ដោយៈ ភ្នំសន្ទុក / កំពង់ធំៈ លោក ងួន រតនៈ សមាជិកគណៈ កម្មាធិការកណ្ដាលគណបក្ស ប្រធានគណៈកម្មាធិការគណ បក្សខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្ស ខេត្តកំពង់ធំ អមដំណើរដោយមន្ត្រីជាច្រើនរូប បានអញ្ជើញ ជួបសំណេះសំណាល ជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ អាណត្តិទី៥  របស់គណបក្ស ប្រជាជនកម្ពុជា តាមបណ្តាឃុំទាំង៩ ក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ នេះ។

លោក អ៊ុត វណ្ណរ៉ា ប្រធានគណបក្សប្រជាជនកម្ពុជា ស្រុកសណ្តាន់ បានឱ្យដឹងថាៈ ស្ថានភាពរបស់ស្រុក បេក្ខជនឈរឈ្មោះ ពេលនេះ សុទ្ធតែបានខិតខំប្រឹងប្រែង បម្រើប្រជាពលរដ្ឋ យ៉ាងសស្រាក់សស្រាំ ធ្វើឱ្យប្រជាពលរដ្ឋ និងសមាជិកគណបក្ស ពេញចិត្តបំផុត ។ ជាក់ស្តែង សមិទ្ធផលនៃឃុំនីមួយៗ មានការរីកចម្រើន លើគ្រប់វិស័យ ទាំងវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងសេវាផ្សេងៗទៀត ដែលបានបម្រើ ជូនប្រជាពលរដ្ឋ ។ 

ពិសេសជាគុណសម្បត្តិ ដ៏វិសេសវិសាល គឺការគោរពតាមអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន វិធានការរបស់ក្រសួងសុខាភិបាល (៣ការពារ ៣កុំ) និងជំរុញការចាក់ វ៉ាក់សាំង ជូនដល់ប្រជាពលរដ្ឋ ក្នុងស្រុកសណ្តាន់ និងចាប់ពីអាយុ ៣ ឆ្នាំឡើងទៅ បានមកចាក់វ៉ាក់សាំង លើក ទី១ ទី២ ទី៣ ទី៤ សរុបបានចំនួន ១១៧.៩៩៥ នាក់ និងបន្តអ្នកដែលមិនទាន់បាន ចាក់វ៉ាក់សាំងគ្រប់តាមកម្រិត របស់ក្រសួងសុខាភិបាល។

លោក ងួន រតនៈ បានថ្លែងអំណរគុណដល់ បេក្ខជនទាំងអស់ ដែលបានចូលរួមគាំទ្រ និងជួយជ្រោមជ្រែងគណបក្សប្រជាជនកម្ពុជា ហើយបានក្រើនរំលឹកគ្រួសាររបស់ គណបក្សប្រជាជនកម្ពុជា ត្រូវតែបង្កើនកត្តាសាមគ្គីភាព ឯកភាពផ្ទៃក្នុង បន្តទៀត ។

លោក ងួន រតនៈ បានបញ្ជាក់បន្ថែមថាៈ ជាពិសេសពាក់ព័ន្ធនឹងការខិតខំស្វែងរក វ៉ាក់សាំងចែកជូនប្រជាពលរដ្ឋ និងគោលនយោ បាយ ឧបត្ថម្ភសាច់ប្រាក់ ជួយប្រជាពលរដ្ឋក្រីក្រ ដែលជួបការលំបាក នៅក្នុងមូលដ្ឋាន។ 

លោកក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោត ជាពិសេសសមាជិក គាំទ្រគណបក្សប្រជាជនកម្ពុជា សូមអញ្ជើញទៅបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា ដើម្បីឱ្យការបោះឆ្នោតនេះ មានភាពត្រឹមត្រូវ យុត្តិធម៌ តម្លាភាព និងមានការវាយតម្លៃ ទទួលស្គាល់ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ៕/V-PC