ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នាថ្ងៃទី១៩ ឧសភា ម្សិលមិញនេះ នៅក្នុង ព្រឹត្តិការណ៍ ស៊ីហ្គេម កីឡាករ កីឡាការិនីកម្ពុជា រកបានមេដាយមាស ចំនួន ២ គ្រឿងបន្ថែមទៀត លើប្រភេទកីឡាចំបាប់ និង ប៉េតង់ ។
ប្រភេទកីឡាប៉េតង់ វិញ្ញាសា ៣នាក់ទល់៣នាក់ នារី កីឡាការិនី អ៊ុន ស្រីយ៉ា ស្រ៊ាង សុរ៉ាឃីម ឃួន យ៉ារី និងឌួង ឌីណា (ម្នាក់ជាកីឡាការិនីបម្រុង) បានយកឈ្នះលើកីឡាការិនី វៀតណាម ក្នុងពិន្ទុ ១៣ទល់១១ ។ ជាមួយគ្នានេះ វិញ្ញាសា ៣នាក់ទល់៣នាក់ បុរសដែល មានកីឡាករ ញ៉ែម បូរ៉ា ហេងថន សៀង វណ្ណា និងឃួន លីហ៊រ រកបានត្រឹមមេដាយប្រាក់ បន្ទាប់ពីប្រកួតចាញ់ថៃ ១ទល់១៣ ។
ប្រភេទកីឡាចំបាប់វិញ កីឡាករកម្ពុជា ស៊ូ បាលី ទទួលបានមេដាយមាស បន្ទាប់ពីបានយក ឈ្នះកីឡាករឡាវ ១០ទល់០ នាវគ្គផ្តាច់ព្រ័ត្រ លើវិញ្ញាសាបុរស Freestyle ទម្ងន់ ១២៥ គីឡូក្រាម។ ជាមួយគ្នាផងដែរ ចំបាប់នេះ ក៏រកមេដាយ ប្រាក់ បាន១បន្ថែម ដោយកីឡាករ ម៉ូ សារី ក្នុងវិញ្ញាសាទម្ងន់ ៩៧ គីឡូក្រាម។ ក្នុងប្រភេទកីឡាដដែលនេះ កម្ពុជា ក៏រកបានមេដាយ សំរឹទ្ធ ២គ្រឿង ដោយកីឡាករ ហេង វុទ្ធី ក្នុងវិញ្ញាសាទម្ងន់ ៨៦ គីឡូក្រាម ជាមួយកីឡាករ សឿន សុភាស់ ក្នុងវិញ្ញាសា Freestyle ទម្ងន់ ៥៧ គីឡូក្រាម។
ចំពោះប្រភេទកីឡាវ៉ូវីណាម រកបានមេដាយចំនួន ៣ គ្រឿង រួមមាន មេដាយប្រាក់ ១ គ្រឿង រកបានដោយកីឡាការិនី ជុក សុម៉ាលី លើវិញ្ញាសា ប្រយុទ្ធទម្ងន់ ៦៥ គីឡូក្រាម ។ កីឡាករ អេ អាំម៉ារីនភូថង ទទួលបានមេដាយ សំរិទ្ធ ក្រោយពីប្រកួតចាញ៉ឡាវ វគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្រ ក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាម។ មេដាយសំរិទ្ធ ១គ្រឿងទៀត រកបានដោយ វិញ្ញាសាគុនដាវនារី ជាគូ ។
ប្រភេទកីឡាតេក្វានដូ WT(World Taekwondo) រកបានមេដាតសំរិទ្ធ មួយគ្រឿង ដោយកីឡាការិនី ថិប កាសាន់ទ្រីនីកូល លើវិញ្ញាសាប្រយុទ្ធទម្ងន់ ៦២ គីឡូក្រាម។ មេដាយសំរិទ្ធ ៣ គ្រឿងទៀត រកបានដោយកីឡាករ កីឡាការិនី ការ៉ាតេ ដែលមានកីឡាការិនី លីម សុខវិច្ឆិកា ទម្ងន់ក្រោម ៥៥ គីឡូក្រាម កីឡាការិនី វណ្ណ សូដានីហេន ទម្ងន់ ៦៨ គីឡូក្រាម និង កីឡាករ ជូន មីឡាតម៉ាដាស ទម្ងន់ក្រោម ៧៥ គីឡូក្រាម ។
មេដាយសំរិទ្ធមួយទៀត គឺកីឡាការិនី អ៊ឹង នួន បានឈ្នះមេដាយសំរឹទ្ធ លើកីឡាយូដូ វិញ្ញាសានារីទម្ងន់ ក្រោម ៦៣ គីឡូក្រាម។
កីឡាប្រដាល់សកល រកបានមេដាយសំរឹទ្ធ១គ្រឿង ដោយកីឡាករ ហ៊ុន គឹមហ៊ាង ប្រកួតចាញ់កីឡាករ ទីម័រ ដោយសន្លប់ នៅក្នុងទឹកទី២ លើវិញ្ញាសា ទម្ងន់ ៧៥ គីឡូក្រាម។ កីឡាការិនី វី ស្រីស្រស់ ក៏ទទួលបានមេដាយសំរឹទ្ធដូចគ្នា ក្រោយចាញ់ថៃ ក្នុងវិញ្ញាសា ទម្ងន់ ៥៧ គីឡូក្រាម។
គិតត្រឹមថ្ងៃទី១៩ ខែឧសភានេះ កម្ពុជា ឈ្នះមេដាយសរុប ៤០ គ្រឿង ក្នុងនោះមាស ៦គ្រឿង ប្រាក់ ៩គ្រឿង និងសំរឹទ្ធ ២៥គ្រឿង។ មេដាយមាស ៦គ្រឿង មានលើប្រភេទកីឡា ឃីកបុកស៊ីង ១គ្រឿង, កីឡាប៊ូល និងប៉េតង់ ២គ្រឿង, កីឡាវ៉ូវីណាម ១គ្រឿង, កីឡាតេក្វាន់ដូ WT ១គ្រឿង និងកីឡាចំបាប់ ១គ្រឿង។ សម្រាប់មេដាយប្រាក់ ៩គ្រឿង លើកីឡាឃីក បុកស៊ីង ៣គ្រឿង, កីឡាប៊ូល និងប៉េតង់ ២គ្រឿង, កីឡាតេក្វាន់ដូ WT ១គ្រឿង កីឡាវ៉ូវីណាម ២គ្រឿង និងកីឡាចំបាប់ ១គ្រឿង។ មេដាយសំរឹទ្ធ ២៥គ្រឿង មាននៅលើ កីឡាឃីកបុកស៊ីង ១គ្រឿង, កីឡាប្រណាំងទូក ១គ្រឿង, កីឡាប៊ូល និងប៉េតង់ ៣គ្រឿង, កីឡាជឺជីតស៊ូ ១គ្រឿង, កីឡាវូស៊ូ ៣គ្រឿង, កីឡាតេក្វាន់ដូ WT ៣គ្រឿង, កីឡាវ៉ូវីណាម ៣គ្រឿង, កីឡាចំបាប់ ៤គ្រឿង, កីឡាការ៉ាតេ ៣គ្រឿង, កីឡាប្រដាល់សកល ២គ្រឿង និងកីឡាយូដូ ១គ្រឿង៕/V-PC