ដោយៈ អង្គារ៍ហេង / ភ្នំពេញៈ ទីបំផុត លោក សាន ប៊ុនធឿន ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ នៅរសៀល ថ្ងៃទី១៩ ខែឧសភា នេះ បានសម្រេចឃុំខ្លួន មេការសំណង់ម្នាក់ ដាក់ពន្ធនាគារជា បណ្តោះអាសន្ន ដោយចោទប្រកាន់ ចំនួន ២ បទល្មើស ក្នុងសំណុំរឿងផ្សេងគ្នា។

ជនជាប់ចោទ ត្រូវបានកម្លាំងសមត្តកិច្ច កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ចាប់បញ្ជូនទៅតុលាការ ពាក់ព័ន្ធពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ ដែលអាចជួញដូរបាន ពោលគឺ ទិញសម្ភារ គ្រឿងសំណង់ ហើយមិនសងលុយគេ ។

ជនជាប់ចោទ ឈ្មោះ ម៉ង់ សាម៉ន ភេទប្រុស អាយុ ៤៣ ឆ្នាំ មុខរបរ អ្នកម៉ៅការសំណង់ មានទីលំនៅ ផ្ទះលេខ១២០ ផ្លូវ២៨ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

អង្គហេតុនៃការចាប់ខ្លួន មេការសំណង់ម្នាក់នោះ បញ្ជូនទៅតុលាការ សំណុំរឿងនេះ ត្រូវគេប្តឹងថា កាលពីអំឡុងឆ្នាំ២០១៨ ឈ្មោះ ម៉ង់ សាម៉ន ជាអ្នកម៉ៅការសំណង់ បានទៅទាក់ទងទិញគ្រឿងសំណង់ របស់ដើមបណ្តឹង ជាបន្តបន្ទាប់ សរុបទឹកប្រាក់ ចំនួន ៦.៧០០ ដុល្លារអាមេរិក ដែលការទិញគ្រឿងសំណង់នោះ មេការ មិនទាន់បានទូទាត់ប្រាក់ ឲ្យម្ចាស់បំណុលភ្លាមៗទេ ចេះតែសុំពន្យារពេល ម្តងហើយម្តងទៀត ។

រហូតដល់អំឡុង ខែកញ្ញា ឆ្នាំ២០២១ ដើមបណ្តឹង បានណាត់ជួបមេការ (ម៉ង់ សាម៉ន) ដើម្បីសួរនាំ លុយជំពាក់ ថ្លៃគ្រឿងសំណង់នោះ។ ពេលជួបគ្នា មេការសំណង់ បានចេញ មូលប្បទានបត្រ (សែក) មួយសន្លឹក ដែលមានទឹកប្រាក់ ៧.៦០០ ដុល្លារអាមេរិក ឲ្យទៅដើមបណ្តឹង សម្រាប់យកទៅបើក នៅធនាគារ ABA ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ។

លុះដល់ថ្ងៃកំណត់ ដើមបណ្តឹង បានយកមូលប្បទានបត្រនោះ ទៅបើកប្រាក់ពីធនាគារ ស្រាប់តែខាងធនាគារ បញ្ជាក់មកវិញថា សែកនេះ គ្មានសាច់ប្រាក់ទេ គឺជាសែកស្អុយ ហើយចាប់ពីពេលនោះមក មេការសំណង់ ឈ្មោះ ម៉ង់ សាម៉ន ក៏បានគេចវេសពី ម្ចាស់បំណុល មិនព្រមរកការដោះស្រាយ ទើបបានដើមបណ្តឹង ប្តឹងសមត្ថកិច្ច ឲ្យជួយចាត់ការ តាមផ្លូវច្បាប់ ៕/V-PC