​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា និង លោក ហ្គា​ន គីម​យ៉ុង ( Gan Kim Yong) រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​សិង្ហ​បុរី ព្រមទាំង​សហការី បាន​ជួបពិភាក្សា​ការងារ​ទ្វេភាគី នៅ​សណ្ឋាគារ AYANA Resort & Spa នៃ​ទីក្រុង​បាលី ប្រទេស​ឥណ្ឌូនេស៊ី ស្របគ្នា​នឹង​កិច្ចប្រជុំ​ពិសេស​ថ្នាក់​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន ។​

​លោក​រដ្ឋមន្ត្រី​បាន​សម្តែង​ការស្វាគមន៍ និង​ថ្លែងអំណរគុណ​ដល់ លោក ហ្គា​ន គីម​យ៉ុង សម្រាប់​ការគាំទ្រ​កន្លងមក​របស់​ក្រសួងពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​សិង្ហ​បុរី ចំពោះ​ភាពជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា ជាពិសេស​ក្នុងអំឡុងពេល​កិច្ចប្រជុំ​ចង្អៀត​ថ្នាក់​ឧ​ត្ត​ម​មន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​លើក​ទី​២៨ កាលពី​ខែមីនា​កន្លងទៅ​។​

​លោក​រដ្ឋមន្ត្រី​បាន​បន្តថា ភាគី​ទាំង​ពីរបាន​ពិភាក្សា និង​ធ្វើការ​ផ្លាស់ប្ដូរ​យោបល់​ជាបឋម​លើ​កិច្ច​ការសំខាន់ៗ​មួយចំនួន រួមមាន​៖ (១) ការត្រៀម​សម្រាប់​កិច្ចប្រជុំ​ពិសេស​ថ្នាក់​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន (២) គំនិត​ផ្តួចផ្តើម​សាកល្បង​អនុវត្ត​ការងារ​ដែល​ស្ថិតនៅក្រោម​បញ្ជរ​តែមួយ​អាស៊ាន (ASEAN Single Window) រវាង​កម្ពុជា​និង​សិង្ហ​បុរី (៣) ការបង្កើត​ប្រព័ន្ធ​លេខ​អត្តសញ្ញាណ​សម្រាប់​អាជីវកម្ម​តែមួយ​អាស៊ាន (ASEAN Unique Business Identification Number (UBIN) System) (៤) ការជំរុញ​លើ​ពាណិជ្ជកម្ម​ឌីជីថល (៥) ការ​បែរ​ឆ្ពោះទៅរក​ការប្រើប្រាស់​ថាមពល​ប្រកបដោយ​ចីរភាព (៦) កម្មសិទ្ធិបញ្ញា និង​បញ្ហា​ផ្សេងៗ​មួយចំនួនទៀត​។​

លោក​រដ្ឋមន្ត្រី​បន្ថែមថា ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​ក្នុងការ​ផ្លាស់ប្តូរ​ទស្សនៈ​កិច្ច​សម្រាប់​ភាគី​ពាក់ព័ន្ធ នៅក្នុងពេល​ឆាប់ៗ​ខាងមុខ នៅក្នុង​ប្រទេស​សិង្ហ​បុរី ដើម្បី​ចែករំលែក​បទពិសោធន៍ និង​សិក្សា​ស្វែងយល់​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​លើ​វិស័យ​សំខាន់ៗ​ទាំង​៦ ខាងលើ ក្នុង​គោលបំណង​ពង្រឹងសមត្ថភាព​វិស័យ​ឯកជន ជាពិសេស​សហគ្រាស​មីក្រូ តូច និង​មធ្យម​។​

​នៅ​កិច្ចបញ្ចប់ លោក​រដ្ឋមន្ត្រី និង​លោក ហ្គា​ន គីម​យ៉ុង បាន​ប្តេជ្ញាចិត្ត​បន្ត​កិច្ចសហប្រតិបត្តិការ ដើម្បី​លើកកម្ពស់​វិស័យ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​សិង្ហ​បុរី​ឱ្យ​កាន់តែ​ល្អប្រសើរ និង​រីកចម្រើន​មួយកម្រិត​ថែមទៀត​៕​