ដោយៈមុនីរ័ត្ន/ភ្នំពេញៈការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃស្អែកទី២១ ខែឧសភានេះហើយរហូតដល់ថ្ងៃទី៣ ខែមិថុនាដែលមានរយៈពេល ១៤ថ្ងៃ ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប(រូបថត គ.ជ.ប)
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានមានប្រសាសន៍ប្រាប់រស្មីកម្ពុជានៅព្រឹកថ្ងៃទី២០ ខែឧសភា នេះថា ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា។ការឃោសនានេះ នឹងបញ្ចប់២៤ម៉ោងមុនថ្ងៃបោះឆ្នោត។ គណបក្សនយោបាយទាំង ១៧ ដែលបានចូលរួមដាក់បេក្ខជនឈរឈ្មោះនៅតាមឃុំ សង្កាត់ ក៏បានត្រៀមលក្ខណៈរួចរាល់ហើយដែរ។
លោកបន្តថា គ.ជ.ប ក៏បានអញ្ជើញនៃតំណាងគណបក្សនយោបាយទាំងនោះ ដើម្បីទទួលបានព័ត៌មានពាក់ព័ន្ធនឹងការធ្វើសកម្មភាពនៅក្នុងកំឡុងពេលនៃការឃោសនា។ ដោយគ.ជ.ប បានបញ្ជាក់ប្រាប់ថា ការឃោសនាចាប់ពៅម៉ោង ៦ព្រឹក រហូតដល់ម៉ោង ១០យប់ គឺជាពេលវេលានៃការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយ។នៅថ្ងៃត្រង់ចាប់ពីម៉ោង ១២ ដល់ម៉ោង ២រសៀល គឺមិនអាចប្រើប្រាស់ឧបករណ៍បំពងសំឡេងបានទេ ។
លោកបានបញ្ជាក់ទៀតថា “ដើម្បីត្រៀមលក្ខណៈឲ្យដំណើរការនៃការឃោសនាបោះឆ្នោតប្រព្រឹត្តទៅដោយរលូន ក៏បានជម្រាបទៅគណបក្សនយោបាយអំពីអ្វីដែលត្រូវធ្វើនឹងអ្វីដែលមិនត្រូវធ្វើ។ តាមនីតិវិធី បម្រាមនៅក្នុងពេលឃោសនា គឺមិនអនុញ្ញាតឲ្យគណបក្សនយោបាយបំពងសំឡេងលុបទៅលើសំឡេងនៃគណបក្សដទៃផ្សេង។ការប្រើឧបករណ៍បំពងសំឡេងនៅក្បែរសាលារៀនរបស់សិស្ស ឬ ក៏និស្សិត និងនៅមន្ទីរពេទ្យ ត្រូវបានធ្វើការហាមឃាត់។ ការប្រើនូវព្រះនាមរបស់ព្រះមហាក្សត្រ មិនអនុញ្ញាតឱ្យប្រើក្នុងដំណើរការនៃការឃោសនាទេ ។ សម្រាប់ការប្រើប្រាស់ខិត្តប័ណ្ណឃោសនាដែលបិទជាន់លើខិត្តប័ណ្ណឃោសនានៃគណបក្សផ្សេង ឬ ក៏ហែកបំផ្លាញខិត្តប័ណ្ណគណបក្សផ្សេងៗ ដែលបិទនៅទីណាមួយនោះ ក្នុងទីសាធារណៈណានោះ គឺមិនអនុញ្ញាតឲ្យធ្វើការលុប ឬក៏បិទជាន់ដោយបំពាននោះទេ។ ចំណែកការចងបដាកាត់ផ្លូវសាធារណៈ (ទទឹងផ្លូវ)ត្រូវបានហាមឃាត់។ មានន័យថា អនុញ្ញាតឲ្យចងបដាស្របផ្លូវ។ ក៏ហាមផងដែរនូវការប្រើប្រាស់យានយន្តរបស់រដ្ឋធ្វើសកម្មភាពក្នុងការឃោសនា”។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប(រូបថត គ.ជ.ប)
អ្នកនាំពាក្យ គ.ជ.ប បន្តថា គ.ជ.ប ក៏បានសហការជាមួយក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ ក្នុងនោះ គ.ជ.ប ស្នើឲ្យគណបក្សនយោបាយ ឬក៏តំណាងនៃគណបក្សនយោបាយធ្វើការជម្រាបមកគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោតជាមុនយ៉ាងហោចមានរយៈពេលបីថ្ងៃផងដែរ ដើម្បីគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោតធ្វើការសហការជាមួយនឹងអាជ្ញាធរដែនដី ព្រមទាំងសមត្ថកិច្ចនានារៀបចំស្ថានភាពឲ្យល្អប្រសើរសម្រាប់ទីតាំង ពេលវេលា ជាពិសេសមិនឲ្យជាន់គ្នារវាងគណបក្សនយោបាយដែលមាននិន្នាការផ្សេងគ្នាក្នុងការធ្វើសកម្មភាពហែរក្បួនធំៗ នោះទេ។
អ្នកនាំពាក្យដដែលបន្តថា គ.ជ.ប ក៏មានការបញ្ជាក់ជូនអំពីប្រការដែលត្រូវចៀសវាង គឺចៀសវាងនូវអំពើគំរាមកំហែង បំភិតបំភ័យ ឬក៏ប្រើហិង្សា ញុះញង់បោកបញ្ជោត បង្ខំឲ្យស្បថ ឬក៏បង្ខំឲ្យផ្តិតមេដៃ ឬក៏មានការទិញសន្លឹកឆ្នោត គឺហាមប្រាមមិនឲ្យធ្វើបែបនេះនោះទេ ហើយដើម្បីធានាថា ឲ្យការបោះឆ្នោតមួយប្រព្រឹត្តទៅដោយរលូន និងទទួលយកបានដោយគ្រប់គណបក្សដោយស្មើភាពគ្នាគ.ជ.ប នៅតែព្យាយាមធ្វើការដើរមើល និងសហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីដោះស្រាយនៅរាល់បញ្ហាដែលអាចកើតមានឡើងជាយថាហេតុ៕