ដោយៈ ប.ខុន / ភ្នំពេញៈ ភ្លៀងធ្លាក់រយៈពេល ២៤ ម៉ោង ត្រឹមព្រឹកថ្ងៃទី២០ ខែឧសភា ដល់កម្រិត ១៣១ មីលីម៉ែត្រ លើក្រុងព្រះសីហនុ ធ្វើឱ្យស្ថានភាពទឹក នៅតាមប្រឡាយ និងអូរក្នុងក្រុងនេះ ពេញពោរ តែមិនបង្កឱ្យមានការលិចលង់ ដូចការធ្លាក់ភ្លៀង ក្នុងរដូវវស្សា នៃបណ្តាឆ្នាំមុនៗនោះឡើយ សូម្បីតែតំបន់ ម្លប់តាប៉ាង ក៏មិនមានទឹកលិចដែរ ដោយសារភ្លៀង ធ្លាក់ មិនគំហុក ក្រោយពីអូរ ប្រឡាយ នាំទឹកចូលសមុទ្រ បានកាយស្តាររួចជាបន្តបន្ទាប់ តែចាប់បានសំរាម នៅតាមអូរ និងប្រឡាយ រហូតដល់ ៤ កុងតឺន័រ។
លោកស្រី Maggie Eno ប្រធានអង្គការម្លប់តាប៉ាង ដែលជាអង្គការមនុស្សធម៌មួយ ជួយដល់ជនគ្មានទីពឹង នៅក្រុងព្រះសីហនុ បានថ្លែងប្រាប់ និងអរគុណលោក គួច ចំរើន អភិបាលខេត្ត ព្រះសីហនុ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ថាៈ ភ្លៀងធ្លាក់ច្រើន កាលពីយប់ថ្ងៃទី១៩ ឆ្លងចូលថ្ងៃទី២០ ខែឧសភា មិនបានធ្វើ ឱ្យមានការលិចចូល ដល់មណ្ឌលទៀតឡើយ សូមអរគុណ។
អង្គការម្លប់តាប៉ាង ជាអង្គការមនុស្សធម៌មួយ ដែលមានសកម្មភាព ជួយដល់ ជនគ្មានទីពឹង មានទីតាំងនៅក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលជាតំបន់ទំនាប កន្លងទៅ ពេលមានភ្លៀងធ្លាក់ មកច្រើនម្តងៗ តែងតែ លិចលង់ ដល់ជម្រៅជាង ១ម៉ែត្រ និងមានរយៈពេល ជាច្រើនម៉ោង តែភ្លៀងដល់កម្រិត ១៣១ មីលីម៉ែត្រ កាលពីយប់ថ្ងៃទី១៩ ឧសភានេះ មិនបានធ្វើ ឱ្យតំបន់នេះ មានការលិចលង់ទេ បន្ទាប់ពីប្រឡាយ (អូរ) កាត់តំបន់នេះ ត្រូវបានរដ្ឋបាលខេត្តព្រះសីហនុ សាងសង់ជញ្ជាំងបេតុងខ្ពស់ ឱ្យទឹកហូរចុះ ទៅកាន់ សមុទ្រ។តំបន់នេះនៅ ទទួលតែរបបទឹកភ្លៀង ដែលធ្លាក់ពីលើ ដោយត្រូវដាក់ម៉ាស៊ីនបូម ចេញនៅពេលខ្លះ។
លោក ហេង សោភ័ណរិទ្ធ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តព្រះសីហនុ បានប្រាប់ ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ថា ភ្លៀងធ្លាក់ រយៈពេល ២៤ ម៉ោង ត្រឹមព្រឹកថ្ងៃទី២០ ខែឧសភា ដល់កម្រិត ១៣១ មីលីម៉ែត្រ លើក្រុងព្រះសីហនុ មិនបានធ្វើ ឱ្យមានការលិចលង់ទេ ដោយសារភ្លៀធ្លាក់ មិនគំហុក តែស្ថានភាពទឹកពេញប្រៀប តាមអូរ និងប្រឡាយ មានជញ្ជាំងបេតុង ដែលទើបសាងសង់រួច ដោយរដ្ឋបាលខេត្ត ធ្លាក់ចូលទៅក្នុងសមុទ្រ។
ប្រធានមន្ទីរខាងលើ បាននិយាយដោយទទួលស្គាល់ថា ការធ្លាក់ភ្លៀងដល់ កម្រិតជាង ១០០ មីលីម៉ែត្របែបនេះ ចៀសមិនផុតពីមានការប៉ះពាល់ នៅកន្លែងខ្លះ មិនផុតទេ ពិសេស នៅតាមការដ្ឋាន កំពុងសាងសង់លូស្ពាន និងប្រឡាយ ។ ភ្លៀងមួយមេធំ កាលពីថ្ងៃទី១៩ ឧសភា ចាប់សំរាមដោយទ្រុង នៅតាមអូរ និងប្រឡាយ មិនឱ្យហូរចូលសមុទ្របាន ចំនួនបួន កុងតឺន័រ ខ្លីៗ ជាប្រភេទសំរាមដូចជាសំបកដប ប្រអប់ស្នោ ស្បោងប្លាស្ទីកជាដើម។
របាយទឹកភ្លៀងធ្លាក់ រយៈពេល ២៤ ម៉ោង លើខេត្តព្រះសីហនុ ត្រឹមព្រឹកថ្ងៃទី២០ ឧសភា មានកម្រិតដល់ ១៣១ មីលីម៉ែត្រ នៅក្រុងព្រះសីហនុ,១១២ មីលីម៉ែត្រ លើស្រុក ស្ទឹងហាវ, ៣១មីលីម៉ែត្រលើស្រុកព្រៃនប់ និង ៦មីលីម៉ែត្រលើស្រុក កំពង់សីលា៕/V-PC