ្វើឱសថ សួនគ្រឿងទេស សួនអម្បូរត្នោត សួនលំនៅដ្ឋានខ្មែរ និងសួនព្រៃឈើបន្ថែមលើនេះ ក៏មានសួនសត្វជាច្រើនប្រភេទ ដូចជាអណ្តើក ក្ងោក ព្រាប ទន្សាយនិងសត្វស្លាបប្រវាំងជាដើម៕