ប្រែសម្រួលៈបំណង(បាងកកប៉ុស្តិ៍)៖ ជ័យលាភីរង្វាន់ណូបែលសន្តិភាព លោក ហ្សូស រ៉ាម៉ូស-ហ័រតា(Jose Ramos-Horta)នៅថ្ងៃសុក្រទី២០ឧសភានេះបានស្បថចូលកាន់តំណែងប្រធានាធិបតី ទីម័រឡេស(ទីម័រខាងកើត)ដោយសន្យាបំបែកការជាប់គាំងនយោបាយជាយូរមកហើយមួយនៅក្នុងប្រទេសវ័យក្មេងបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ នៅពេលខ្លួនប្រារព្វខួបទី២០នៃការទទួលបានឯករាជ្យភាពពីឥណ្ឌូនេស៊ី។
អតីតដែនដីអាណានិគមព័រទុយហ្កាល់មួយនេះ ដែលទទួលបានឯករាជ្យភាពពីឥណ្ឌូនេស៊ីនៅឆ្នាំ២០០២ក្រោយការកាន់កាប់របស់រដ្ឋាភិបាលក្រុងហ្សាការតាអស់២៤ឆ្នាំ បានប្រារព្វឳកាសនេះជាមួយនឹងការប្រគំតន្ត្រី ការបាញ់កាំជ្រួចផ្ការាប់ពាន់នៅក្នុងរដ្ឋធានី ឌីលី(Dili)។
វីរជនបដិវត្តន៍វ័យ៧២ឆ្នាំនេះ ដែលធ្លាប់កាន់តំណែងប្រធានាធិបតីទីម័រឡេសម្តងហើយ បានយកឈ្នះគូប្រជែង ហ្វ្រង់ស៊ីស្កូ “លូ-អូឡូ” ហ្គូទែររ៉េស(Francisco “Lu-Olo” Guterres )ក្នុងការបោះឆ្នោតកាលពីថ្ងៃ១៩មេសា ដោយដណ្តើមបានសម្លេងគាំទ្រ៦២ភាគរយ។
ថ្លែងនៅសភាកាលពីព្រឹកថ្ងៃសុក្រ លោក រ៉ាម៉ូស-ហ័រតា បានអំពាវនាវអោយមានឯកភាពជាតិរវាងបក្ខពួកប្រជែងគ្នា ។លោកបាននិយាយថា« ខ្ញុំនឹងបំពេញភារកិច្ចជាមួយនឹងសេចក្តីស្មោះត្រង់របស់ខ្ញុំដែលប្រជាជាតិទុកចិត្តលើខ្ញុំ…ហើយខ្ញុំនឹងលះបង់កម្លាំងកាយចិត្តទាំងអស់របស់ខ្ញុំដើម្បីការពារនិងពង្រឹងឯករាជ្យភាពព្រមទាំងឯកភាពជាតិ »។
លោកបានបន្ថែមថា «សន្តិភាពនឹងកើតមានពិតហើយឋិតថេរទៅបាននៅពេលវាកើតចេញពីការចរចានិងការគោរពគ្នា ដែលគ្មានភាគីណាយល់ថាខ្លួនត្រូវបានបង្ខំឬបំភិតបំភ័យ»។
នៅចំណុចមួយក្នុងអំឡុងពេលថ្លែងសុន្ទរកថា លោក រ៉ាម៉ូស-ហ័រតា បានទទួលការឳបស្វាគមន៍ពីអ្នកកាន់តំណែងមុនលោក ហ្គូទែររ៉េស។
ការបោះឆ្នោតកាលពីខែមុនដែលបានប្រព្រឹត្តទៅដោយគ្មានឧបទ្ទវហេតុ ត្រូវបានមើលឃើញថាជាឳកាសមួយដើម្បីកំណត់ឡើងវិញការជាប់គាំងនយោបាយរវាងគណបក្សCNRTរបស់លោក រ៉ាម៉ូស-ហ័រតាជាមួយនឹងគណបក្សរណសិរ្សបដិវត្តន៍សំរាប់ទីម័រឡេសឯករាជ្យមួយរបស់លោកហ្គូទែររ៉េស។ការជាប់គាំងនេះនាំអោយរដ្ឋាភិបាលមិនអាចអនុម័តថវិកាអស់ពេលរាប់ឆ្នាំ ធ្វើអោយជាប់គាំងសេដ្ឋកិច្ចសំរាប់ប្រជាជន១,៣លាននាក់របស់ប្រទេសនេះ។
ក្នុងសុន្ទរកថា លោក រ៉ាម៉ូស-ហ័រតា ក៏បាននិយាយអំពីការជួយរក្សាសន្តិភាពតំបន់និងសកលលោក ព្រមទាំងពង្រីកទំនាក់ទំនងទ្វេភាគីជាមួយចិន និងបានសរសើរអាម៉េរិកចំពោះតួនាទីរបស់ខ្លួននៅក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធរបស់ប្រទេសលោក៕
លោក ហ្សូស រ៉ាម៉ូស-ហ័រតា ក៏ចង់ជំរុញការចូលរបស់ទីម័រឡេសក្នុងសមាគមអាស៊ាន និងបាននិយាយថា លោករំពឹងថាប្រទេសលោកនឹងក្លាយជាសមាជិកអាស៊ានទី១១នៅទីបំផុត