ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ គណៈអចិន្ត្រៃយ៍​គណៈកម្មាធិកា​រ គណបក្ស​ប្រជាជន កម្ពុជា រាជធានី​ភ្នំពេញ បានរៀបចំ​ទិវា​ជាតិ​នៃ​ការចងចាំ ដោយមាន​រាប់បាត្រ ប្រគេន​ព្រះសង្ឃ​ចំនួន​២០៧​អង្គ ដើម្បី​បង្សុកូល​ឧទ្ទិស​កុសល ជូន​វិញ្ញាណ​ក្ខ័​ន្ធ បុព្វបុរស និង​ប្រជាជន​ស្លូតត្រង់ ដែល​បាន​បាត់បង់​ជីវិត ក្រោម​របប​ប្រល័យ ពូជសាសន៍ ប៉ុលពត ។​

​ពិធី​នេះ បាន​ប្រព្រឹត្តទៅ នៅ​មជ្ឈមណ្ឌល​ឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍​ជើងឯក សង្កាត់ ជើងឯក ខណ្ឌដង្កោ នៅ​ព្រឹក​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២២ ក្រោម​វត្តមាន លោក កិត្តិ​នីតិ​កោសល្យ ស៊ីម កា សមាជិក​គណៈអចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អនុប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល ចុះជួយ​រាជធានី​ភ្នំពេញ និង​លោកស្រី និង មានការ​អញ្ជើញ​ចូលរួម​ពី​លោក ឃួ​ង ស្រេង សមាជិក​គណៈកម្មាធិកា​រ កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា និង​ជា ប្រធាន​គណៈកម្មាធិការ គណបក្ស​ប្រជាជន​កម្ពុជា រាជធានី​ភ្នំពេញ និង​លោកស្រី លោក ម៉ប់ សារិន សមាជិក​គណៈកម្មាធិកា​រ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អនុប្រធាន​ប្រចាំការ គណៈកម្មាធិការ​គណបក្ស​ប្រជាជន កម្ពុជា រាជធានី​ភ្នំពេញ ព្រមទាំង​មន្ត្រីរាជការ ប្រជាពលរដ្ឋ​ជាង ៦.០០០ នាក់ ។​

​ក្នុង​ពិធី​នោះ ក្រុម​សិល្បករ បាន​សម្តែង​នូវ​ឈុត​ឆាក​ដ៏​សាហាវព្រៃផ្សៃ របស់​បន​ក្បត់​ប៉ុលពត ដែល​បានធ្វើ​ទារុណកម្ម និង​កាប់សម្លាប់​ប្រជាពលរដ្ឋ ស្លូតត្រង់ យ៉ាង​ព្រៃផ្សៃ​បំផុត ដែល​ធ្វើឱ្យ​អ្នកចូលរួម​កម្មវិធី​នេះ ទប់ទឹក​ភ្នែក មិនបាន​។​

២០ ឧសភា បាន​ក្លាយជា​ថ្ងៃ​កាន់​មរណៈទុក្ខ ដែល​ប្រជាជន​កម្ពុជា បាន​ចារឹក ជាប់​ក្នុង​បេះដូង មិនអាច​បំភ្លេចបាន នូវ​អំពើ​ដ៏​សាហាវយង់ឃ្នង របស់​ពួក ប្រល័យពូជសាសន៍ ដែល​បាន​ប្រព្រឹត្ត មកលើ​ប្រជាជន​កម្ពុជា អស់​រយៈពេល ៣ ឆ្នាំ ៨​ខែ និង ២០​ថ្ងៃ ដោយបាន​កាប់សម្លាប់ ប្រជាជន​កម្ពុជា អស់​ជាង ៣ លាន​នាក់​។​

