ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ រដ្ឋបាលក្រុងប៉ោយប៉ែត បានបើកការដ្ឋាន សាងសង់ សួនដាក់ឈ្មោះថា ” ប៉ោយប៉ែតតេជោ ឈ្នះ ឈ្នះ ” នៅចន្លោះផ្លូវ ជាតិលេខ៥ និងផ្លូវដែកប្រវែង ២៥០ ម៉ែត្រ ។
ពិធីនេះ បានធ្វើឡើង ក្រោមអធិបតីភាព លោក ប៉ាន់ខែម ប៊ុនថន នាយករង ខុទ្ទកាល័យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងមានការអញ្ជើញ ចូលរួមពីមន្ត្រីរាជការ កងកម្លាំង អាជីវករ ប្រជាពលរដ្ឋ ជាច្រើននាក់ ។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឱ្យដឹងកាលពីថ្ងៃទី១៩ ខែឧសភាថាៈ រដ្ឋបាលក្រុង និងមន្ត្រីថ្នាក់ដឹកនាំ មន្ត្រីពាក់ព័ន្ធ បាននឹងកំពុងធ្វើហើយ នូវគម្រោងស្ថាបនា ” សួនប៉ោយប៉ែត តេជោឈ្នះឈ្នះ ” ស្ថិតនៅចន្លោះបណ្តោយផ្លូវជាតិលេខ៥ និងផ្លូវដែក ភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល នៃទីប្រជុំជន ក្រុងប៉ោយប៉ែត ។
លោកបានបន្តថាៈ អាចស្ថាបនាសួននេះបាន គឺបន្ទាប់ពីមានការសម្របសម្រួល រវាងអាជ្ញាធរ និងប្រជាពលរដ្ឋ ដែលបានតាំងលំនៅ សង់សំណង់មិនរៀបរយ នៅលើចំណីផ្លូវសាធារណៈ ទាំង២ប្រភេទខាងលើ។ ពលរដ្ឋ យល់ព្រមរុះរើចេញពីទីតាំងនេះ ដើម្បីឱ្យអាជ្ញាធរ ធ្វើការ អភិវឌ្ឍន៍តំបន់នេះ ទៅជាប្រយោជន៍សាធារណៈ ហើយពួកគេ ក៏ទទួលបានការសណ្ដោស ប្រណី ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់នូវដីលំនៅឋានស្របច្បាប់ ក្នុង១គ្រួសារ ១ឡូតិ៍ក្បាលដី គ្រាន់តែនៅឆ្ងាយ គឺនៅភូមិបឹងជង្រុកតេជោឈ្នះ ឈ្នះ តាមរយៈ លោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យ សម្តេចតេជោ និងជាប្រធានក្រុមការងារ សម្របសម្រួល ដោះស្រាយទំនាស់ដីធ្លី នៅទីនោះ ៕/V-PC