ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ ដោយសារ​ភ្លៀង​បាន​ធ្លាក់​យ៉ាងខ្លាំង និង​មិន​ដាច់​គ្រាប់ កាលពី​យប់ ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២២ បង្ក​អោយ​ស្ថានភាព​កម្ពស់​ទឹកភ្លៀង ហក់​ឡើង​រហូតដល់ ១០២ ម​ម នៅ​ប្រឡាយ​បឹង​សាឡាង ផ្លូវ​២៣០ និង​ផ្លូវ​២៤៥ រហូត​ធ្វើអោយមាន​ការលិចលង់ ស្របពេល​នោះដែរ ស្ថានភាព​កម្ពស់​ទឹក នៅ​ប្រឡាយ​ស្ទឹងមានជ័យ ក៏មាន​ការកើនឡើង កម្រិត​ទឹក​ខ្ពស់ ។ ពេល​កំពុង ភ្លៀង អាជ្ញាធរ​បាន​បើកទ្វារ​ទឹក ក្នុង​កម្រិត​តូច​សិន ដើម្បី​ការពារ​លំហូរ កុំឱ្យ​លិចលង់ នៅ​តំបន់​បឹងទំពន់ និង​អាច​បង្ក​ឱ្យ​ខូចខាត ដល់​ស្ថានីយ៍​បូម ទឹក​បឹងទំពន់​។​

​នា​យប់​នោះដែរ លោក ជា ពិសី អភិបាលខណ្ឌ​ទួលគោក បាន​ដឹកនាំ​មន្ត្រី និង​កម្លាំង​សណ្ដាប់ ធ្នាប់ ចុះ​ពិនិត្យ​ស្ថានភាព​នេះ យ៉ាង​យកចិត្តទុកដាក់​បំផុត ដោយ​ពិនិត្យឃើញថា ទឹកភ្លៀង បាន​ថមថយ​ការធ្លាក់ ហើយ​កម្ពស់​ទឹក នៅ​ប្រឡាយ​ស្ទឹងមានជ័យ មានការ​ស្រក​ចុះ អាជ្ញាធរ​បាន​បើកទ្វារ​ទឹក​នេះ​វិញ ធ្វើឱ្យ​ស្ថានភាព​ទឹក​ជន់ នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌទួលគោក ដែល​រង​ការលិចលង់ បាន​ស្រក​ចុះ​ជា​បណ្ដើរៗ​ហើយ​៕/V​-PC