​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ព្យុះ​ខ្សាច់​បាន​លេប​ត្របាក់​តំបន់​មជ្ឈិមបូព៌ា​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ នៅក្នុង​បាតុភូត​មួយ​ដែល​ក្រុម​អ្នកជំនាញ​ព្រមាន​ថា​អាច​រីក​សាយភាយ​កាន់តែ​ច្រើន​ឡើង​ដោយសារតែ​ការប្រែប្រួល​អាកាសធាតុ ដោយ​ធ្វើឱ្យ​សុខភាព​មនុស្ស​ស្ថិតក្នុង​ហានិភ័យ​ធ្ងន់ធ្ងរ​។​

​យ៉ាងហោច​ណាស់​មនុស្ស ៤.០០០ នាក់​បាន​ចូល​មន្ទីរពេទ្យ​កាលពី​ថ្ងៃ​ចន្ទ​សម្រាប់​បញ្ហា​ផ្លូវដង្ហើម​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​ជា​កន្លែង​ដែល​ព្យុះ​ខ្សាច់​ទី​ប្រាំបី​បាន​គ្របដណ្តប់​ប្រទេស​ចាប់តាំងពី​ពាក់កណ្តាល​​ខែ​មេសា​។​ចំនួន​នោះ​គឺ​បន្ថែម​ពីលើ​អ្នកជំងឺ​ជាង ៥.០០០ នាក់​ដែល​ត្រូវបាន​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​អ៊ីរ៉ាក់​សម្រាប់​ជំងឺ​ផ្លូវដង្ហើម​ស្រដៀង​គ្នា​កាលពី​ដើមខែ​នេះ​។​

​បាតុភូត​នេះ​ក៏​បាន​កើត​ឡើង​នៅ​អ៊ីរ៉ង់ កូ​វ៉ែត អា​រ៉ាប៊ីសាអូឌីត និង​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​ផងដែរ​ជាហេតុ​នាំ​ឱ្យ​មាន​ការបារម្ភ​អំពី​បាតុភូត​បែបនេះ​កាន់តែ​ច្រើន​ឡើង​ថែមទៀ​ត​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​​មុខ​នេះ​។​

​ខ្យល់​បក់​ខ្លាំង​បាន​លើក​ខ្សាច់​និង​ធូលី​យ៉ាងច្រើន​ចូលទៅ​ក្នុង​បរិយាកាស ដែល​បន្ទាប់មក​អាច​ធ្វើ​ដំណើរ​រាប់រយ​ឬ​រាប់​ពាន់​គីឡូម៉ែត្រ​។​

​អង្គការ​ឧតុនិយម​ពិភពលោក (WMO)​បាន​និយាយថា ព្យុះ​ខ្សាច់​បាន​ប៉ះពាល់​ដល់​ប្រទេស​និង​តំបន់​សរុប​ចំនួន ១៥០ ដែល​ជះ​ឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ​ដល់​បរិស្ថាន សុខភាព និង​សេដ្ឋកិច្ច​។​

​លោក កា​ឡូ​ស ប៉េ​រ៉េស ហ្គាសៀ ប៉ា​នដូ (Carlos Perez Garcia-Pando) ជា​អ្នកជំនាញ​ខាង​ព្យុះ​ខ្សាច់​និង​ធូលី​នៅ​មជ្ឈមណ្ឌល​ស៊ូ​ពើ​កុំព្យូធី​ង​បាសេ​ឡូណា (Barcelona Supercomputing Center) និង​វិទ្យាស្ថាន​កាតា​ឡាន (Catalan) សម្រាប់​ការស្រាវជ្រាវ​និង​ការសិក្សា​កម្រិត​ខ្ពស់​បាន​និយាយថា “​វា​ជា​បាតុភូត​មួយ​ដែល​កើតឡើង​ទាំង​ក្នុងស្រុក​និង​ជា​សកល​ជាមួយនឹង​អាំង​តង់​ស៊ីតេ​​កាន់តែ​ខ្លាំង​នៅក្នុង​តំបន់​នៃ​ប្រភពដើម​”​។​

​ព្យុះ​នេះ​មាន​ប្រភព​នៅ​តំបន់​ស្ងួត​ឬ​ពាក់កណ្តាល​ស្ងួត​នៃ​ទ្វីបអាហ្វ្រិក​ខាងជើង ឧបទ្វីប​អារ៉ាប់ អាស៊ី​កណ្តាល និង​ប្រទេស​ចិន​។​

​តំបន់​ដែល​រងគ្រោះ​តិច​ជាង​នេះ​រួមមាន អូស្ត្រាលី សហរដ្ឋ​អាម៉េរិក និង​អាហ្វ្រិក​ខាងត្បូង​។​

​អង្គការ WMO បាន​ព្រមាន​អំពី “​ហានិភ័យ​ធ្ងន់ធ្ងរ​” ដែល​បង្កឡើង​ដោយ​ធូលី​តាម​ខ្យល់​។​

​ភាគល្អិត​ធូលី​អាច​បណ្តាលឱ្យមាន​បញ្ហា​សុខភាព​ដូចជា​ជំងឺហឺត​និង​ជំងឺ​សរសៃឈាម​បេះដូង ហើយ​ថែមទាំង​បញ្ជូន​រាលដាល​នូវ​បាក់តេរី​និង​មេរោគ ព្រមទាំង​ថ្នាំ​សម្លាប់​សត្វល្អិត​និង​ជាតិពុល​ផ្សេង​ទៀត​ផង​ដែរ​៕

អ្នក​ថ្មើរជើង​កំពុង​រង់ចាំ​ឆ្លងថ្នល់​នៅ​កូ​វ៉ែត ខណៈ​ព្យុះ​ខ្សាច់​វាយប្រហារ​មជ្ឈិមបូព៌ា​