ដោយៈប.ខុន/ភ្នំពេញៈនៅលើរាជធានីភ្នំពេញល្ងាចថ្ងៃទី១៩ខែឧសភានេះនឹងមានភ្លៀងធ្លាក់ថែមមកទៀត  បន្ទាប់ពីមានភ្លៀងធ្លាក់ដល់កម្រិត១១៥មីលីម៉ែត្រកាលពីយប់ថ្ងៃទី១៨ ចូល១៩ខែឧសភា  ក្នុងពេល នៅខេត្តកំពង់ឆ្នាំងមានភ្លៀងធ្លាក់ដល់កម្រិត១៤៨មីលីម៉ែត្រ។ ឯបណ្តាខេត្តដ៏ទៀតក៏មានភ្លៀងធ្លាក់ច្រើនរាល់ថ្ងៃ ជាពិសេសនៅល្ងាចថ្ងៃទី២១ខែឧសភាដែលជាថ្ងៃបើកយុទ្ធ នាការឃោសនារកសម្លេងឆ្នោតសម្រាប់ក្រុមប្រឹក្សាឃុំ សង្កាត់ ។

លោក ចាន់ យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹកនិង ឧតុនិយមបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី១៩ខែឧសភាឆ្នាំ២០២២ថានៅលើរាជធានី ភ្នំពេញនាល្ងាចថ្ងៃនេះ(១៩ឧសភា)នឹងមានភ្លៀងធ្លាក់ថែមមកទៀតក្នុងកម្រិតពីតិចទៅមធ្យម បណ្តាខេត្តផ្សេងទៀតក៏មានភ្លៀងធ្លាក់ដែរ។ នៅរាជធានីភ្នំពេញកាលពីថ្ងៃម្សិលមិញមានភ្លៀងធ្លាក់ ដល់កម្រិត១១៥មីលីម៉ែត្រលើតំបន់ខ្លះ ឯនៅខេត្តកំពង់ឆ្នាំងមានភ្លៀងធ្លាក់រហូតដល់កម្រិតជាង១៤០មីលីម៉ែត្រ។

អ្នកនាំពាក្យក្រសួងជំនាញខាងលើនិយាយឱ្យដឹងទៀតថានៅរាជធានីភ្នំពេញសម្រាប់ថ្ងៃទី២០ខែឧសភាមិនមានភ្លៀងធ្លាក់ទេ តែនៅថ្ងៃទី២១ខែឧសភាដែលេជាថ្ងៃបើកយុទ្ធនាការឃោសនារកសម្លេងឆ្នោតសម្រាប់ក្រុមប្រឹក្សាឃុំសង្កាត់អាចនឹងមាន ភ្លៀងធ្លាក់ច្រើនដូចជាបណ្តាខេត្តផ្សេងទៀតដែរនៅពេលរសៀល។ ភ្លៀងធ្លាក់រាយប៉ាយឃើញមានច្រើនរាល់ថ្ងៃនៅតាមបណ្តាខេត្តនានាភាគច្រើននៅពេលរសៀល តែសម្រាប់ ខេត្តនៅតំបន់មាត់សមុទ្រភាគច្រើនមានភ្លៀងធ្លាក់នៅពេលព្រឹក។

