ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ វីរបុរសបាល់ទាត់អ៊ុយក្រែន អេនទ្រី សេវឆេនកូ (Andriy Shevchenko) បានជួបជាមួយលោកវ៉ូឡូឌីមៀ ហ្សេលេនស្គី ក្នុងទីក្រុងគៀវបន្ទាប់ពីក្លាយជាឯកអគ្គរដ្ឋទូតទីមួយនៃអង្គការសប្បុរសធម៌ដែលបង្កើតឡើងដោយប្រធានាធិបតីរបស់ប្រទេសបន្ទាប់ពីការលុកលុយរបស់រុស្ស៊ី។
សេវឆេនកូបានលាតត្រដាងថា គាត់បានចូលរួមក្នុងវេទិការៃអង្គាសប្រាក់របស់អង្គការ UNITED24ដែលស្នើសុំប្រាក់បរិច្ចាគដែលចូលទៅធនាគារជាតិអ៊ុយក្រែនដោយផ្ទាល់ហើយបន្ទាប់មកត្រូវចែកចាយដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រាម។
អតីតខ្សែប្រយុទ្ធ Chelsea, AC Milan និង Dynamo Kiev រូបនេះនឹងក្លាយជាឯកអគ្គរដ្ឋទូតនៃអង្គការសប្បុរសធម៌ ដែលផ្តល់ការគាំទ្រក្នុងវិស័យនានារួមទាំងការការពារជាតិនិងការដោះមីន ជំនួយផ្នែកវេជ្ជសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធ។
គាត់បានត្រឡប់ទៅទីក្រុងគៀវវិញដើម្បីជួបផ្ទាល់ជាមួយលោកហ្សេលេនស្គី ដែលការប្រព្រឹត្តរបស់គាត់ពេញមួយសង្គ្រាមជាមួយរុស្ស៊ី ដែលបានចាប់ផ្តើមនៅពេលដែលកងទ័ពរបស់លោក វ្ល៉ាឌីមៀ ពូទីន បានឈ្លានពានប្រទេសកាលពីថ្ងៃទី ២៤ ខែកុម្ភៈ បានជួបជាមួយនឹងការសរសើរយ៉ាងទូលំទូលាយ។
មនុស្សជាង ១៣ លាននាក់បានភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែនចាប់តាំងពីសង្គ្រាមដែលបានចាប់ផ្តើមដោយលោកពូទីន។ ជនស៊ីវិលរាប់ពាន់នាក់ក្នុងប្រទេសត្រូវបានសម្លាប់ ដោយសារតែការបាញ់ផ្លោងនិងមីស៊ីលពីសំណាក់កងកម្លាំងរុស្ស៊ី។
ដូចតម្លៃផ្នែកមនុស្សធម៌ដែរ សង្គ្រាមបានផ្អាករាល់កីឡាក្នុងប្រទេសអ៊ុយក្រែន។ រដូវកាលក្របខ័ណ្ឌ Premier League របស់អ៊ុយក្រែនត្រូវបានបញ្ចប់កាលពីខែមុនខណៈការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រវើលខាប់របស់ក្រុមជម្រើសជាតិអ៊ុយក្រែនជាមួយនឹងក្រុមជម្រើសជាតិស្កុតឡែនត្រូវបានពន្យារពេលរហូតដល់ថ្ងៃទី ២៤ ខែមិថុនា។
សេវឆេនកូបានសរសេរនៅលើ Instagram ថា “ខ្ញុំបានក្លាយជាឯកអគ្គរដ្ឋទូតទីមួយសម្រាប់វេទិការៃអង្គាសថវិកា UNITED24 ដែលបើកដំណើរការដោយប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី”។
“ខ្ញុំបានធ្វើដំណើរពីទីក្រុងឡុងដ៍ទៅកាន់ទីក្រុងគៀវដើម្បីជួបគាត់ដោយផ្ទាល់។ ខ្ញុំបានតំណាងប្រទេសអ៊ុយក្រែនក្នុងឆាកបាល់ទាត់អន្តរជាតិអស់ជាច្រើនឆ្នាំមកហើយ។ សព្វថ្ងៃនេះ នៅពេលដែលប្រទេសរបស់ខ្ញុំត្រូវបានហែកហួរដោយសង្គ្រាម អាទិភាពរបស់ខ្ញុំគឺជួយអ៊ុយក្រែន មិនមែនបាល់ទាត់ទេ។ ខ្ញុំសូមអំពាវនាវដល់អ្នករាល់គ្នាធ្វើការបរិច្ចាគ”។
“មូលនិធិទាំងអស់នឹងត្រូវបានផ្ទេរទៅគណនីរបស់ធនាគារជាតិអ៊ុយក្រែនភ្លាមៗ។ អ្នកអាចបរិច្ចាគទៅផ្នែកដោះមីនរបស់អ៊ុយក្រែន សង្គ្រោះជីវិតមនុស្សដោយការបរិច្ចាគទៅផ្នែកវេជ្ជសាស្ដ្រ ឬការសាងសង់សាលាមត្តេយ្យ ឬស្ពានឡើងវិញ”។
“រាល់ការរួមចំណែកគឺមានតម្លៃមិនអាចកាត់ថ្លៃបាន ខណៈរុស្ស៊ីបានបំផ្លាញរួចទៅហើយនូវអគារជាង ៧.០០០ ខ្នង ផ្លូវរាប់ពាន់គីឡូម៉ែត្រ និងបន្តសម្លាប់ជនជាតិអ៊ុយក្រែនជារៀងរាល់ថ្ងៃ។ ខ្ញុំសូមអរគុណប្រធានាធិបតីអ៊ុយក្រែនសម្រាប់ការជឿទុកចិត្តរបស់គាត់ និងសម្រាប់កិត្តិយសដ៏ឧត្តុង្គឧត្តមនេះ ហើយសូមសរសើរគ្រប់គ្នាចំពោះការចូលរួមរបស់អ្នក!”។
“ខ្ញុំសូមអំពាវនាវឱ្យអ្នកចូលរួមចំណែកដល់ជ័យជម្នះរបស់អ៊ុយក្រែន។ ដល់ជ័យជម្នះនៃសេរីភាព។ ដល់ជ័យជម្នះនៃពិភពលោកសេរីទាំងមូល”៕
សេវឆេនកូជួបលោកហ្សេលេនស្គីដោយផ្ទាល់កាលពីថ្ងៃពុធ