ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ អតីតប្រធានាធិបតីអាម៉េរិកលោក ចច ដាប់ប៊លយូ ប៊ូស បានពណ៌នាច្រឡំថា ការឈ្លានពានអ៊ីរ៉ាក់គឺ “ឃោរឃៅ” និង “អយុត្តិធម៌”មុនពេលកែកំហុសខ្លួនគាត់វិញថា គាត់ចង់សំដៅលើការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។
លោកប៊ូសបានធ្វើការអត្ថាធិប្បាយបែបនេះនៅក្នុងសុន្ទរកថាមួយក្នុងអំឡុងព្រឹត្តិការណ៍មួយនៅទីក្រុងដាល់ឡាសកាលពីថ្ងៃពុធ ទី១៨ ឧសភា ខណៈគាត់រិះគន់ប្រព័ន្ធនយោបាយរបស់រុស្ស៊ី។
លោកប៊ូសបាននិយាយថា “លទ្ធផលនេះគឺមកពីអវត្តមាននៃការត្រួតពិនិត្យនិងសមតុល្យនៅក្នុងប្រទេសរុស្ស៊ីនិងការសម្រេចចិត្តរបស់បុរសម្នាក់ដើម្បីចាប់ផ្តើមការលុកលុយដោយអយុត្តិធម៌និងឃោរឃៅទាំងស្រុងទៅលើអ៊ីរ៉ាក់” មុនពេលកែតម្រូវនិងគ្រវីក្បាលហួសចិត្តខ្លួនឯង។ លោកប៊ូសនិយាយថា “ខ្ញុំចង់មានន័យថាអ៊ុយក្រែន”។ លោកបានបន្ទោសកំហុសនេះទៅលើអាយុច្រើនរបស់គាត់ ខណៈទស្សនិកជននាំគ្នាផ្ទុះសំណើច។
នៅឆ្នាំ ២០០៣ នៅពេលប៊ូសនៅជាប្រធានាធិបតី សហរដ្ឋអាម៉េរិកបានដឹកនាំការលុកលុយប្រទេសអ៊ីរ៉ាក់ជុំវិញអាវុធប្រល័យលោក ដែលមិនត្រូវបានរកឃើញទាល់តែសោះ។ ជម្លោះដ៏រ៉ាំរ៉ៃនេះបានសម្លាប់មនុស្សរាប់សែននាក់និងបណ្តាលឱ្យមនុស្សជាច្រើននាក់ទៀតផ្លាស់ទីលំនៅ។
សម្តីរបស់លោកប៊ូសបានរីករាលដាលយ៉ាងរហ័សនៅលើបណ្តាញសង្គម ដោយប្រមូលបានការចូលមើលជាងបីលានដងនៅលើ Twitter តែឯង បន្ទាប់ពីឃ្លីបនេះត្រូវបានចែកចាយលើ Twitter ដោយអ្នកយកព័ត៌មាន Dallas News៕
លោកប៊ូសច្រឡំនិយាយថា ការឈ្លានពានអ៊ីរ៉ាក់ពិតជាឃោរឃៅនិងអយុត្តិធម៌