ប្រែសម្រួលៈបំណង (CHINA DAILY,Xinhua,ASIA NEWS NETWORK)៖ ប្រធានាធិបតីចិនលោក ស៊ី ជីនភីងបានអំពាវនាវអោយបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ឈានមុខគេក្នុងក្រុមប្រ៊ិកស៍(Brics)ដែលរួមមាន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិននិងអាហ្វ្រិកខាងត្បូង ជួយផ្តល់ស្ថិរភាពនិងវិបុលភាពនៅក្នុងទំនាក់ទំនងអន្តរជាតិ ចំពេលពិភពលោកជួបចលាចលនិងអន្តរកាលមួយ។
ក្រុមប្រទេសកំពុងអភិវឌ្ឍន៍ធំទាំងប្រាំហៅថាBricsត្រូវរំពឹងថានឹងពង្រឹងជំនឿចិត្តរបស់គេឆ្លងកាត់ព្យុះភ្លៀងនិងរលក ដោយចាត់វិធានការជាក់ស្តែងដើម្បីជំរុញសន្តិភាពនិងការអភិវឌ្ឍ ប្រកាន់ខ្ជាប់ភាពត្រឹមត្រូវនិងយុត្តិធម៌ ព្រមទាំងគាំទ្រលទ្ធិប្រជាធិបតេយ្យនិងសេរីភាព នេះបើតាមលោកស៊ី។
លោកបានមានប្រសាសន៍ដូច្នេះក្នុងការថ្លែងតាមវីដេអូបន្តផ្ទាល់មួយនៅពេលបើកសម័យប្រជុំរបស់រដ្ឋមន្ត្រីការបរទេសក្រុមប្រទេសBricsកាលពីថ្ងៃព្រហស្បតិ៍ទី១៩ឧសភា។
ឆ្នាំនេះ ចិនជាប្រទេសម្ចាស់ផ្ទះនៃជំនួបកំពូលប្រចាំឆ្នាំរបស់Brics និងពួកមន្ត្រីជាន់ខ្ពស់មកពីប្រទេសទាំងប្រាំ បានជួបប្រជុំនៅប៉ុន្មានខែមកនេះដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ធំនេះ។ពួកមន្ត្រីនិងអ្នកជំនាញការបាននិយាយថា ជំនួបកំពូលឆ្នាំនេះត្រូវរំពឹងថានឹងពង្រឹងឯកភាពនិងចំណាត់ការរួមក្នុងចំណោមទីផ្សារកំពុងស្ទុះឡើងនិងប្រទេសកំពុងអភិវឌ្ឍន៍ចំពេលពិភពលោកជួបការប្រឈមជាច្រើន។
ក្នុងការថ្លែងតាមវីដេអូ លោកស៊ីបានកត់សំគាល់ថា ផលប៉ះពាល់មកពីការផ្លាស់ប្តូរធំៗនិងជំងឺឆ្លងកូវីដ១៩ ដែលពិភពលោកពុំធ្លាប់ជួបក្នុងរយៈពេលមួយសតវត្សរ៍មកនេះកំពុងរួមកម្លាំងគ្នាហើយគួបផ្សំនឹងកក្តាអស្ថិរភាព ភាពមិនប្រាកដប្រជានិងអសន្តិសុខកំពុងកើនឡើងនៅក្នុងស្ថានការណ៍ពិភពលោក។
បើតាមលោកស៊ីន សន្តិភាពនិងការអភិវឌ្ឍនៅតែជាប្រធានបទសំខាន់គ្រប់ពេល ហើយបំណងប្រាថ្នារបស់មនុស្សគ្រប់ប្រទេសសំរាប់ជីវិតប្រសើរឡើងនៅតែមិនផ្លាស់ប្តូរ។បេសកកម្មជាប្រវត្តិសាស្ត្រសំរាប់សហគមន៍អន្តរជាតិក្នុងការបន្តសាមគ្គីភាពនិងកិច្ចសហការឈ្នះឈ្នះក៏នៅតែមិនប្រែប្រួល។
អំពីសន្តិសុខ លោកស៊ីបាននិយាយអំពីគំនិតផ្តួចផ្តើមសន្តិសុខសកលGlobal Security Initiativeដែលលោកបានស្នើឡើងនៅពេលបើកកិច្ចប្រជុំប្រចាំឆ្នាំរបស់វេទិកាបូអាវសំរាប់អាស៊ី(Boao Forum for Asia)កាលពីមួយខែមុន។
លោកថា ទាំងប្រវត្តិសាស្ត្រនិងតថភាពបង្ហាញថាការស្វះស្វែងរកសន្តិសុខផ្ទាល់របស់នរណាម្នាក់ដោយមិនគិតអំពីផលប៉ះពាល់អ្នកដទៃនឹងគ្រាន់តែបង្កបង្កើតភាពតានតឹងថ្មីៗនិងហានិភ័យថែមតែប៉ុណ្ណោះដូច្នេះ «ក្រុមប្រទេសBricsត្រូវការពង្រឹងការជឿទុកចិត្តផ្នែកនយោបាយទៅវិញទៅមកនិងកិច្ចសហប្រតិបត្តិការសន្តិសុខ រក្សាការទាក់ទងជិតដិតហើយសម្របសម្រួលគ្នាលើបញ្ហាអន្តរជាតិនិងតំបន់ធំៗ សម្របសម្រួលផលប្រយោជនស្នូលផងគ្នានិងការព្រួយបារម្ភធំៗរបស់គេ ព្រមទាំងគោរពអធិបតេយ្យភាព សន្តិសុខនិងផលប្រយោជន៍អភិវឌ្ឍផងគ្នា»។
លោកស៊ីបានបន្ថែមថា ពួកគេក៏ត្រូវប្រឆាំងអនុត្តរភាពនិយមនិងនយោបាយមហាអំណាច ច្រានចោលគំនិតសង្គ្រាមត្រជាក់និងការប្រឈមគ្នាដោយប្លុក ហើយធ្វើការរួមគ្នាដើម្បីស្ថាបនាសហគមន៍សន្តិសុខសកលមួយសំរាប់ទាំងអស់គ្នា៕
ស៊ី អំពាវនាវអោយក្រុមប្រទេស BRICSស្ថាបនាសហគមន៍សកលមួយសំរាប់សន្តិសុខទាំងអស់គ្នា ហើយប្រឆាំងការស្វះស្វែងរកសន្តិសុខផ្ទាល់របស់នរណាម្នាក់ដោយមិនគិតអំពីផលប៉ះពាល់អ្នកដទៃ