ដោយ៖ ដេប៉ូ / រតនគិរី៖ «មន្ត្រីឧទ្យានុរក្សទាំងអស់ មិនមែនត្រឹមតែបំពេញតួនាទីភារកិច្ច តាមឯកសណ្ឋានរបស់ខ្លួន ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិនោះទេ ប៉ុន្តែក៏បំពេញតួនាទីជាឪពុកម្តាយជីដូនជីតា ក្នុងការការពារ និងអភិរក្សព្រៃឈើ សត្វព្រៃ និងធនធានធម្មជាតិផ្សេងទៀត ដើម្បីបន្សល់ទុក សម្រាប់កូនចៅជំនាន់ក្រោយរបស់យើង រាប់ជំនាន់ទៀត»។ នេះជាការថ្លែងបញ្ជាក់ពី សំណាក់លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអនុប្រធានអចិន្ត្រៃយ៍ ក្រុមការងារប្រឆាំង ការសម្អាតប្រាក់ នៃក្រសួងបរិស្ថាន ក្រសួងបរិស្ថាន។

ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ដល់មន្ត្រីឧទ្យានុរក្ស ជាមន្ត្រីនគរបាលយុត្តិធម៌ និងមន្ត្រីអនុវត្តច្បាប់ ចំនួន ៥០ រូប របស់មន្ទីរបរិស្ថានខេត្តរតនគិរី ស្តីពីគោលការណ៍ណែនាំ ស្តីពីបែបបទ និងនីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់ស៊ើបអង្កេត និងការរៀបចំសំណុំរឿង សម្អាងបទល្មើស និងបទល្មើសសម្អាតប្រាក់ ដែលពន្លាតចេញពីបទល្មើសដើម នៃបទល្មើសធនធានធម្មជាតិ នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ លោក នេត្រ ភក្ត្រា បានឱ្យដឹងថាៈ មន្ត្រីឧទ្យានុរក្ស និងជាមន្ត្រីនគរបាលយុត្តិធម៌ ដើរតួនាទីសំខាន់ ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ទាំងការចុះល្បាត បង្ក្រាប និងទប់ស្កាត់បទល្មើស និងការអនុវត្តច្បាប់ ប្រឆាំងនឹងបទល្មើស ដែលបានកើតឡើង នៅក្នុងតំបន់ការពារធម្មជាតិ ដោយក្នុងនោះ ត្រូវអនុវត្តច្បាប់​ស្តីពីតំបន់ការពារធម្មជាតិផង និងច្បាប់ស្តីពីការប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ករណីបទល្មើសដើម មានតម្រុយ ទាក់ទងនឹងការលាងសម្អាតប្រាក់។

លោក រដ្ឋលេខាធិការ បានបញ្ជាក់ថាៈ ក្រសួងបរិស្ថាន មានមន្ត្រីនគរបាលយុត្តិធម៌ និងមន្ត្រីអនុវត្តច្បាប់ សរុបជាង ១.២០០ នាក់ ដែលត្រូវទទួលការបណ្តុះបណ្តាល ពង្រឹងសមត្ថភាព ក្នុងកិច្ចការប្រឆាំងនឹងការសម្អាតប្រាក់។ ក្នុងការបណ្តុះបណ្តាលនេះ ក្រុមការងារប្រឆាំងការសម្អាតប្រាក់ នៃក្រសួងបរិស្ថាន បានធ្វើបទបង្ហាញពាក់ព័ន្ធនឹងច្បាប់ ស្តីពីតំបន់ការពារធម្មជាតិ ច្បាប់ស្តីពីការប្រឆាំងនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងនីតិវិធីប្រតិបត្តិសង្ត់ដារ សម្រាប់អនុវត្ត នៅក្នុងការប្រឆាំងការសម្អាតប្រាក់។

ពាក់ព័ន្ធក្នុងរឿងនេះ លោក រដ្ឋលេខាធិការ បានថ្លែងថាៈ មន្ត្រីអនុវត្តច្បាប់នៃ ក្រសួងបរិស្ថាន បានដើរតួនាទីសំខាន់ណាស់ ក្នុងការប្រយុទ្ធប្រឆាំងនឹងការសម្អាតប្រាក់ ក្នុងបទល្មើស ធនធានធម្មជាតិ និងការពារប្រទេសកម្ពុជា ក្នុងការប្រឆាំងការសម្អាតប្រាក់។ ជាមួយគ្នានេះ លោក រដ្ឋលេខាធិការ ក៏បានជំរុញឱ្យមន្ត្រីនគរបាលយុត្តិធម៌ និងមន្ត្រីអនុវត្តច្បាប់ ត្រូវតែបង្កើន ការយកចិត្តទុកដាក់ និងបន្តអនុវត្តច្បាប់ ឱ្យបានម៉ត់ចត់ និងប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈ ដើម្បីបង្កើនប្រសិទ្ធភាពខ្ពស់ ក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ និងជាពិសេសទប់ស្កាត់ និងបង្ក្រាបបទល្មើសទាក់ទង នឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម​ពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ៕/V-PC