​ពិធីរាប់បាត្រ​ឧទ្ទិស​កុសល ដល់​ជនរងគ្រោះ​ថ្ងៃ ២០ ឧសភា បាន​អាក់ខាន ២ ឆ្នាំ​មកហើយ ដោយសារ​វិបត្តិ​នៃ​ការរីក​រាលដាល ជំងឺ​កូ​វីដ​.១៩​។ ក្រុមមន្ត្រី និង​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ បានដាក់​កំរងផ្កា ដោយ​សំ​រួម​កាយវាចារ​ចិត្ត នៅ​ចំពោះ​ស្តូប តំកល់​អដ្ឋិធាតុ​ជនរងគ្រោះ ប្រមាណ ៨.៩៨៥ នាក់ ដែល​ត្រូវ​បានគាស់ ចេញពី​រណ្តៅ​សព​រួម ចំនួន ៨៦ រណ្តៅ ដែល​ត្រូវ​ពួក​ឃាតករ​អាវខ្មៅ យកមក​សម្លាប់​នៅ​ជើងឯក​នេះ ដោយ​យកចេញ ពី​គុក​ទួលស្លែង កណ្តាល​ក្រុងភ្នំពេញ ហើយ​សូម​ឧទ្ទិស​កុសល ដល់​វិញ្ញាណ​ក្ខ័​ន្ធ ជនរងគ្រោះ ជិត​១​ម៉ឺន​នាក់ សូម​ទៅ​សោយសុខ​ក្នុង ឋាន​សុគតិភព កុំបី​ឃ្លៀង ឃ្លាត ឡើយ​។​

​ថ្ងៃ ២០ ឧសភា ក៏​ជា​សារ​រំលឹក​ទៅដល់​កូន​ខ្មែរ​គ្រប់រូប ក៏​ដូច​មនុស្សជាតិ លើ​សាកលលោក កុំ​ភ្លេច​របប​ប្រល័យពូជសាសន៍ ដ៏​សាហាវ​ឃោ​ឃៅ និង​គួរឱ្យ​ស្អប់ខ្ពើម​នេះ​។ គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ ដែលជា​ស្ថាបនិក​តែ​១​គត់ ក្នុងការ​ទប់ ស្កាត់​មិនឱ្យ​របប​ប្រល័យពូជសាសន៍​នេះ កើតឡើង ជា​លើក​ទី​២ នៅលើ​ទឹកដី អង្គរ​នៃ​យើង និង​រួមគ្នា​ថែរក្សា​សុខសន្តិភាព ដែល​រាជរដ្ឋាភិបាល ខំប្រឹង​រកបាន ដោយ​លំបាក​នេះ ឱ្យបាន​ស្ថិតស្ថេរ​គង់​វង់ ក៏ដូចជា រួមគ្នា​ទប់ស្កាត់​ឲ្យ​បាន នូវ​រាល់​ឧបាយកល​របស់​ពួក​អគតិ ដែលមាន​បំណង​នាំ​ប្រទេស​កម្ពុជា ឲ្យ​ទៅ ធ្លាក់​ក្នុង​រណ្តៅ មរណភាព​ជាថ្មី និង​បង្ក​អសន្តិសុខ ប៉ះពាល់​ស្ថេរភាព​សង្គម និង​សណ្តាប់ធ្នាប់​សាធារណៈ ក៏ដូចជា​ភាពសុខសាន្ត​របស់​ប្រជាពលរដ្ឋ​ផងដែរ​។​

​ដើម្បី​រក្សាបាន​នូវ​សុខសន្តិភាព ការអភិវឌ្ឍ​បន្តទៀត ប្រជាជន​យើង ត្រូវ​ចេះ​ប្រើ សិទ្ធិ​ដែល មានចែង ក្នុង​រដ្ឋធម្មនុញ្ញ ដោយ​ទៅ​បោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ដែល​នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២២ ខាងមុខនេះ ដើម្បី​ជ្រើសរើស​មេដឹកនាំ ដែល​បងប្អូន​ពេញចិត្ត ដឹង​សុខទុក្ខ​បងប្អូន មិន​រត់ចោល​បងប្អូន និង​រួមសុខ​រួមទុក្ខ ជាមួយ បងប្អូន​គ្រប់​កាលៈទេសៈ​។​

​លោក ឃួ​ង ស្រេង បាន​ឧទ្ទិស​ថ្ងៃ ២០ ឧសភា ឲ្យ​ស្ថិតនៅក្នុង​ដួងចិត្ត​កូន​ខ្មែរ គ្រប់​ជំនាន់ និង​ប្រឆាំង​ដាច់ខាត រាល់​ឧបាយកល​ណាមួយ ដែលមាន​បំណង រុញ​កម្ពុជា ឲ្យ​ធ្លាក់ចូល​គ្រោះ ប្រល័យពូជសាសន៍​ជាថ្មី ក៏ដូចជា​ការប៉ុនប៉ង បំផ្លាញ​សន្តិភាព​ដែល សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដឹកនាំ​ស្វែង​រកបាន ដោយ​លំបាក​៕/V​-PC