​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ សេត​វិមាន​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​១៨​ឧសភា​ថា រដ្ឋាភិបាល​អាម៉េរិក​នឹង​ដឹកជញ្ជូន​ម្សៅ​ទឹកដោះគោ​កូនក្មេង​តាម​យន្តហោះ​ពាណិជ្ជកម្ម​ដែល​ជាប់​កិច្ចសន្យា​ជាមួយ​យោធា​ក្នុង​គោលបំណង​បន្ធូរបន្ថយ​ការខ្វះខាត​ដ៏​ធំ​ដែល​កំពុង​ញាំញី​ប្រទេស​នេះ​។​

​កង្វះ​ម្សៅ​ទឹកដោះគោ ដែល​កើតចេញ​ពី​ព្យុះ​នៃ​បញ្ហា​ខ្សែសង្វាក់​ផ្គត់ផ្គង់​និង​ការប្រមូល​ចូល​ស្តុក​វិញ​ទ្រង់ទ្រាយ​ធំ កំពុង​ធ្វើ​ឱ្យ​ឪពុកម្តាយ​អស់សង្ឃឹម​កាន់តែខ្លាំង ហើយ​បាន​ក្លាយជា​ការឈឺ​ក្បាល​ផ្នែក​នយោបាយ​ដ៏​ធំ​សម្រាប់​ប្រធានាធិបតី ចូ បៃ​ដិន ខណៈ​ការបោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​ជិត​មក​ដល់​។​

​សេត​វិមាន​និយាយថា ក្រសួង​ការពារជាតិ “​នឹង​ប្រើប្រាស់​កិច្ចសន្យា​របស់​ខ្លួន​ជាមួយ​ខ្សែ​សង្វាក់​ដឹកជញ្ជូន​តាម​ផ្លូវអាកាស ដូច​ដែល​ខ្លួន​ធ្លាប់បាន​ធ្វើ​ដើម្បី​ដឹកជញ្ជូន​សម្ភារៈ​ក្នុងអំឡុង​ខែ​ដំបូងៗ​នៃ​ជំងឺ​រាតត្បាត​កូវី​ដ ដើម្បី​ដឹក​ជញ្ជូន​ផលិតផល​ម្សៅ​ទឹកដោះគោ​ពី​រោងចក្រ​ផលិត​នៅ​បរទេស​ដែល​បាន​បំពេញ​តាម​ស្តង់ដារ​សុវត្ថិភាព​របស់​រដ្ឋបាល​ចំណីអាហារ​និង​ឱសថ (FDA)”​។

​សេត​វិមាន​បន្តថា “​ការ​អនុញ្ញាតអោយមានការ​ដឹកជញ្ជូន​តាម​អាកាស​ធម្មតា​នឹង​បង្កើន​ល្បឿន​នៃ​ការ​នាំចូល​និង​ការ​ចែកចាយ​ម្សៅ​ទឹកដោះគោ និង​បម្រើ​ជា​ការគាំទ្រ​ភ្លាមៗ នៅពេល​ដែល​ក្រុមហ៊ុន​ផលិត​បន្ត​បង្កើន​ការផលិត​” ដោយ​ដាក់​ឈ្មោះ​កិច្ចខិតខំ​ប្រឹងប្រែង​នេះ​ថា “​ប្រតិបត្តិការ​ដឹក​ម្សៅ​ទឹកដោះគោ​”​។​

​លោកបៃ​ដិ​នក៏បាន​យកមកប្រើ​ឡើងវិញ​នូវ​ច្បាប់​ផលិត​កម្មកា​រពារ​ជាតិ​ផងដែរ​ដើម្បី​ផ្តល់​អាទិភាព​ដល់​ក្រុមហ៊ុន​ផលិត​ម្សៅ​ទឹកដោះគោ​នៅក្នុង​ខ្សែបណ្តាញ​ផ្គត់ផ្គង់​។​

​សេត​វិមាន​បាន​និយាយថា “​ការ​បញ្ជា​ឱ្យ​ក្រុមហ៊ុន​នានា​ផ្តល់​អាទិភាព​និង​បែងចែក​ផលិតផល​ម្សៅ​ទឹកដោះគោ​ទារក​សំខាន់ៗ​នឹង​ជួយ​បង្កើន​ការផលិត និង​បង្កើន​ល្បឿន​ក្នុង​ខ្សែសង្វាក់​ផ្គត់ផ្គង់​”​។​

​ដំបូង​បង្កឡើង​ដោយ​ការស្ទះ​ខ្សែសង្វាក់​ផ្គត់ផ្គង់​និង​កង្វះ​កម្មករ​ដោយសារ​ជំងឺ​រាតត្បាត កង្វះខាត​នេះ​គឺ​កាន់តែ​ធ្ងន់ធ្ងរ​នៅ​ខែ​កុម្ភៈ នៅពេល​ក្រោយ​ការស្លាប់​ទារក​ពីរ​នាក់ ក្រុមហ៊ុន​ផលិត Abbott បានប្រកាស “​ការប្រមូល​មកវិញ​ដោយ​ស្ម័គ្រចិត្ត​” សម្រាប់​ម្សៅ​ទឹកដោះគោ​ផលិត​នៅ​រោងចក្រ​របស់ខ្លួន​នៅ​មី​ស៊ី​ហ្គែ​ន​និង​បិទ​ទីតាំង​ផលិត​នោះ​តែម្តង​។​

​ការស៊ើបអង្កេត​ជា​បន្តបន្ទាប់​បាន​សម្រេច​ថា​ម្សៅ​ទឹកដោះគោ​ពុំមាន​បញ្ហា​ទេ ហើយ FDA បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​មួយ​កាលពី​ថ្ងៃ​ចន្ទ​ជាមួយ​ក្រុមហ៊ុន Abbott ដើម្បី​បន្ត​ការផលិត​ឡើងវិញ​។ ប៉ុន្តែ​វា​នឹង​ចំណាយ​ពេល​ច្រើន​សប្តាហ៍​ដើម្បី​ទទួលបាន​ផលិតផល​សំខាន់​ត្រឡប់មកវិញ​នៅលើ​ធ្នើរ​តាម​ហាង​នានា​៕

វិបត្តិ​ម្សៅ​ទឹកដោះគោ​កូនក្មេង​ចាប់ផ្តើម​ផ្ទុះ​កាន់តែ​ធំ​កាលពី​ខែ​កុម្ភៈ​ក្រោយ​មាន​ករណី​ក្មេង​ពីរ​នាក់​ស្លាប់​ដោយសារ​ផលិតផល​របស់ Abbott