ដោយៈ សុ​ក្ខា​រិ​ន / ពោធិសាត់​: អធិការ​នគ​បាល​ស្រុក​ភ្នំក្រវាញ បាន​ប្រាប់ឱ្យដឹង នៅ​រសៀល​ថ្ងៃទី​១៩ ឧសភា ២០២២​នេះ​ថាៈ ក្មេងស្រី​សិស្សសាលា បីនាក់ ដែល​លង់ទឹក​ស្ទឹង និង​បាត់​ខ្លួន​នោះ បាន​ត្រូវ​រកឃើញ​អស់ហើយ​។​

​លោក​បាន​បញ្ជាក់ថា ក្មេងស្រី​បីនាក់​នោះ មាន ១.​ឈ្មោះ គឹម សុខ​គៀង អាយុ ១៤ ឆ្នាំ រៀន​ថ្នាក់​ទី​៨B រស់នៅ​ភូមិ​ទួល​ពង្រ ឃុំ​បាក់​ចិញ្ចៀន ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​។ ២.​ឈ្មោះ ជា ស្រី​នាង អាយុ ១៤ ឆ្នាំ រៀន​ថ្នាក់​ទី ៨AG និង​៣.​ឈ្មោះ ថា ស្រី​ម៉ី អាយុ ១៤ ឆ្នាំ រៀន​ថ្នាក់​ទី​៧E ទាំងពីរ​នាក់​នេះ រស់នៅ​ភូមិ​អូរ​រំ​ចង់ ឃុំ​បាក់​ចិញ្ចៀន ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​។​

​សូម​រំលឹកថា នៅវេលា​ម៉ោង ១​និង​៤៥​នាទី ថ្ងៃទី​១៨ ឧសភា ២០២២ ក្មេងស្រី សិស្សសាលា ៦​នាក់ បាន​ជិះ​ម៉ូតូ ២ គ្រឿង ចេញពី​សាលា ទៅ​មុជទឹក​ស្ទឹង​លេង នៅ​ចំណុច​ស្ពាន​ក្របៅ​ជ្រុំ ស្ថិតក្នុង​ភូមិ​ក្របៅ​ជ្រុំ ឃុំ​បាក់​ចិញ្ចៀន ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ហើយ​ក្នុងចំណោម​ពួកគេ នោះ ក្មេងស្រី​បីនាក់ ខាងលើ បាន​លង់ទឹក​ស្លាប់ ហើយ​បីនាក់​ទៀត បាន​រួច​ផុតពី​គ្រោះថ្នាក់​។​

​បច្ចុប្បន្ន សាកសព​ក្មេងស្រី​ទាំង បីនាក់ ត្រូវបាន​សមត្ថកិច្ច ធ្វើ​កំណត់ហេតុ​រួចរាល់ ប្រគល់​ទៅ​ឲ្យ​ក្រុមគ្រួសារ នាំយកទៅ​លំនៅដ្ឋាន រៀបចំ​ធ្វើបុណ្យ តាម ប្រពៃណី​៕/V​-PC