ដោយៈ អង្គា​រ៍​ហេង / ភ្នំពេញៈ មន្ដ្រី​យោធា ពាក់​ផ្កាយ​ពីរ​ម្នាក់ បានសម្រេច​ចិត្ត​យក​កាំភ្លើងខ្លី បាញ់សម្លាប់​ខ្លួនឯង បង្កឱ្យមាន​ការភ្ញាក់ផ្អើល នៅ​ព្រឹក​ថ្ងៃទី​១៨ ខែឧសភា​ឆ្នាំ​២០២២ នៅ​ចំណុច​ក្នុងផ្ទះ​លេខ​១៣៩ ផ្លូវ​លេខ​៦៥៦ ភូមិ​ព្រះ​ពន្លា សង្កាត់​ព្រែកប្រា ​ខណ្ឌ​ច្បារអំពៅ​។​

​តាម​សេចក្ដីរាយការណ៍​ពី សមត្ថកិច្ច បានឱ្យដឹងថាៈ អត្តឃាត​ជន ឈ្មោះ ហេង សារ៉ាន់អាយុ ៥០ ឆ្នាំ មុខរបរ​យោធា មាន​តួនាទី​ជា នាយករង នៃ​នាយកដ្ឋាន​ភូមិសាស្ត្រទទួលបន្ទុក មជ្ឈមណ្ឌល​ហ្វឹកហ្វឺន ភូមិសាស្ត្រ​យោធា មាន​ឋានន្តរស័ក្តិ ឧ​ត្ត​ម​សេនីយ៍​ទោនិង​មាន​ទីលំនៅ​ផ្ទះកើតហេតុ ខាងលើ​។​

​យោងតាម​ការបំភ្លឺ​ពី​ឈ្មោះ អ៊ុ សុ​ផានី អាយុ ៤២ ឆ្នាំ ជា​ប្រពន្ធ​របស់​អត្តឃាត​ជន​នោះ​បានបញ្ជាក់​ថាៈ ប្តី​របស់ខ្លួន មាន​អា​ការៈឈឺ និង​តឹង​ក្នុង​ក្បាល រយៈពេល​ជាង ១០ ថ្ងៃ​មកហើយ លុះ​នៅ​ព្រឹក​កើតហេតុ ប្តី​របស់គាត់ នៅតែមាន​អាកា​រៈ​ឈឺក្បាល​ហើយ​ខ្លួន​បាន​ប្រាប់​ឱ្យ​គាត់ ទៅ​មន្ទីរពេទ្យ តែ​គាត់​មិន​ព្រម ទើប​ខ្លួន​បាន​ដើរទៅ​ទិញ​ផ្លែឈើនៅ​ផ្សារ ដើម្បី​យកមក​ឱ្យ​ប្ដី​ពិសា​។ លុះដល់​ម៉ោង​ជិត ១០ ពេល​ត្រឡប់មកផ្ទះ​វិញ​ហើយ​ចូល​តាម​ទ្វារ​ខាងក្រោយ ដើរ​ចូលមក​ក្នុងផ្ទះ ស្រាប់តែ​ឃើញ​ប្តី ស្លាប់​នៅលើ​គ្រែ​ហើយ​នៅក្បែរ​ខ្លួន មាន​កាំភ្លើងខ្លី មួយ​ដើម​។​

​ដោយឡែក ឈ្មោះ ហែម ប៊ុនថន ភេទ​ប្រុស អាយុ ៤៥ ឆ្នាំ ជា​អ្នកធ្វើការ​ជាមួយ​អត្តឃាត​ជន បាន​អះអាងថាៈ មុនពេល​កើតហេតុ អត្តឃាត​ជន បាន​ដើរចេញ​ពីក្នុងផ្ទះ​តាម​ទ្វារ​ខាងក្រោយ មក​អង្គុយលេង នៅលើ​បង់ ក្នុង​បរិវេណ​នាយកដ្ឋាន​ភូមិសាស្ត្រ​យោធា ហើយ​ខ្លួន​ក៏បាន​ទៅ​អង្គុយ ជជែក​គ្នា​លេង​ជាមួយ​អត្តឃាត​ជន​ដោយ​អត្តឃាត​ជន បាន​ប្រាប់ថា គាត់​ឈឺក្បាល​ខ្លាំងណាស់ ហើយ​ក៏បាន​ដើរចូល​ទៅក្នុង​ផ្ទះ​វិញ​។ បន្តិចក្រោយមក ខ្លួន​ក៏​ឮ​សំឡេង​ផាំង តែ​មិន​ចាប់អារម្មណ៍​។ មួយសន្ទុះ​ក្រោយមក ប្រពន្ធ​របស់គាត់ បានមកពី​ក្រៅ​វិញ ដើរចូល​ផ្ទះ​តាម​ទ្វារ​ខាងក្រោយ
​ស្រាប់តែ​ផ្អើលឆោឡោ​ថា ប្តី​របស់គាត់ ស្លាប់​បាត់ទៅហើយ​។​

​តាម​ការសន្និដ្ឋាន បុរស​នោះ បាន​ស្លាប់​ដោយ​ត្រូវ​គ្រាប់កាំភ្លើង (​ធ្វើអត្តឃាត​បាញ់សម្លាប់​ខ្លួនឯង​)​។ ក្រោយ​ពិនិត្យ​សព​ចប់សព្វគ្រប់​ហើយ សាកសព​ត្រូវបាន​សមត្ថកិច្ច​ប្រគល់ឱ្យ​ក្រុមគ្រួសារ ធ្វើបុណ្យ​តាម​ប្រពៃណី​៕/V​