​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ កំពូល​តារាចម្រៀង​រី​ហា​ណា​និង​តារា​រ៉ែ​ប​អា​សាប រ៉ុក​គី (A$AP Rocky) បាន​ស្វាគមន៍​កូន​ដំបូង​របស់​ពួកគេ បន្ទាប់​ពី​ការ​មាន​ផ្ទៃពោះ​ដែល​តារា​ចម្រៀង​រូប​នេះ​​បាន​បង្អួត​ក្នុង​សម្លៀក​បំពាក់​ម៉ូត​ថ្មី​ទាំង​ស្រុង​សម្រាប់​អ្នកមាន​ផ្ទៃពោះ​។​

​មហាសេដ្ឋី​ផ្នែក​កម្សាន្ត​និង​ម៉ូត​សម្លៀក​បំពាក់ ដែល​នៅ​ពីក្រោយ​បទ​ចម្រៀង​ល្បី “Diamonds” និង “Umbrella” បាន​ផ្តល់​កំណើត​ឱ្យ​កូនប្រុស​កាលពី​ថ្ងៃទី​១៣​ខែ​ឧសភា​នៅ​ទីក្រុង​ឡូ​ស​អែន​ជេ​ឡេស ​នេះ​បើ​យោង​តាម​វេបសាយ TMZ ដែល​បាន​រាយការណ៍​ព័ត៌មាន​នេះ​ដំបូង​គេ​។​

​ទស្សនាវដ្ដី People បាន​បញ្ជាក់​ពី​កំណើត​នេះ ដោយ​ដកស្រង់​ប្រភព​ជិតស្និទ្ធ​នឹង​គូស្នេហ៍​ទាំងពីរ​ដែល​និយាយថា​ពួកគេ​នៅ​ផ្ទះ​ជាមួយ​កូន​ហើយ​ថា “​រី​ហា​ណា​សុខ​សប្បាយ​ជា​ទេ​។​ពួកគេ​រំភើប​ចិត្តជា​អនេក​​ដែល​បាន​ធ្វើ​ជា​ឪពុក​ម្តាយ​គេ​”​។​

​តំណាង​គូស្នេហ៍​នេះ​មិន​បាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​សំណើសុំ​ការបញ្ជាក់​ពី​ទីភ្នាក់ងារ​សារព័ត៌មាន AFP នោះទេ​។​

​មិន​មាន​ព័ត៌មាន​លម្អិត​ផ្សេង​ទៀត​ទេ រួម​ទាំង​ឈ្មោះ​កូន​ក៏​មិន​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នោះដែរ​។​

​នាង​រ៉ូ​ប៊ីន រី​ហា​ណា ហ្វេ​ន​ធី (Robyn Rihanna Fenty) អាយុ ៣៤ ឆ្នាំ​កើត​នៅ​បា​បា​ដូស នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​បាន​ក្លាយជា​មហាសេដ្ឋី ដោយ​ប្រែក្លាយ​សមិទ្ធិផល​តន្ត្រីរ​បស់​នាង​ទៅ​ជា​ភាពជោគជ័យ​ខាង​គ្រឿងសម្អាង ខោអាវ​ក្នុង និង​ម៉ាក​ល្បីៗ​។​

​ពាក្យ​ចចាមអារ៉ាម​លើកឡើងថា នាង​និង​រ៉ុក​គី​អាយុ ៣៣ ឆ្នាំ​បាន​ទាក់ទង​គ្នា​ជាច្រើន​ឆ្នាំ​មកហើយ មុន​ពេល​អ្នក​ទាំង​ពីរ​បញ្ជាក់​ទំនាក់ទំនង​ស្នេហា​ជា​ផ្លូវការ​កាលពី​ឆ្នាំមុន​៕

​រី​ហា​ណា​ប្រសូត​បុត្រា​ដំបូង​កាលពី​ថ្ងៃទី​១៣​ឧសភា​ឆ្នាំ​២០២២