របាយទឹកភ្លៀងដែលបានធ្លាក់រយៈពេល ២៤ម៉ោងត្រឹមព្រឹកថ្ងៃទី១៩ខែឧសភានៅលើខេត្តព្រះវិហារមានកម្រិតពីតិចដល់៧០មីលីម៉ែត្រ,ខេត្តកំពង់ឆ្នាំងមានកម្រិតពី៨ដល់១៤៨មីលីម៉ែត្រ,ខេត្តប៉ៃលិនមានកម្រិតពីតិចដល់១២មីលីម៉ែត្រ,ខេត្តកោះកុងមានកម្រិតពី២ដល់៣០មីលីម៉ែត្រ,ខេត្តព្រះសីហនុមានកម្រិតពី៥ដល់៥៧មីលីម៉ែត្រ,ខេត្ត ស្វាយរៀងមានកម្រិតពីតិចដ់១៥មីលីម៉ែត្រ,ខេត្តបាត់ដំបមានកម្រិតពី១ដល់៣៨មីលីម៉ែត្រ,ខេត្តកំពង់ធំមានភ្លៀងកម្រិតពី២ដល់២០មីលីម៉ែត្រ,ខេត្តរតនគិរីមានភ្លៀងកម្រិតពី៩ដល់៤៤មីលីម៉ែត្រ,ខេត្តក្រចេះមានភ្លៀងកម្រិតពីតិចដល់១២មីលីម៉ែត្រ,ខេត្តសៀមរាបមានភ្លៀងកម្រិតពី៦ដល់៣០មីលីម៉ែត្រ,ខេត្តកណ្តាលាមនភ្លៀងកម្រិតពី១៧ដល់៨៧មីលី ម៉ែត្រ,ខេត្តព្រៃវែងមានភ្លៀងកម្រិតពី២ដល់៤៦មីលីម៉ែត្រ,ខេត្តកំពង់ស្ពឺមានភ្លៀងកម្រិតពី១ដល់៨៨មីលីម៉ែត្រ,ខេត្តតាកែវមានភ្លៀងកម្រិតពី៧ដល់៩៧មីលីម៉ែត្រ,ខេត្តមណ្ឌលគិរីមានភ្លៀងកម្រិតពី២ដល់៨៥មីលីម៉ែត្រ,ខេត្តឧត្តរមានជ័យមានភ្លៀងកម្រិតពី១៥ដល់៥១មីលីម៉ែត្រ,ខេត្តត្បូងឃ្មុំមានភ្លៀងកម្រិតពី៣ដល់៨៩មីលីម៉ែត្រ,ខេត្តកែបមានភ្លៀងពីតិច ដល់៦មីលីម៉ែត្រ,ខេត្តពិធិសាត់មានភ្លៀងកម្រិតពី៦ដល់១៦មីលីម៉ែត្រ,ខេត្តបន្ទាយមានជ័យមានភ្លៀងកម្រិតពី៩ដល់៧៤មីលីម៉ែត្រ,ខេត្តកំពង់ចាមមានភ្លៀងកម្រិតពីតិចដល់២៨មីលីម៉ែត្រនិងរាជធានីភ្នំពេញមានភ្លៀងកម្រិតពី២១ដល់១១៥មីលីម៉ែត្រ។

ក្រសួងធនធានទឹកនិងឧតុនិយមកាលពីថ្ងៃទី១៧ខែឧសភាឆ្នាំ២០២២បានជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុសម្រាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២៤ខែឧសភាថាព្រះ
រាជាណាកម្ពុជានៅក្នុងសប្តាហ៍នេះនឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌាក្នុងកម្រិតមធ្យមនិងខ្យល់មូសុងនីរតីក្នុងកម្រិតពីបង្គួរទៅខ្លាំងអាចបង្កឱ្យមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីមធ្យមទៅខ្លាំង លាយឡំដោយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់។

ក្នុងសេចក្តីជូនដំណឹងបានសរសេរថាស្ថានភាពបែបខាងលើនេះធ្វើឲ្យតំបន់ទំនាបកណ្តាលមានស៊ីតណ្ហភាពអប្បបរិមាពី២៤ទៅ២៦អង្សាសេ ស៊ីតណ្ហភាពអតិបរិមាមានពី៣៣ទៅ៣៥អង្សាសេ។អាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតតពីមធ្យមទៅខ្លាំង លាយឡំដោយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់ ។ នៅអំឡុងពីថ្ងៃ២២ដល់២៤ខែឧសភាបរិ មាណទឹកភ្លៀងនឹងចុះថមថយបន្តិចទៅវិញ។
សម្រាប់បណ្តាខេត្តនៅជាប់ជួរភ្នំដងរែកនិងខ្ពង់រាបភាគឦសានមានសីតុណ្ហភាពអប្បបរមាពី២៣ទៅ២៥អង្សាសេនិងសីតុណ្ហភាពអតិបរមា មានពី៣៣ទៅ៣៥អង្សាសេ។អាចនឹងមានភ្លៀងនៅក្នុងកម្រិតពីតិចទៅច្រើន  លាយឡំទៅដោយផ្គររន្ទះនិងខ្យល់កន្ត្រាក់។
នៅតំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមាពី២៤ទៅ២៦អង្សាសេនិងសីតុណ្ហភាពអតិបរមាមានពី៣២ទៅ៣៤អង្សាសេ។អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់។ ទន្ទឹមនោះនៅលើផ្ទៃសមុទ្រក៏អាចមានភ្លៀងផ្គរ រន្ទះ ខ្យល់ខ្លាំងនិងរលកសមុទ្រខ្ពស់ផងដែរ៕សរន