ដោយ: ភ្នំខៀវ / បាត់ដំបង: រថយន្ត Lexus ៣៣០ បើកជែងបំពានគន្លង ដោយមិនប្រុងប្រយ័ត្ន បុកម៉ូតូពេញទំហឹង ប៉ើងខ្ទាតម្ចាស់ជាច្រើនម៉ែត្រ បណ្តាលឲ្យ ស្លាប់ម្នាក់ភ្លាមៗ នៅកន្លែងកើតហេតុ។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅវេលាម៉ោងជាង ១ រសៀល ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ៥ ក្នុងភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

សាក្សីបានបញ្ជាក់បឋមថាៈ មុនពេលកើតហេតុ គេបានឃើញរថយន្ត ម៉ាក Lexus RX ៣៣០ មិនស្គាល់ស្លាកលេខ បានធ្វើដំណើរក្នុងទិសដៅពីខាងជើង ទៅខាងត្បូង យ៉ាងលឿន លុះដល់ចំណុចកើតហេតុ បានឡើងជែងរថយន្ត មួយគ្រឿងទៀត ក៏ជ្រុលចង្កួតទៅបុក ម៉ូតូមួយគ្រឿង ដែលបើកបរ ក្នុងទិសដៅផ្ទុយគ្នា ធ្វើឲ្យទាំងម៉ូតូ ទាំងមនុស្ស ប៉ើងខ្ទាត ហើយជនរងគ្រោះ បានទើរលើរថយន្ត រហូតដល់ចម្ងាយជិត ១០០ ម៉ែត្រ ទើបធ្លាក់ដី ហើយរថយន្ត បានកិនមួយសារទៀត បណ្តាលឲ្យជនរងគ្រោះ ស្លាប់ភ្លាមៗតែម្តង។ ចំណែកឯរថយន្តបង្ក ក្រោយជួបហេតុការណ៍ បានបើកបរគេចខ្លួន បាត់ស្រមោល។

ជនរងគ្រោះស្លាប់ មានឈ្មោះ ដេវីត ភេទប្រុស អាយុ ២០ ឆ្នាំ រស់នៅក្នុងភូមិ-ឃុំ កន្លែងកើតហេតុ។ សមត្ថកិច្ចផ្នែកជំនាញ ក្រោយហេតុការណ៍ បានចុះពិនិត្យវាស់វែង រួចប្រគល់សាកសពជនរងគ្រោះ ឲ្យទៅសាច់ញាតិ រីឯវត្ថុតាងពាក់ព័ន្ធ យកទៅរក្សាទុក នៅអធិការដ្ឋាន និងបន្តការស្រាវជ្រាវ រកភាគីរថយន្តបង្ក ដើម្បីឲ្យចូលខ្លួនមកដោះស្រាយ តាមផ្លូវច្បាប់៕/V-PC