​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (Asia Times) ៖ ក្រុម​អ្នកវិទ្យាសាស្ត្រ​ចិន​កំពុង​បង្កើត​អាវុធ​លឿន​ជាង​សំឡេង​ដែល​ស្វែងរក​កម្តៅ ដោយ​អាច​ពង្រីក​ការប្រើប្រាស់​អាវុធ​ទាំង​នេះ​ពី​​ការ​ទប់ទល់​ខាង​នុយក្លេអ៊ែរ​ជា​យុទ្ធសាស្ត្រ​រហូតដល់​អាវុធ​ជាក់លាក់​យុទ្ធសាស្ត្រ​នៅក្នុង​ជម្លោះ​ក្នុង​តំបន់​។​

​ក្រុម​ស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ​វិស្វកម្ម​នៃ​កងកម្លាំង​រ៉ុក្កែត​របស់​កងទ័ព​ចិន​ក្នុង​ទីក្រុង​ស៊ី​អាន​ត្រូវបាន​ផ្តល់​ពេល​រហូតដល់​ឆ្នាំ ២០២៥​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​ទាក់ទង​នឹង​ការបង្កើត​ប្រព័ន្ធ​​នាំ​ផ្លូវ​ដែល​ស្វែងរក​កម្តៅ​ថ្មី​មួយ​។​

​ក្រុម​ការងារ​នេះ​បាន​ពិភាក្សា​អំពី​បញ្ហា​ទាំងនេះ​និង​ដំណោះស្រាយ​របស់​ពួកគេ​នៅក្នុង​ឯកសារ​មួយ​ដែល​បាន​បោះពុម្ព​នៅក្នុង​ទិនានុប្បវត្តិ Infrared and Laser Engineering របស់​ចិន​។ ពួកគេ​បាន​និយាយថា ដោយហេតុ​ថា​មី​ស៊ី​ល​លឿន​ជាង​សំឡេង​ធ្វើដំណើរ​ក្នុង​ចម្ងាយ​អស្ចារ្យ​ក្នុង​រយៈពេល​ដ៏​ខ្លី ដូច្នេះ​កំហុស​តូច​មួយ​នៅក្នុង​ប្រព័ន្ធ​នាំ​ផ្លូវ​របស់​វា​អាច​នាំឱ្យ​បាញ់​ខុស​គោលដៅ​យ៉ាងខ្លាំង​។​

​នៅ​ចម្ងាយ​បែប​នោះ សញ្ញា​អ៊ី​ន​ហ្វ្រា​រ៉េដ​របស់​គោលដៅ​អាចមាន “​តែ​ប៉ុន្មាន​ភី​កសែ​ល​ប៉ុណ្ណោះ ដោយ​គ្មាន​ព័ត៌មាន​លម្អិត​ណាមួយ ដូច​ជា​រូបរាង ផ្ទៃ និង​រចនាសម្ព័ន្ធ​”​ដែល​ធ្វើឱ្យ​ការតាមដាន​និង​ការ​​កំណត់​គោលដៅ “​ពិបាក​ខ្លាំងណាស់​”​។​

​ដូចគ្នានេះដែរ ឧបករណ៍​ចាប់​សញ្ញា​ស្វែងរក​កម្តៅ​គឺ​ត្រូវការ​បរិយាកាស​ត្រជាក់​ខ្លាំង​ដើម្បី​ដំណើរការ ដែល​ជា​បញ្ហា​អំឡុងពេល​ហោះហើរ​ក្នុង​ល្បឿន​លឿន​ជាង​សំឡេង​។​ក្នុងអំឡុងពេល​ហោះហើរ​លឿន​​ជាង​សំឡេង ស្រទាប់ប្លា​ស្មាក្តៅ​ជាង​ផ្ទៃ​ព្រះអាទិត្យ​បង្កើត​នៅលើ​សំបក​មី​ស៊ី​ល ដែល​បំផ្លាញ​ភាពត្រឹមត្រូវ​នៃ​ឧបករណ៍​ចាប់​សញ្ញា​ស្វែងរក​កម្តៅ​ទូទៅ​។​

​អ្នក​ដឹកនាំ​ក្រុម​ស្រាវជ្រាវ​លោក យ៉ាង សៀវ​កាង (Yang Xiaogang)​បាន​ពិភាក្សា​អំពី​ដំណោះស្រាយ​នេះ​ជាមួយ​ក្រុមការងារ​ក្នុងការ​យកឈ្នះ​លើ​បញ្ហា​ប្រឈម​បច្ចេកទេស​ទាំងនេះ​៕

​ចិន​កំពុង​ព្យាយាម​បង្កើត​មី​ស៊ី​ល​លឿន​ជាង​សំឡេង ដែល​ស្វែងរក​កម្តៅ​ឱ្យ​រួចរាល់​មុន​ឆ្នាំ​២០២៥