ដោយៈ ចាន់តូ / ភ្នំពេញ: សពបុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញអណ្ដែតក្នុងផ្ទៃទឹកដងទន្លេសាប នៅវេលាម៉ោង ៩ និង ៣០ នាទី ព្រឹកថ្ងៃទី១៩ ខែឧសភាឆ្នាំ២០២២ ស្ថិតនៅត្រង់ចំណុច ដងទន្លេសាប ទល់មុខវត្តឧណ្ណាលោមក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។
តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថាៈ នៅមុនពេលកើតហេតុ មានបុរសម្នាក់បានចុះទៅមាត់ច្រាំងទន្លេ ក៏បានប្រទះឃើញសពបុរសម្នាក់ មិនទាន់ស្គាល់នូវអត្តសញ្ញាណ ក៏បង្កឲ្យមានការភ្ញាក់ផ្អើលឡើង។
ពាក់ព័ន្ធករណីនេះ នគរបាលប៉ុស្ដិ៍ជ័យជំនះ បានរាយការណ៍ទៅ សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ចុះមកពិនិត្យទៅលើសព របស់ជនរងគ្រោះ។
ជនរងគ្រោះ មានសភាពហើម ធុំក្លិនស្អុយ ដោយស្លៀកខោ សាច់ក្រណាត់ ពណ៌ខ្មៅជើងវែង ពាក់ស្បែកជើងប៊ូ ពណ៌ខ្មៅ អាវក្នុង សាច់ក្រណាត់ពណ៌សាច់ អាវខាងក្រៅសាច់ក្រណាត់ ខោវប៊យ ពណ៌ខ្មៅ ដោយមានកាបូបដៃមួយ ពណ៌ខ្មៅ ទំហំទទឹងមួយតឹកកន្លះ បណ្ដោយពីរតឹកកន្លះ ក្នុងនោះមានកាតធនាគារមួយ ទូរស័ព្ទដៃមួយគ្រឿង ម៉ាក OPPO និងកាតចាក់វ៉ាក់សាំង ដែលមានឈ្មោះ ទូច ម៉ៃដាក ជនជាតិខ្មែរ មានអាយុប្រហែលជាង ៣០ ឆ្នាំ ទីកន្លែងចាក់វ៉ាក់សាំង នៅវត្តប្រាង្គអណ្ដែត ហៅវត្តម្លិច ខេត្តតាកែវ។
ក្រោយពីបានពិនិត្យសពរួចហើយ សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា បុរសរងគ្រោះពិតជាស្លាប់ ដោយសារលង់ទឹក រួចសមត្ថកិច្ច ក៏បានដឹកយកសពជនរងគ្រោះទៅតម្កល់ទុក នៅវត្តទឹកថ្លា ដើម្បីរង់ចាំសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕/V