ដោយៈទេពកង្រី/កំពង់ឆ្នាំង៖ ព្រះសង្ឃ ប្រជាពលរដ្ឋ មន្ត្រីរាជការ កម្មករ កម្មការិនីជាច្រើននាក់នៅព្រឹកថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២២បានចូលរួមប្រារព្ធទិវានៃការចងចាំ ២០ ឧសភាដែលប្រព្រឹត្តធ្វើនៅវត្តមង្គលបញ្ញា ហៅវត្តជ្រៃបាក់ នៅក្នុងភូមិជ្រៃបាក់ ឃុំជ្រៃបាក់ស្រុករលាប្អៀរ ដោយមានការអញ្ជើញចូលរួមពីលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង លោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី កែ ច័ន្ទមុនី តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង។
មានប្រសាសន៍នៅក្នុងឱកាសនោះលោកអភិបាលខេត្តកំពង់ឆ្នាំងបានរំឭកថា ជាង ៤៣ ឆ្នាំទៅហើយ ដែលបន ប្រល័យពូជសាសន៍បានដួលរលំទៅ ដោយការសង្គ្រោះអោយរស់រានមានជីវិតឡើងវិញនាថ្ងៃទី ៧ ខែមករាឆ្នាំ ១៩៧៩ របស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចទាំងបី គឺសម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម .សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។
ទិវាជាតិនៃការចងចាំនៅថ្ងៃនេះយើងនៅចាំជានិច្ចនូវសោកនាដកម្មរយៈពេល ៣ ឆ្នាំ ៨ខែ និង ២០ថ្ងៃ ដែលប្រព្រឹត្តឡើងដោយរបបប្រល័យពូជសាសន៍។យើងកែប្រែស្មារតីនៃការចងចាំ នៃការឈឺចាប់ ឲ្យទៅជាការខិតខំប្រឹងប្រែងការពារ ស្ថាបនាជាតិមាតុភូមិ ឲ្យកាន់តែសម្បូរសប្បាយរុងរឿង ជានិច្ចនិរន្តរ៍ ។ ពង្រឹងពង្រីក សាមគ្គីភាពផ្ទៃក្នុងឲ្យកាន់តែរឹងមាំជានិច្ច ក្នុងនាមប្រជាជាតិខ្មែរ៕/PC